ប្រធាន​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន សរសើ​រការ​បោសសម្អាត Online Scam នៅ​កម្ពុជា​ថា បានមក​ពី​ការប្រឹងប្រែង​ដ៏​អស្ចារ្យ

ឯកឧត្តម ប្រាយ​អ៊ែន មែក​ហ្វីត​ទឺសន៍ (Brian McFeeters) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន (US-ABC) បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ក្រសួងមហាផ្ទៃ ក្នុងការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ដោយ​ឯកឧត្តម​បានចាត់ទុក​ប្រតិបត្តិការ​នេះ​ថា​ជា ការប្រឹងប្រែង​ដ៏​អស្ចារ្យ​។

​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម បាន​ដឹកនាំ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ក្នុងនាម​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​ក្រសួងមហាផ្ទៃ ដែល​តែងតែ​យកចិត្តទុកដាក់ បង្ក​បរិយាកាស​អំណោយ​ផល ធ្វើ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា មាន​ទំនុកចិត្ត និង​ទទួលបាន​ភាពកក់ក្តៅ​ក្នុង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។​

​ជា​ការឆ្លើយតប ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ ចំពោះ​ការវាយតម្លៃ​ប្រកបដោយ​ការលើកទឹកចិត្ត​ពី​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់​បន្ថែមថា ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ​នៅ​តែ​បន្ត​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នេះ​ឱ្យ​អស់ ព្រោះ​បទល្មើស​នេះ ជា​អម្រែក​នៅលើ​ស្មាដែល​ត្រូវតែ​ដោះស្រាយ​ជា​ដាច់ខាត​។​

​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ជម្រាបជូន​ប្រតិភូ​អំពី​លទ្ធផល​នាពេល​ថ្មីៗ​នេះ​ថា ក្រុម​ឆបោក​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​បោសសម្អាត​ស្ទើរតែ ១០០​ភាគរយ ក្នុង​នោះ​សមត្ថកិច្ច​កម្ពុជា​ក៏​បាន​និង​កំពុង​បន្ត​កម្ទេច​ក្រុម​តូចៗ​បន្ថែមទៀត ខណៈ​ជន​ជន​បរទេស​ជាង ៣០​ម៉ឺន​នាក់ បាន​ស្ម័គ្រចិត្ត​ចាកចេញ និង​ត្រូវ​បាន​បណ្ដេញចេញ​ពី​ពី​កម្ពុជា​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​

​តំណាង​ក្រុមហ៊ុន​នី​មួយៗ ក៏​បាន​យក​ឱកាស​នោះ​លើកឡើង​អំពី​ចំណាប់​អារម្មណ៍​ចំពោះ​បទពិសោធ​នៃ​ការវិនិយោគ​នៅ​កម្ពុជា និង​ការ​សម្លឹង​មើល​សក្តានុពល​បន្ថែម​ដើម្បី​ពង្រីក​អាជីវកម្ម​។ ត្រង់​ចំណុច​នេះ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​ជាស្រេច​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការគាំទ្រ និង​សម្រួល​ដល់​ការវិនិយោគ​ទាំងនោះ ឱ្យ​ដំណើរការ​ទៅ​ដោយ​រលូន និង​រីកចម្រើន​លើ​ទឹកដី​កម្ពុជា​។​

​ឯកឧត្តម Brian McFeeters បាន​ជម្រាបជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ដោយ​ត្រង់ៗ​ថា ឯកឧត្តម និង​ប្រតិភូ​ដែល​បាន​បំពេញបេសកកម្ម​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​ទទួលបាន​អារម្មណ៍​កក់ក្តៅ និង​មាន​សុវត្ថិភាព ហើយ​រំពឹង​ថា ទស្សនកិច្ច​លើក​នេះ នឹង​ជំរុញ​ដល់​ការពង្រីក​សកម្មភាព​វិនិយោគ​របស់​ក្រុម​ធុរជន​អាមេរិក​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​បង្ហាញ​ក្តីរំពឹង​ដែរថា ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នឹង​នាំយក​នូវ​អ្វី​ដែល​បាន​មើលឃើញ និង​ស្វែងយល់​ដោយ​ផ្ទាល់​នៅ​កម្ពុជា ទៅ​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព និង​បង្កលក្ខណៈ​ដល់​ការវិនិយោគ​ដោយ​គ្មាន​ការរើសអើង​៕

Leave a Reply

Your email address will not be published. Required fields are marked *