សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កំពង់ចាម​

ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​កំពង់ចាម សរុប​ចំនួន​១,១៩៣​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​សាលា​ខេត្តកំពង់ចាម​។

​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ អ្វី​ដែល​ជា​គោលដៅ​នៃ​ការចុះ​ជួប​សំណេះសំណាល​នេះ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព​។ ការចុះ​ជួប​សំណេះសំណាល​របស់​សម្ដេច​តេជោ​នៅពេលនេះ ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំឭក និង​ជំរុញ​ដល់​មន្ត្រី​នៅ​មូលដ្ឋាន ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទន្ទឹម​នឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ និង​ការដោះស្រាយ​បញ្ហា​នានា ដែល​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។​

​នា​ឱកាស​នោះ សម្តេច​តេជោ​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្ត​កំពង់ចាម​នេះ​សាជាថ្មី​។ សម្តេច​តេជោ​បានកោតស​រសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ នៅ​ខេត្ត​កំពង់ចាម​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​កន្លងមក ជាពិសេស​ការរួម​គ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុងសង្គម ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្កចលាចល​នានា​ក្នុងសង្គម​។​

​សម្តេច​តេជោក៏បាន​ក្រើន​រំ​ឭក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​ដែល​នាំឱ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​តេ​ជោបាន​រំឭក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន ជាពិសេស​បង្ក្រាប​ឱ្យបាន​នូវ​អំពើ​ឆបោក​តាម​អន​ឡា​ញ​(Scam Online)​។​

​សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​គាំទ្រ​ដល់​ការ​ប្រមូលប្រាក់​ចំណូល​ទាំង​ផ្នែក​ពន្ធគយ រួម​ទាំង​ទប់ស្កាត់​ការរកស៊ី​មិន​បង់ពន្ធ ឬ រត់គេច​ពន្ធ​ជាដើម​។ ទន្ទឹមនេះ សម្ដេច​តេ​ជោក៏​ឱ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ គឺ​ត្រូវ​ឈរ​នៅ​កណ្ដាល​ជា​និច្ច​។

​សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​ខិតខំ គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ជាពិសេស​ខណៈ​ដែល​ប្រេងឥន្ធនៈ​ឡើងថ្លៃ ត្រូវ​ចេះ​សន្សំសំចៃ​លើ​ការចំណាយ​ដែល​មិន​ចាំបាច់​នានា​។ សម្តេច​តេជោក៏បាន​ណែនាំ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​អតីតយុទ្ធជន និង​និវត្តន៍​ជន​ដែល​មាន​ក្នុង​មូលដ្ឋាន​តាមរយៈ​ការជួយ​យកអាសារ​គាត់ និង​ការចុះ​ជួប​សំណេះសំណាល​ពួកគាត់​រយៈ​កម្មវិធី​ផ្សេងៗ​ជាដើម​។

​សម្ដេច​តេជោក៏បាន​ជំរុ​ញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការ​បំភ្លេច​បំផ្លាញ និង​រួម​គ្នា​ក្នុង​ការថែរក្សា​ឱ្យបាន​គង់វង្ស​។

​សម្ដេច​តេជោក៏បាន​ក្រើន​រំ​ឭក​ដល់​មន្ត្រី​ទាំងអស់ ចៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា​«​មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​» ម្យ៉ាងវិញទៀត​ចៀសវាង​ប្ដី​ស័ក្តិ​៣ ប្រពន្ធ​ស័ក្តិ​៤ កូន​ស័ក្តិ​៥ ដែល​ធ្វើឱ្យ​មាន​បញ្ហា​ក្នុង​មូលដ្ឋាន​។​

​នា​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​កំពង់ចាម ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *