កម្ពុជា និង​លី​ទុយ​អា​នី ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សក្តានុពល​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​លី​ទុយ​អា​នី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​របស់​កម្ពុជា និង​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នេះ គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការលើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កម្ពុជា និង​លី​ទុយ​អា​នី មាន​សក្តានុពល​សំខាន់ៗ​ជាច្រើន នៅក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​ប្រទេស​ទាំង​ពីរ​អាច​ពង្រីក និង ពង្រឹង​បន្ថែមទៀត​។

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។ សម្តេច​ធិបតី​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ ជា​ចលករ​ក្នុង​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី ក៏​ដូចជា​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ទូលំទូលាយ បន្ថែមទៀត សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​ពីរ​។​

​សម្តេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស ក៏​បាន​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ​, វិស័យ​កសិកម្ម​, ឧស្សាហកម្ម​កែច្នៃ​, វិស័យ​ទេសចរណ៍​, ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​, ការអប់រំ និង​បណ្តុះបណ្តាល​, ក៏ដូចជា ការជំរុញ​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ​, សម្តេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ពី​កាលានុវត្តភាព និង​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​នេះ​ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត​។ ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​នេះ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស បាន​គូសបញ្ជាក់​អំពី​បទពិសោធ​ន៍ និង​ភាព​ខ្លាំង​របស់​លី​ទុយ​អា​នី ដែល​បាន​អភិវឌ្ឍ​វិស័យ​ថាមពល​របស់ខ្លួន ប្រកប​ដោយ​ភាព​ឯករាជ្យ និង​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃ​។ ចំពោះ​កម្ពុជា​, សម្តេច​ធិបតី​បាន​គូស​រំលេច​ពី​អាទិភាព និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ វិស័យ​ថាមពល ដែល​មកដល់​បច្ចុប្បន្ន កម្ពុជា​សម្រេចបាន​នូវ​ការប្រើប្រាស់​ថាមពល​ស្អាត​រហូតដល់ ៦២% និង​មាន​គោលដៅ​បង្កើន ឱ្យដល់ ៧០% នៅ​ឆ្នាំ​២០៣០​។ សម្តេច​ធិបតី​បាន​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​, យន្តការ​គាំទ្រ និង​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ថាមពល​ឱ្យមាន​សន្ទុះ​ខ្លាំងក្លា និង​ប្រកបដោយ​ចីរភាព​។ ក្នុងន័យនេះ សម្តេច​ធិបតី​បាន​គូស​រំលេច​ថា កម្ពុជា និង​លី​ទុយ​អា​នី មាន​កាលានុវត្តភាព​ខ្ពស់​ក្នុង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យ​ថាមពល​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​សកលលោក ដោយ​បាន​បង្ហាញ​នូវ​ការ​យល់ស្រប​គ្នា​ចំពោះ​សារៈសំខាន់​នៃ​ការគោរព​ច្បាប់​អន្តរជាតិ​, ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​, ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​មិន​ប្រេី​ប្រា​ស់កម្លាំង​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​, សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់​អំពី​ការប្តេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការគាំទ្រ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​, ធម្មនុញ្ញ​អាស៊ាន និង​ការដោះស្រាយ​ជម្លោះ ដោយ​សន្តិវិធី និង​អនុលោម​តាម​ច្បាប់​អន្តរជាតិ ដែល​ជំហរ​នេះ​ក៏​ស្របទៅនឹង​ជំហរ​របស់​សាធារណរដ្ឋ​លី​ទុយ​អា​នី ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *