ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទំនើបកម្ម​ព្រំដែន និង​សន្តិសុខ​ជាតិ​

​ប្រព័ន្ធ​គ្រប់គ្រង​ព្រំដែន​កម្ពុជា ជំនាន់​ទី​២ (CBMS-2) និង​មុខងារ​ឌីជីថល បាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានចាត់ទុក​ប្រព័ន្ធ​ថ្មី​នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្រប​តាម​គោលការណ៍​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ឆ្នាំ​២០២៤​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ នឹង​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការគ្រប់គ្រង​ច្រកទ្វារ​អន្តរជាតិ និង​ការចេញ​-​ចូល​ប្រទេស ជាពិសេស​គឺ​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​។

​ការឈាន​ទៅ​ដល់​ការប្រើប្រាស់​ប្រព័ន្ធ​ជំនាន់​ទី​២ នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល និង​ពង្រឹង​សន្តិសុខ​ជាតិ តាមរយៈ​បរិវត្ត​កម្ម​ឌីជីថល ស្របតាម «​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១» នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​។

​បច្ចេកវិទ្យា​ឌីជីថល ជា​អាទិភាព​គន្លឹះ​មួយ ក្នុងចំណោម​អាទិភាព​ទាំង​៥ (​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​) ដើម្បី​ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ចូលរួម​លើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច ក្នុង​គោលដៅ​សម្រេចបាន​នូវ «​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០»​។​

​ដើម្បី​ធានា​ឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ CBMS-2 ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​ឱ្យ​បន្ត​បណ្តុះបណ្តាល​ផ្នែក​ភាសាបរទេស និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ធានា​ការប្រើប្រាស់​ប្រព័ន្ធ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវការពារ​សុវត្ថិភាព​ប្រព័ន្ធ​ឱ្យបាន​ម៉ត់ចត់ ដើម្បី​បង្កា​រការ​ជ្រៀត​ចូល ឬ​ការ​យក​ព័ត៌មាន​ទៅ​ប្រើប្រាស់​ដោយ​ខុសច្បាប់​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ឱ្យ​បន្ត​ត​ភ្ជាប់​ប្រព័ន្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ដើម្បី​បង្កើន​ល្បឿន និង​ភាពងាយស្រួល​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ដល់​អ្នកដំណើរ ផ្សារភ្ជាប់​គ្នា​រវាង​ការពង្រឹង​សន្តិសុខ និង​ការផ្តល់​សេវា​ប្រកប​ដោយ​ភាព​រួសរាយ​រាក់ទាក់ វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។

​ការបន្ត​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា ក៏ដូចជា​បញ្ហា​ប្រឈម​ថ្មីៗ​ក្នុង​តំបន់ និង​ពិភពលោក និង​ការសហការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​អន្តរជាតិ ប្រទេស​ជា​មិត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ បច្ចេកវិទ្យា និង​ព័ត៌មាន សំដៅ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ធានា​សន្តិសុខ សុវត្ថិភាព​ព្រំដែន​ជាតិ ក៏​ជា​ចំណុច​ដែល​ប្រមុខ​ក្រសួងមហាផ្ទៃ ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *