សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Flavio Bonetti តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Flavio Bonetti តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា​ជាតិ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការ​អរគុណ​ចំពោះ​អង្គការ​
​យូណេស្កូ ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កម្ពុជា​នៅ​ពេល​កន្លងមក​។ សម្ដេច​សង្ឃឹម​ថា​ក្នុង​បេសកកម្ម​របស់​ឯកឧត្តម​តំណាង​អង្គការ​យូណេស្កូ​នៅ​ពេល​នេះ នឹង​ញ៉ាំង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អង្គការ​យូណេស្កូ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​ឯកឧត្តម Flavio Bonetti បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម​និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។​ឯកឧត្តម​បាន​លើកឡើង​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង UNESCO ឯកឧត្តម​លើកឡើងថា​ជា​ទំនាក់ទំនង​ដ៏​រឹងមាំ​និង​ជ្រាលជ្រៅ​។​ឯកឧត្តម​បាន​បញ្ជាក់ថា​អង្គការ UNESCO
​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​លើកឡើង​របស់​ឯកឧត្តម ឯកឧត្តម Flavio Bonetti
​ហើយក៏​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​ទាក់ទង​ទៅ​នឹង​កត្តា​សំខាន់ៗ​មួយចំនួន​ដែល UNESCO បាន​យកចិត្ត​ទៅ​ដាក់​ក្នុង​ការជួយ​កន្លងមក​។​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​លើកឡើង​ឱ្យ​បន្ត​នូវ​ការគាំទ្រ​និង​យកចិត្តទុកដាក់​បន្ថែម​ទៀត នៅក្នុង​នោះ​សម្ដេច​លើកឡើង​អំពី​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា ដើម្បី​ឱ្យ​កម្ពុជា​ខ្លាំង ត្រូវតែ​មាន​មូលធន​មនុស្ស គឺ​ធនធាន​មនុស្ស​ខ្លាំង​ហើយ​មូលធន​មនុស្ស​នោះ​ឯង​ដែល​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​ក្នុង​ការធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ធន់​។
​សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ការវិវត្ត​នៃ​វិស័យ​អប់រំ​កម្ពុជា​ចាប់តាំងពី​ចំណុចសូន្យ រហូតមកដល់​ពេលនេះ​ដែល​យើង​បាន​រីកចម្រើន​ក្នុង​ស្ថានភាព​មួយ​ល្អ​ជា​បន្តបន្ទាប់​ក្នុង​នោះ​សម្ដេច​ក៏​បាន​លើកឡើង​អំពី​ការចូលរួម​របស់ UNESCO ក្នុង​ការអភិរក្ស និង​បន្ត​ជួយ​គាំទ្រ​បន្ថែមទៀត​ក្នុង​ការការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​ហើយ និង​បន្ត​ដាក់បញ្ចូល​នូវ​សម្បត្តិ​បេតិកភណ្ឌ​ទាំងនោះ​ចូល​ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​បន្តបន្ទាប់​។

​ឯកឧត្តម​តំណាង​អង្គការ​យូណេស្កូ​ក៏​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្ដេច​តេជោ ជាពិសេស​គឺ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ​។ បាន​លើកឡើង​ថា UNESCO គាំទ្រ​ពេញទំហឹង​ក្នុង​ការសហការ​ជាមួយនឹង​ស្ថាប័ន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​អប់រំ​ក្នុង​ការពង្រឹង​បន្ថែម​ទៀត​នៅក្នុង​វិស័យ​អប់រំ​កម្ពុជា​។
​បន្ថែម​ពីលើ​នេះ​ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​ការ​បន្ត​ការគាំទ្រ​ចំពោះ​ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​ទាំង​រូបី​និង​អរូបី ហើយ​និង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការដាក់​បញ្ចូល​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដទៃ​ទៀត​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

​នា​ឱកាស​នោះ​ផងដែរ សម្ដេច​តេជោ និង​ឯកឧត្តម​តំណាង​អង្គការ​យូណេស្កូ​សុទ្ធតែ​បាន​លើកឡើង​អំពី​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​សង្គ្រាម​កន្លងទៅ ជាពិសេស​ថ្មីៗ​នេះ តាមរយៈ សង្គ្រាម​កម្ពុជា និង​ថៃ​ហើយ​សម្ដេច​បាន​ប្រាប់​ទៅ​ឯកឧត្តម​តំណាង​យូណេស្កូ ថា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​ត្រូវ​បាន​រងគ្រោះ
​ជាពិសេស​គឺ​ប្រាសាទព្រះវិហារ​។

​ឯកឧត្តម​តំណាង​អង្គការ UNESCO ក៏​បាន​សម្ដែង​ការសោកស្ដាយ​និង​ក្រៀមក្រំ នៅពេល​ដែល​បាន​ឃើញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​ត្រូវបាន​បំផ្លាញ​ជាពិសេស​គឺ​ប្រាសាទព្រះវិហារ​តែម្ដង ដោយ​ឯកឧត្តម​បញ្ជាក់ថា នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ក្នុង​ការជួសជុល​និង​ស្ដារ​នូវ​ការខូចខាត​នៅ​សម្បត្តិ​បេតិកភណ្ឌ​ទាំងអស់នោះ​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​ឯកឧត្តម​តំណាង​អង្គការ​យូណេស្កូ បាន​បំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាពជោគជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *