សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នូ​ម៉ា (Yoshihisa KAINUMA) អគ្គនាយក​ក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួប​សម្ដែង​ការគួរសម

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាត​ឱ្យ លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នូ​ម៉ា (Yoshihisa KAINUMA) អគ្គនាយក​ក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​នឹង​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នូ​ម៉ា ព្រមទាំង​សហការី​ហើយ​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​ឈរជើង​យ៉ាង​រឹងមាំ​របស់​ក្រុមហ៊ុន Minebea នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត​នៅពេលដែល​ឃើញ​ក្រុមហ៊ុន Minebea បាន​ពង្រីក​នូវ​ការវិនិយោគ​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​ឱកាស​នោះ​លោក​ប្រធាន​ក្រុមហ៊ុន​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​លោក និង​សហការី​បាន​ជួប​នៅក្នុង​ឱកាស​នេះ​។ លោក​បាន​រំលឹកថា ជំនួប​ចុងក្រោយ​របស់​លោក​ជាមួយនឹង​សម្ដេច​តេជោ​ប្រធាន​ព្រឹទ្ធសភា​គឺ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ពេលនោះ មិនទាន់​មាន​ការ​ផ្ទុះឡើង នៃ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នោះទេ លោក​បាន​លើកឡើង​ថា បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ វា​បាន​ប៉ះពាល់​ខ្លះ​ដល់​ការដឹកជញ្ជូន ក៏​ប៉ុន្តែ​វា​មិន​បាន​ប៉ះពាល់​ដល់​ដំណើរ​របស់​ក្រុមហ៊ុន Minebea នោះទេ​។
​ក្រុមហ៊ុន​នៅតែ​បន្ត​ភាពរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការថែរក្សា​អ្នកវិនិយោគ​។​លោក​ក៏​បាន​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន Minebea ដែល​មក​ដល់ពេលនេះ លោក​បាន​លើកឡើង​ថា ក្រុមហ៊ុន​មា​នី​បៀ​បាន​បើក​រោងចក្រ​ពីរ​កន្លែង​ហើយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​អ្នក​ផងដែរ​។ លោក​បាន​បញ្ជាក់ទៀតថា នៅក្នុង​ខេត្ត​ពោធិ៍សាត់​ក្រុមហ៊ុន​កំពុងតែ​បង្កើត​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​លើកឡើង​ថា ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការវិនិយោគ​ដ៏​ទុកចិត្ត ហើយ​លោក​គ្មាន​ការបារម្ភ​អ្វី​នោះឡើយ ចំពោះ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​។

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការរីករាយ​ចំពោះ​របាយការណ៍​ដែល​ជា​វឌ្ឍនភាព​របស់​ក្រុមហ៊ុន Minebea​។ សម្ដេច​បាន​មានប្រសាសន៍​ទៀតថា
​ទោះបីជា​ប្រទេស​កម្ពុជា​ជួប​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ក៏​មិន​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការវិនិយោគ ឬ​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​នោះឡើយ​។ សម្ដេច​រីករាយ​ពេលដែល​ឃើញ​វឌ្ឍនភាព​នៃ​ក្រុមហ៊ុន​មាន​ការរីកចម្រើន ដែល​បង្ហាញ​ពី​ភាព​ធុន​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​
​ទោះបីជា​មាន​ឧបសគ្គ​ខ្លះ ក៏ប៉ុន្តែ​មិន​បាន​ឲ្យ​ក្រុមហ៊ុន​ជួប​នូវ​ផល​ប៉ះពាល់​ឡើយ​។
​សម្ដេច​តេ​ជោពិត​ជារីក​រាយ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចង់​ពង្រីក​លទ្ធភាព នៃ​ការវិនិយោគ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។

​ជា​ចុងក្រោយ សម្ដេច​តេ​ជោបាន​រំលេច​បន្ថែមទៀតដោយ​បញ្ជាក់​ទៅ​កាន់​អ្នកវិនិយោ​គ​ជប៉ុន​ថា សូម​បន្ត​ជឿជាក់​លើ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​កន្លងមក​លោក​ប្រធាន​ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​កាល​នៅ​ជា​នាយករដ្ឋមន្ត្រី និង​បន្ត​មក​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​នឹង​ធ្វើឲ្យ​បរិយាកាស​វិនិយោគ​កាន់តែ​មាន​ភា​ព​ល្អប្រសើរ​បន្ថែមទៀត ៕​

 

Leave a Reply

Your email address will not be published. Required fields are marked *