​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​

នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​មហា​វិមាន​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេច​តេជោ បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម ចា​វ ឡឺ​ជី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្ដេច​តេជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​នាពេលនេះ​។

​ឯកឧត្តម​បាន​ហៅ​ទំនាក់ទំនង​កម្ពុជា និង​ចិន​ថា ជា​ទំនាក់ទំនង​មិត្ត​ចាស់ មិត្ត​ដែកថែប ដែល​តែងតែ​ជួយ​យក​អាសា​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម ក៏​បាន​រំលឹក​អំពី​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ស៊ី ជីន​ពីង មកកាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំទៅ គឺ​បាន​បង្ហាញ​នូវ​ការពង្រឹង​មិត្តភាព​ជា​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ជាពិសេស​គឺ​ការជំរុញ​ការអនុវត្ត ការកសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគ្គសម័យ​ថ្មី​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អរគុណ ឯកឧត្តម ចា​វ ឡឺ​ជី ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្ដេច និង​គណៈប្រតិភូ​កម្ពុជា​។ សម្ដេច​បាន​លើកឡើង​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន នៅតែ​រឹងមាំ សម្ដេច សង្កត់ធ្ងន់​ថា ទោះបីជា​ពិភពលោក​មាន​ការប្រែប្រួល អាកាសធាតុ​មាន​ការប្រែប្រួល​តែ​មិត្តភាព កម្ពុជា​-​ចិន មិន​ប្រែប្រួល​ឡើយ​។

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោក៏បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​នៅក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​បក្ស និង​ស្ថាប័ន​នីតិបញ្ញត្តិ ដោយ សម្ដេច បានបញ្ជាក់​ថា សម្ដេច ចង់​ឃើញ​ស្ថាប័ន​នីតិបញ្ញត្តិ រវាង​ប្រទេស​ទាំង​ពីរ​ដើរ​តួនាទី​កាន់តែ​សកម្ម​បន្ថែមទៀត នៅ​ក្នុង​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​គាំទ្រ​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ និង​គណបក្ស​រវាង​ប្រទេស​ទាំង​ពីរ​ដែរ​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ចា​វ ឡឺ​ជី បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​ការលើកឡើង​របស់ សម្ដេច​តេជោ ហើយ ឯកឧត្តម បាន​លើកឡើង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​គឺជា​ការទាក់ទង​ទំនាក់ទំនង​ដោយ​ការជឿជាក់​គ្នា ដែល​មិន​អាច​មាន​អ្នកណា​មក​បំបែក​នូវ​មិត្តភាព​នេះ​បានឡើយ​។ ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​ការជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម ចង់ឃើញ​ប្រទេស​ទាំង​ពីរ ពោល​គឺ​ស្ថាប័ន​នីតិបញ្ញត្តិ​រវាង​កម្ពុជា និង​ចិន មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត ក្នុង​គោលដៅ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការជួយ​ជ្រោមជ្រែង​ដោយ​ការកសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល​ក្នុង​យុគ្គសម័យ​ថ្មី​។

ចុងក្រោយ ឯកឧត្តម ចា​វ ឡឺ​ជី ក៏​បាន​ជូនពរឲ្យ សម្ដេច​តេជោ និង​គណៈប្រតិភូ​កម្ពុជា ឱ្យ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន ប្រកប​ដោយ​ភាពជោគជ័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *