ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ​ថ្មី ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តួ​ក​គី​យ៉េ​-​កម្ពុជា ឱ្យ​កាន់តែ​ស៊ីជម្រៅ​

​នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ​បាន​សម្ដែង​នូវ​មោទនភាព ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ​ប្រចាំ​កម្ពុជា​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ នា​ពេលកន្លងមក ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​បាន​ផ្ដល់​នូវ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​តួ​ក​គី​យ៉េ និង កម្ពុជា​។ ក្នុងន័យនេះ​, ឯកឧត្តម​បាន​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ជំរុញ​, ពង្រឹង និង​ពង្រីក ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន​, ស៊ីជម្រៅ និង ទូលំទូលាយ បន្ថែមទៀត​លើ​វិស័យ​ជាច្រើន ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ឯកឧត្តម ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ​ថ្មី​ប្រចាំ​កម្ពុជា និង បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​ភាពជា​ដៃគូរ​កម្ពុជា​-​តួ​ក​គី​យ៉េ​។ សម្ដេច​ធិបតី​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​អាណត្តិ​ការទូត​របស់​ឯកឧត្តម​, ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​រឹងមាំ​, ស៊ីជម្រៅ និង រីកចម្រើន​បន្ថែម​ទៀត​។

​សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​តួ​ក​គី​យ៉េ ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការបន្ត​ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​លើ​វិស័យ​សំខាន់ រួមមាន​៖ សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម​, សន្តិសុខ និង​ការពារ​ជាតិ​, អប់រំ​, ទេសចរណ៍ និង​បរិស្ថាន ជាដើម​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ និង ស៊ីជម្រៅ​បន្ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *