ការបំពេញ​កាតព្វកិច្ច​យោធា នឹង​ត្រូវ​ធ្វើឡើង​ស្រប​តាម​តម្រូវការ​យោធា​ប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជន​ដែល​ទទួលបាន​ការហ្វឹកហ្វឺន​ក្នុង​ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​វិន័យ សីលធម៌ និង​ការធ្វើការ​ជា​ក្រុម ដែល​ជា​ផល​រួម​ក្នុង​សង្គម​នៃ​ធនធានមនុស្ស​

ភ្នំពេញ ៖ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី ១៤០ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែ​មេសា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ថា​ការបង្កើត​ការងារ គឺ​ផ្អែក​លើ​អភិក្រម គុណភាព និង​បរិមាណ​។ រាជរដ្ឋាភិបាល​ខិតខំ​ជំរុញ និង​លើកកម្ពស់​បរិយាកាស​បរិស្ថាន​ការងារ តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ធានា និង​រៀបចំ​កន្លែង​ធ្វើ​ការប្រកប​ដោយ​ផាសុខភាព និង​គោរព​ច្បាប់​។ ព្រម​ជាមួយគ្នានេះ​, កម្មករ​និយោជិត​ទាំងអស់ អាច​មាន​ឱកាស​ទទួល​បាន​ការបណ្តុះបណ្តាល​បន្ថែម ពិសេស​ជំនាញ​រឹង ដើម្បី​អាច​នឹង​មាន​លទ្ធភាព​ទ​ទួលបាន​ការអភិវឌ្ឍ​ខ្លួន និង​ប្រាក់បៀវត្សរ៍​ខ្ពស់​។​

​ជា​បន្ត​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានលើកឡើង​អំពី​សារៈសំខាន់​នៃ​របប​សន្តិសុខ​សង្គម (​បស​ស​) ដែល​រាជរដ្ឋាភិបាល​បានរៀបចំ និង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា ពិសេស​កម្មករ​-​កម្មការិនី ដែល​ស​បញ្ជាក់​អំពី​ការគិតគូរ​សុខភាព​សាធារណៈ​។ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ការគិតគូរ​លើ​វិស័យ​សុខុមាលភាព​ប្រជាជន គឺ​មិន​ផ្តោត​លើ​ការ​ចំណេញ​អ្វី​នោះទេ តែ​ជា​ការខិតខំ​ក្នុង​ការផ្តល់​នូវ​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​គ្រប់ៗ​គ្នា ពិសេស​កាត់បន្ថយ​ចំណាយ និង​ទទួលបាន​សុខ​ភាព​កាន់តែ​រឹងមាំ តាមរយៈ​ការទទួល​បាន​ការពិនិត្យ​, តាមដាន និង​ព្យាបាល​ទៀងទាត់​។​

​ជាមួយគ្នានេះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការបំពេញ​កាតព្វកិច្ច​យោធា ដែល​នឹង​ត្រូវ​ធ្វើឡើង​ស្រប​តាម​តម្រូវការ​យោធា​ប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជន​ដែល​ទទួលបាន​ការហ្វឹកហ្វឺន​ក្នុងការ ចូល​បំពេញ​កាតព្វកិច្ច​យោធា នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​វិន័យ សីលធម៌ និង​ការធ្វើការ​ជា​ក្រុម ដែល​ជា​ផល​រួម​ក្នុង​សង្គម​នៃ​ធនធានមនុស្ស​។ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូស​រំលេច​ថា ក្រោយ​ពី​ការ​ចូល ហ្វឹកហ្វឺន​រយៈពេល ២៤​ខែ ប្រទេស​យើង​នឹង​ទទួលបាន​ធនធាន​មនុស្ស​ល្អ ដែល​ជា​ធនធាន​ប្រកបដោយ​វិន័យ​, សីលធម៌ និង​ភាព​ជា​អ្នកដឹកនាំ តាមរយៈ​ការ​ធ្វើការ​ជា​ក្រុម​។ ការចូល​ហ្វឹកហ្វឺន ក៏​នឹង​ត្រូវ​ទទួល​បាន​ការធានា​នៅ​កន្លែងធ្វើការ ជាពិសេស​លើ​តួនាទី​ការងារ​ដែល​យុវជន​កំពុង​មាន​, មួយវិញទៀត យុវជន​ដែល​ចូល​ហ្វឹកហ្វឺន​នឹង​ទទួលបាន​ដូចៗ​គ្នា ពោល​គឺ ការបណ្តុះបណ្តាល​, សេវា​សុខាភិបាល​, ការ​ស្នាក់​នៅ​ហូប​ចុក​, របប​ឯកសណ្ឋាន និង​គ្រឿង​បំពាក់ និង​ទទួលបាន ប្រាក់ឧបត្ថម្ភ ប៉ុន្តែ​មិន​ទទួលបាន​ប្រាក់​បៀវត្សរ៍​ទេ​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត និង​កងកម្លាំង​ពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង និង​មិន​ត្រូវ​បន្ធូរដៃ​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង ដែល​កំពុង​មាន​សកម្ម​ភាព ឱ្យបាន​ល្អ ដើម្បី​ធានា​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​មូលដ្ឋាន​។ ព្រម​ជាមួយគ្នានេះ​ដែរ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង ឯកឧត្តម វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការពិនិត្យ​រៀបចំ​ច្បាប់ ក្នុង​ការ​មាន​ចំណាត់ការ ចំពោះ​ក្មេង​ទំនើ​ង ដើម្បី​ផ្សារភ្ជាប់​ជាមួយ​ជួរមុខ ដូចជា​ការចុះ​ទៅ​ធ្វើការ​បំពេញ​ការងារ​ជួយ​ចាក់​បេតុង លេណដ្ឋាន ជួសជុល និង​សេវា​តម្រូវការ​ផ្សេងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *