ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ចប់​អាណត្តិ​៖ កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍ ដ៏​មាន​សុវត្ថិភាព​មួយ​

នៅ​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ភាព​រីកចម្រើន​ជា​លំដាប់ នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី អាល្លឺម៉ង់​-​កម្ពុជា​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់​កិច្ច​សហការ និង​ការគាំទ្រ​ដ៏​កក់ក្តៅ ចំពោះ​រូប​ឯកឧត្តម ក្នុងការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ​, ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​វិស័យ​ជា​ច្រេី​ន ជាពិសេស​ទំនាក់ទំនង​នយោបាយ តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច នៃ​គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នា​នោះ​, ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា អាល្លឺម៉ង់ និង​កម្ពុជា គឺជា​ដៃគូ​ពិភាក្សា​ដ៏​បើកចំហ និង​ស្មោះត្រង់​ចំពោះ​គ្នា​ទៅវិញទៅមក និង​បាន​បញ្ជាក់ថា ទំនាក់ទំនង​ទ្វេភាគី​នេះ នឹង​នៅតែ​បន្ត​ពូន​ជ្រំ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​គូស​រំលេច​ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ជាច្រើន ដែល​អាច​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​ផ្នែក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​, វិស័យ​កសិកម្ម​, ក​សិ​-​ឧស្សាហកម្ម​,​និង​ជា​ពិសេស វិស័យ​ទេសចរណ៍ ដោយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព​មួយ​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី និង​សកម្មភាព​ការទូត​យ៉ាង​សកម្ម​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុង​ការរួមចំណែក​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​ធិបតី ក៏​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ លើ​វិស័យ​ជាច្រើន ជាពិសេស​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​, និង​មាន​ជំនឿ​ថា កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទាំងនេះ​នឹង​បន្ត​រីក​ចម្រេី​ន និង កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត​។

​សម្តេច​ធិបតី ក៏​បាន​ឯកភាព​ថា កម្ពុជា និង​អាល្លឺម៉ង់ នៅ​មាន​កាលានុវត្តភាព​ជាច្រើន​ក្នុង​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​កិច្ច​ហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច តាមរយៈ​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ​។ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា កម្ពុជា​-​អាល្លឺម៉ង់ នៅ​មាន​សក្តានុពល​ជា​ច្រេី​ន ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ សម្តេច​ធិបតី​បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​គោលនយោបាយ និង​វិធានការ​គន្លឹះៗ​របស់​រាជរដ្ឋាភិបាល ក្នុង​ការគាំទ្រ​ដល់​ការរីកចម្រើន​លើ​វិស័យ​នេះ ជាពិសេស​ការជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម​យុទ្ធសាស្ត្រ រួម​មាន​គ្រាប់ស្វាយចន្ទី និង​ស្រូវ អង្ករ របស់​កម្ពុជា ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ប្រកាន់យក​ការដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ​, អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ស្រាប់​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រ​ចំពោះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី និង​ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *