សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​សម្រេច​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក​សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត​

នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ អ្នកឧកញ៉ា វិញ ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ប្រតិភូ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, អ្នកឧកញ៉ា​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​ការងារ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា ដោយ​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគម បាន និង​កំពុង​បោះទុន​វិនិយោគ​សរុប​ប្រមាណ ១,២ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​សរុប​បាន​ប្រមាណ ១២ លាន​តោន​ក្នុង​មួយ​ឆ្នាំ និង​បាន​បង្កើត​ការងារ​សម្រាប់​បុគ្គលិក និង​កម្មករ​សរុប​ចំនួន ២ ១១៩ នាក់ ក្នុងនោះ​បុគ្គលិក និង​កម្មករ​ខ្មែរ​មាន ១ ៩០០ នាក់ ស្មើនឹង ៩០%​។ អ្នកឧកញ៉ា​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​បន្ថែមទៀតថា សមាជិកសមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា​បាន​ផ្គត់ផ្គង់​ស៊ីម៉ងត៍​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​សរុប​ពី ៨ ទៅ ៩ លាន​តោន​ក្នុង​មួយ​ឆ្នាំ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ប្រមាណ ៨៥% នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​ស៊ីម៉ងត៍ ដែល​ការណ៍​នេះ​ជួយ​រក្សាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​សមាគម​។ ក្រៅពី​ប្រតិបត្តិការ​អាជីវកម្ម​, សមាគម​ក៏បាន​ចូលរួម​អភិវឌ្ឍ​សហគមន៍ តាមរយៈ​ការរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ និង​កិច្ចការ​សង្គម​ផ្សេងៗ ដូចជា​ការសាងសង់ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​, សាលារៀន​, មណ្ឌល​សុខភាព និង ការបំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ជាដើម​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​ការ​កោត​សរសេីរ និង​អបអរសាទរ​ចំពោះ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ដែល​ធានាបាន​នូវ​ការផ្គត់ផ្គង់​ស៊ីម៉ងត៍​លេ​ី​ទីផ្សារ​ក្នុងស្រុក​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​បាន​ស្វាគមន៍​ចំពោះ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​របស់​សមាគម ដែល​ជា​គ្រឹះ​យ៉ាង​សំខាន់​ក្នុង​ការធានា​ឱ្យបាន​នូវ​បរិមាណ​ផលិតកម្ម​,  គុណភាព និង ស្តង់ដារ​ផលិតផល ព្រមទាំង​រក្សាបាន​សមត្ថភាព​ប្រកួតប្រជែ​ង​របស់​សមាគម​។ សម្ដេច​ធិបតី ក៏​បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែល​បាន និង​កំពុង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច​ធិបតី​បាន​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​លើ​ផលិតផល​ស៊ីម៉ងត៍​ក្នុងស្រុក ដែល​រាជរដ្ឋាភិបាល​ធ្លាប់បាន​ផ្តល់​ជូន​ជា​ច្រើន​ឆ្នាំកន្លងមក ដោយ​ចាត់ទុក​ជា​បន្ទុក​របស់​រដ្ឋ សម្រាប់​សហគ្រាស​ផលិត​ស៊ីម៉ងត៍​ក្នុងស្រុក សម្រាប់​រយៈពេល ២ ឆ្នាំ​ទៀត ពោល​គឺ​រហូត​ដល់​ដំណាច់ឆ្នាំ ២០២៨​។ សម្ដេច​ធិបតី បាន​សង្កត់ធ្ងន់ថា ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​នៅ​កម្ពុជា គឺជា​ការផ្សព្វផ្សាយ​ប្រកបដោយ​សក្ដានុពល​បំផុត ក្នុង​ការទាក់ទាញ​ការវិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​មក​កម្ពុជា​។ បន្ថែម​ពី​នេះ​, សម្ដេច​ធិបតី ក៏បាន​ផ្ដល់​អនុសាសន៍​ដល់​សមាគម ក៏​ដូចជា​បណ្តា​ក្រុមហ៊ុន​, រោងចក្រ និង សហគ្រាស​ឯកជន ថា ដេ​ី​ម្បី​ធានា​បាន​ភាព​ប្រកួតប្រជែ​ង និង​ការទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ចំពោះ​ផលិតផល​របស់​ខ្លួន​, អ្នក​ផលិត​ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការធានាបាន​នូវ​គុណភាព​ល្អ ជាមួយ​តម្លៃ​សមរម្យ​។

​ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា បន្ត​ពិនិត្យ និង​ពង្រឹង​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​បម្រើ​ដល់​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី បាន​គូសបញ្ជាក់​សា​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ជួយ​ជ្រោមជ្រែង និង​គាំទ្រ​ដល់​ភាពជោគជ័យ​របស់​វិស័យ​ឯកជន ព្រមទាំង​បាន​ចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា​។ សម្ដេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែល​មាន​ជំនឿ​ទុកចិត្ត និង​បន្ត​ពង្រីក​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *