​ឯកឧត្តម ស៊ី ជីន​ពីង​៖ ចិន​គាំទ្រ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា

​នា​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ី ជីន​ពីង (Xi Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​បញ្ញា​សិប្បនិម្មិត​ពិភពលោក ឆ្នាំ​២០២៦ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ខែកក្កដា ឆ្នាំ​២០២៦​។

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធានាធិបតី​ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង និង​មិត្តភាព​ដែកថែប​រវាង ចិន​-​កម្ពុជា ព្រមទាំង​បាន​សង្កត់ធ្ងន់ថា ចិន​គាំទ្រ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដោយ​ជំរុញ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ពន្លឿន​ការសម្រេចបាន​នូវ «​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​» និង «​ច្រករបៀង​មច្ឆា និង​អង្ករ​» ដើម្បី​ធានាបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី​បាន​អបអរសាទរ​រដ្ឋាភិបាល​ចិន​ចំពោះ​ជោគជ័យ​នៃ​សន្និសីទ​បញ្ញា​សិប្បនិម្មិត​ពិភពលោក ឆ្នាំ​២០២៦​។ សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំពោះ​ការ​បន្ត​គាំទ្រ និង​ផ្ដល់​ជំនួយ ដែល​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​លើកស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​ឥត​ងាករេ​នូវ​គោលការណ៍​ចិន​មួយ ដោយ​ចាត់​ទុក​បញ្ហា​តៃវ៉ាន់ ហុងកុង ស៊ី​ចាំង និង​ស៊ីន​ជាំ​ង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ បន្ថែម​លើ​នេះ​, សម្តេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​រួមគ្នា​កសាង «​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​»​។

​សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង បាន​បន្ត​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​លើ​គំនិត​ផ្តួចផ្តើម និង​ទិសដៅ​ការងារ​បន្ត សំដៅ​បន្ត​ពង្រឹង​និង​ពង្រីក​វិស័យ​គន្លឹះ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត រួមមាន​៖ វិស័យ​នយោបាយ​-​ការទូត​, សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​, ថាមពល​អគ្គិសនី​, បញ្ញា​សិប្បនិម្មិត និង​សេដ្ឋកិច្ច​ឌីជីថល​, កសិកម្ម​, ការពារជាតិ និង​សន្តិសុខ​។

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី ក៏​បាន​ជម្រាបជូន​ឯកឧត្តម​ប្រធានាធិបតី​ចិន អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​សង្កត់​ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ​, និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *