កម្ពុជា​-​ហូ​ឡង់ ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត​

​នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ហូឡង់​ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរាជទូត​បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី ដែល​កំពុង​មាន​ការវិវត្ត​ជា​វិជ្ជមាន​ជា​បន្តបន្ទាប់ ជាពិសេស​ការរីកចម្រើន​លើ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​គូស​រំលេច​ពី​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​បាន​កើនឡើង រហូតដល់​ជាង ១ ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៥​។ ជាមួយគ្នានេះ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ហូ​ឡង់ ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ឯកឧត្តម​ឯកអគ្គរាជទូត ដែល​បាន​បញ្ចប់​បេសកកម្ម​ការទូត​ដោយ​ជោគជ័យ​នៅ​កម្ពុជា​។ ព្រម​ជាមួយគ្នានេះ សម្ដេច​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ឯកឧត្តម ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​, និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ​នាពេល​បច្ចុប្បន្ន​នឹង​ជួយ​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត ស្របពេល​ដែល​ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ក្នុង​វិស័យ​ជាច្រើន​ទៀត ដែល​អាច​ពង្រីក​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គ្នា​បន្ថែមទៀត​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​បន្ត​ពិភាក្សាគ្នា​អំពី​ការជំរុញ​ការពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, ធុរកិច្ច និង​ការវិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត ដោយ​បាន​ឯកភាព​ជំរុញ​ការតភ្ជាប់​រវាង​វិស័យ​ឯកជន និង​ឯកជន (B2B) តាមរយៈ​ការរៀបចំ​ទស្សនកិច្ច​ធុរកិច្ច និង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​ស្វែងរក​កាលានុវត្តភាព​នៃ​ការវិនិយោគ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​។ សម្ដេច​ធិបតី​ក៏បាន​លើកឡើង​អំពី​គោលនយោបាយ និង​យន្តការ​ចាំបាច់​នានា របស់​រាជរដ្ឋាភិបាល​ក្នុង​បង្កើត​បរិយាកាស​អំណោយ​ផល ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ថ្មីៗ​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត និង​ការដាក់ចេញ​នូវ​វិធានការ​ជាក់ស្ដែង​ដើម្បី​ធានា​នូវ​ភាព​ប្រកួតប្រជែង​, ភាព​អាច​ប៉ាន់​ប្រមាណ​បាន​, និង​ធានា​ដល់​ភាពជោគជ័យ​របស់​វិនិយោគិន​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ផងដែរ​។ សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់ថា ភាពជោគជ័យ​របស់​វិនិយោគិន​ដែល​មាន​ស្រាប់ មិន​ត្រឹមតែ​ជា​កាតាលីករ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​បន្ថែម​ទៀត​មក​កម្ពុជា​ផងដែរ​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​អំពី​កិច្ចសហប្រតិបត្តិការ​តំបន់ ដោយ​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អន្តរជាតិ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ឯកអគ្គរាជទូត​ក៏​បាន​គូសបញ្ជាក់​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិកា​ររ​វាង​ហូ​ឡង់ និង​កម្ពុជា លើ​ការបណ្ដុះបណ្ដាល​អ្នកការ​ទូត ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរាជទូត អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការប្រកាន់យក​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ឯកអគ្គរាជទូត បាន​អរគុណ​កម្ពុជា ដែល​តែងតែ​គាំទ្រ​ដល់​ការគោរព​ច្បាប់​អន្តរជាតិ ព្រមទាំង​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​នា​ពេលកន្លងមក​។ ឯកឧត្តម​បាន​បន្ថែមថា ហូ​ឡង់ ក៏ដូចជា​សហភាព​អឺរ៉ុប​គាំទ្រ​ដល់​ការគោរព​ច្បាប់​អន្តរជាតិ និង​ការរក្សា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​តាម​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *