កម្ពុជា​-​ចិន ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៦ នៅ​វិមាន​សន្តិភាព​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល​រដ្ឋមន្ត្រី​ទាំង​ពីរ​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​១ នៃ​យន្តការ​កិច្ចសន្ទនា​យុទ្ធសាស្ត្រ “២+២” រវាង​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ចិន ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នៃ​ជំនួប​ពិភាក្សា​ការងារ​, ឯកឧត្តម វ៉ាង យី (Wang Yi) និង ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន (Dong Jun) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​របស់​កម្ពុជា ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ស៊ី ជីន​ពីង (Xi Jinping) ប្រធានាធិបតី និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ចំពោះ សម្ដេច​ធិបតី​។​

​ឯកឧត្តម វ៉ាង យី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ថាមវន្ត​របស់​កម្ពុជា​។ ឯកឧត្តម​ក៏បាន​អបអរសាទរ​សម្ដេច​ធិបតី ដែល​បាន​ដឹកនាំ​ប្រទេស​ឱ្យ​សម្រេចបាន​នូវ​សន្ទុះ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ និង​យូរអង្វែង ដែល​បាន​ឈាន​ដល់​កម្រិត​នៃ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​។ ឯកឧត្តម វ៉ាង យី បាន​គូសបញ្ជាក់ថា ការអញ្ជើញ​ចូលរួម​របស់​ឯកឧត្តម និង ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន ក្នុង​យន្តការ​កិច្ចសន្ទនា​យុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជា​ការអនុវត្ត​តាម​ស្មារតី​កុងសង់ស៊ីស​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ការអភិវឌ្ឍ ការលើកកម្ពស់​ជីវភាព​ប្រជាជន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ ​ឯកឧត្តម វ៉ាង យី ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឱកាស​នេះ​។ សម្ដេច​ធិបតី​ក៏​បាន​ផ្ដាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង និង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង​។ សម្ដេច​ធិបតី​បាន​អបអរសាទរ​សមិទ្ធផល​ដ៏​អស្ចារ្យ​ដែល​ប្រទេស​ចិន​សម្រេចបាន ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការថែទាំ ព្យាបាល​ព្រះរោគ និង​ផ្តល់​បដិសណ្ឋារកិច្ច​កក់ក្តៅ ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប ព្រមទាំង​បាននិងកំពុង​ខិតខំ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​។ សម្ដេច​ធិបតី​បាន​គូស​រំលេច​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ លើ​គ្រប់​វិស័យ ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។ សម្តេច​ធិបតី​ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្រកាន់ខ្ជាប់​ឥត​ងាករេ​របស់​កម្ពុជា​នូវ​គោលការណ៍​ចិន​មួយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ដែល​បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

​សម្ដេច​ធិបតី និង​ឯកឧត្តម វ៉ាង យី រួម​ជាមួយ​ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន បាន​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ នយោបាយ​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​, ការពារជាតិ និង​សន្តិសុខ​, ថាមពល​ស្អាត​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, និង​កសិកម្ម ជាដើម​។​  សម្ដេច​ធិបតី ឯកឧត្តម វ៉ាង យី និង ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន ក៏​បាន​បន្ត​ផ្លាស់ប្ដូរ​យោបល់​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​ជិតស្និទ្ធ ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​។

​សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​ឯកឧត្តម វ៉ាង យី ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជុន​  និង​គណៈប្រតិភូ អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ជំហរ​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង​ទ្វេភាគី​ដែលមាន ស្រាប់​រវាង​កម្ពុជា​-​ថៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *