ជប៉ុន​ប្តេជ្ញា​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត​

ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦, ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរាជទូត​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​ការគាំទ្រ និង​សហការ​យ៉ាង​ពេញលេញ និង បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ទទួលបាន​ជោគជ័យ និង​សម្រេច​បាន​សមិទ្ធផល​គួរឱ្យ​កត់សម្គាល់​ជាច្រើន ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វិនិយោគ រួម​ទាំង​សន្តិសុខ និង​ការពារ​ជាតិ និង​វិស័យ​ជាច្រើន​ទៀត​។ ឯកឧត្តម​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់​ពី​ការកើនឡើង​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ធំៗ​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន​តូយ៉ូតា (Toyota) ជាដើម មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប និង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​កម្ពុជា​ទៀត​ផង​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គាំទ្រ និង​ផ្ដល់​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​ជប៉ុន​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​អះអាងថា ជប៉ុន​នឹង​នៅតែ​បន្ត​ផ្ដល់​ការគាំទ្រ និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម​ឯកអគ្គរាជទូត ដែល​បាន​បញ្ចប់​បេសកកម្ម​ការទូត​ដោយ​ជោគជ័យ​នៅ​កម្ពុជា​។ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​យ៉ាង​សកម្ម​របស់​ឯកឧត្តម ក្នុង​ការជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន​។ សម្ដេច​ធិបតី​បាន​គូស​រំលេច​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​នូវ​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាពអនុគ្រោះ តាមរយៈ​ការដាក់ចេញ​នូវ​ការកែទម្រង់​សំខាន់ៗ ជាពិសេស​ការកែសម្រួល​រចនាសម្ព័ន្ធ និង​យន្តការ​ការងារ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ឱ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា កាន់តែ​ច្រើន​ថែមទៀត​។ សម្ដេច​ធិបតី​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​រាល់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ក្រសួង​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​ជាច្រើន​ទៀត រួមមាន​៖ សេដ្ឋកិច្ច​ឌីជីថល​, សន្តិសុខ និង​ការពារ​ជាតិ​, ក៏ដូចជា​ការជំរុញ​ការតភ្ជាប់​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ភស្តុភា​រកម្ម តាមរយៈ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ដើម្បី​ប្រែក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​តំបន់​ដ៏​សំខាន់ នាពេល​អនាគត​៕

​

Leave a Reply

Your email address will not be published. Required fields are marked *