សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះអាសន្ន ខេត្ត​បន្ទាយមានជ័យ

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៦ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះអាសន្ន ខេត្ត​បន្ទាយមានជ័យ​។

​ការអញ្ជើញ​ដល់​របស់​សម្ដេច​តេជោ ត្រូវបាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​នេះ​បង្ហាញ​ពី​ការគោរព​ស្រលាញ់​ចំពោះ​សម្ដេច​តាំងពីដើម​មក ដែល​ពួកគាត់​តែងតែ​ចាត់ទុក​សម្ដេច​តេជោជា​តួអង្គដ៏​សំខាន់​របស់​កម្ពុជា ជាពិសេស​ការដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​គ្រប់​ពេលវេលា​។ មុន​សម្ដេច​តេជោ​អញ្ជើញ​មក​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​នោះ សម្ដេច​ក៏​បាន​ចំណាយ​ពេលវេលា​ក្នុងការ​ចុះសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ របស់​ប្រជាពលរដ្ឋ​ភៀ​សសឹក ជា​ផ្ទះ​បណ្ដោះអាសន្ន​សម្រាប់​ពួក​គាត់​រស់នៅ​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​នៅ​ទីនេះ​។

​តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា អំឡុង​ពេល​ដែល​ភាគី​ថៃ​ឈ្លានពាន​រយៈពេល​២១​ថ្ងៃ​កន្លងមក​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ទាំង​វីរ​កងកម្លាំងប្រដាប់អាវុធ​គឺ​បាន​ទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន , សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជា​បន្តបន្ទាប់​។ ជាមួយគ្នា​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី
​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ចំពោះ​កិច្ច​ធ្វើ​ការរៀបចំ​ដី​ដើម្បី​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក រស់នៅ​ឱ្យ​បាន​ប្រសើរ​នៅ​ក្នុង​មណ្ឌល​សមាគម​អតីតយុទ្ធជន​ភូមិ ឃុំ​
​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​នេះ​។ មកទល់ពេលនេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​បណ្តោះអាសន្ន មាន​ចំនួន​៣៣១៨​គ្រួសារ​ស្មើនឹង​ចំនួន​១១២១៧​នាក់ ដោយ​ដី​ទទួលបាន​មាន​ទំហំ​២០​ម៉ែត្រ​x៣០​ម៉ែត្រ ក្នុង​១​គ្រួសារ និង​ទំហំ​ផ្ទះ ៥​ម៉ែត្រ​×៧​ម៉ែត្រ និង​មាន​ដី​សម្រាប់​បង្កបង្កើន​ផល​ទៀតផង​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ពាំនាំ​នូវ​ព្រះរាជ​បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ​ពី​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ ព្រះមហាក្សត្រី​នរោត្តម មុនិនាថ សីហនុ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់​នៅ​ទីនេះ​។ សម្ដេច​បាន​មានប្រសាសន៍ថា ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ជានិច្ច​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក និង​បងប្អូន​វីរ​កងទ័ព​យើង​គ្រប់ពេលវេលា​។​

​សម្តេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​រៀបចំ​ចាត់ចែង​ការងារ​នៅទីនេះ​។ សម្តេច​ពិតជា​មាន​ការភ្ញាក់ផ្អើល​ដែល​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​បាន​ចាត់ចែង​ការងារ​នេះ​យ៉ាង​រហ័ស បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល​មិន​ព្រងើយកណ្តើយ​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​ទេ គឺ​បាន​យកចិត្តទុកដាក់ និង​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​។​

​ពី​ជំរំ​ភៀស​សឹក​បណ្ដោះអាសន្ន​នៃ​ខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រសិទ្ធ​នាម​ឈ្មោះ​ឱ្យ​មណ្ឌល​បណ្តោះអាសន្ន​ស្លក្រាម នៅ​ស្រុក​ស្វាយចេក​នេះ ថា «​ភូមិ​រង់ចាំ​»​។​
​សម្តេច​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​សាងសង់​ភូមិ​នេះ​ហើយ​ប៉ុន្តែ​យើង​មិន​បោះបង់​ការទាមទារ​ដី​មក​វិញ​នោះទេ គឺ​យើង​ត្រូវ​តែ​ទាមទារ​ត្រឡប់មកវិញ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ដោយសារ​ការជឿ​ទុកចិត្ត​គេ​ពេក ទើប​សម្ដេច កាលនោះ ជា​នាយករដ្ឋមន្ត្រី មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ការធ្វើ​សង្គ្រាម​ណាមួយ​ទេ មិន​ប្រើប្រាស់​លុយ​ទៅ​ទិញ​គ្រឿង​សព្វាវុធ ដោយ​ចង់​បង្វែរ​លុយ​ទៅកាន់​វិស័យ​សង្គមកិច្ច សុខាភិបាល និង​អប់រំ តែ​ដល់​ពេល​មាន​បញ្ហា​នោះ បែរ​ជា​យុទ្ធភណ្ឌ​របស់​យើង​វា​មិន​គ្រប់គ្រាន់ និយាយឱ្យចំ​ថា​មិន​នឹកស្មានថា​មាន​សង្គ្រាម​ឈ្លានពាន​មួយ​ដែល​រាលដាល​នៅ​ទូ​ទាំង​ព្រំដែន​នោះទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ទឹកដី​ដែល​ទាហាន​ថៃ​កំពុង​ឈ្លានពាន និង​កាន់កាប់​ដោយ​ខុសច្បាប់​នោះ គឺ​ត្រូវតែ​ទាមទារ​យក​មក​វិញ ប៉ុន្តែ​ការទាមទារ​នេះ លើក​ជា​ជម្រើស​ពីរ​ជូន​ពលរដ្ឋ គឺ​ទី​១ គឺ​ប្រើប្រាស់​កម្លាំង​យោធា និង​ទី​២ គឺ​ចរចា​ដោយ​សន្តិវិធី ដោយ​នៅ​ចំនុច​នេះ សម្ដេច​តេជោ បានបញ្ជាក់​ច្បាស់ៗ​ថា​ជម្រើស​ទី​១ មិនមែនជា​ជម្រើស​របស់​កម្ពុជា​ឡើយ គឺ​កម្ពុជា​ជ្រើសរើស​យក​ជម្រើស​ទី​២ គឺ​ការដោះស្រាយ​ដោយ​សន្តិវិធី និង​ច្បាប់​អន្តរជាតិ​។​

​សម្តេច​បន្ត​ទៀត​ថា កម្ពុជា​ពុំ​មែន​មានន័យ​ថា គ្មាន​សមត្ថភាព​វាយ​ដណ្តើម យក​ដី​មក​វិញ​នោះទេ ប៉ុន្តែ​បើ​យើង​វាយ​មុន ដើម្បី​ដណ្តើម​យក​មក​វិញ​នោះ គឺ​គេ​នឹង​ចោទ​កម្ពុជា​បំពាន​នឹង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដូច្នេះ​កម្ពុជា​ត្រូវតែ​អត់ធ្មត់ ដើម្បី​ចរចា​ដោយ​សន្តិវិធី​។ ប្រសិនបើ​យើង​ជ្រើស​យក​ផ្លូវ​យោធា​វាយយក​ទឹកដី​ខ្មែរ ដែល​ថៃ​បាន​ឈ្លានពាន​យក​ទៅ​កាន់កាប់​នោះ វា​នឹង​រុញច្រាន​ការប្រយុទ្ធ​ឱ្យ​ទៅ​កាន់តែ​ឆ្ងាយ​។ វាយ​យក​មក​បាន​ហើយ ក៏​មិន​អាចឈរជើង​បាន​ដែរ គឺ​វា​នឹង​ត្រូវ​វាយ​ទៅ​វាយ​មក ដូច​ហ្គា​ហ្សា និង​អ៊ីស្រាអែល និង​ប្រទេស​ខ្លះទៀត ដែល​នឹង​ក្លាយ​ជា​ជម្លោះ​ត​ពូជ ពង្ស ជំនាន់ ជាក់​ជាមិនខាន​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ដល់​អាជ្ញាធរ​ប្រចាំការ​នៅ​តាម​ទល់ដែន​ត្រូវ​ចាត់វិធានការ​លើ​អ្នក​នាំ​ទំនិញ​ចូល​មក​ដោយ​ខុសច្បាប់ ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ និង​ឱ្យ​ទៅ​រែក​ដី​ធ្វើ​លេណដ្ឋាន​។ ជាមួយគ្នា​នោះ សម្តេច​ក៏​បាន​អំពាវនាវ​ឱ្យ​ជំរុញ​បង្កើន​ផលិត​ក្នុងស្រុក ក្នុង​វេលា​នៃ​ការបិទ​ព្រំដែន​ជាមួយ​ថៃ ដែលជា​ឱកាស​មាស​ប្រាក់​សម្រាប់​ពង្រឹង​សេដ្ឋកិច្ច​របស់​ជាតិ​យើង​៕

Leave a Reply

Your email address will not be published. Required fields are marked *