ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​អនុ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ឯកភាព​រុញ​ឆ្ពោះទៅមុខ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​បណ្ដុះបណ្ដាល

នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៦​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​និង​ឯកឧត្ដម អា​រី​ហ្វ ហា​វ៉ាស់ អូ​ហ្គូ​សេ​ណូ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី នៅ​ទីស្ដីការក្រសួង ។

​ជំនួប​នេះ បាន​ផ្ដល់ឱកាស​ឱ្យ​ភាគី​ទាំងពីរ បាន​ពិភាក្សា​និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ប្រកប​ដោយ​ភាព​វិជ្ជមាន អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ក្នុង​បរិបទ​ថ្មី​ដល់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​។

​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី បាន​ជម្រាបជូន​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ថា ផ្អែក​លើ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក និង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទ្វេភាគី នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២៦​នេះ ឥណ្ឌូនេស៊ី នឹង​រៀបចំ​ការបណ្ដុះបណ្ដាល​ជំនាញ​សំខាន់ៗ ៣ ដល់​មន្ត្រីនគរបាល​កម្ពុជា ក្នុងនោះ​រួមមាន​៖ ជំនាញ​ពាក់ព័ន្ធ​បច្ចេកទេស​កោសល្យវិច័យ ជំនាញ​ស៊ើបអង្កេត​ហិរញ្ញវត្ថុ និង​ជំនាញ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ការបណ្ដុះបណ្ដាល អាច​នឹង​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ក៏​អាច​មាន​ការបញ្ជូន​គ្រូ​ឥណ្ឌូណេស៊ី មក​បណ្ដុះបណ្ដាល​នៅ​កម្ពុជា​។​

​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ឯកឧត្តម​អនុ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ដែល​បាន​ផ្ដល់​ការសម្របសម្រួល ជាអាទិ៍ ការ​ពន្លឿ​ននីតិវិធី​បញ្ជូនជន​ជាតិ​ឥណ្ឌូនេស៊ី រងគ្រោះ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ការសម្របសម្រួល​ឱ្យ​មន្ត្រី​ស្ថានទូត និង​សាច់ញាតិ​បាន​ចូលជួប​សួរសុខទុក្ខ​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​ជាប់​ឃុំ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ និង​ជា​ពិសេស​ការបង្ក្រាប​ទីតាំង និង​រំដោះប្រជាជន​ឥណ្ឌូណេស៊ី ចេញ​ពី​ទីតាំង​ប្រព្រឹត្ត​បទល្មើស​។

​នា​ឱកាស​នោះ​ដែរ ភាគី​ទាំងពីរ បាន​ឯកភាព រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ខ្លឹមសារ​អនុស្សរណៈ​នៃ​ការយោគយល់ ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​សម្រាប់​អនុវត្ត​បន្ត ហើយ​ភាគី​ឥណ្ឌូណេស៊ី បាន​បង្ហាញ​សុច្ឆន្ទៈ​គាំទ្រ និង​លើកទឹកចិត្ត​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ជាពិសេស​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រួម​ទាំង​ការបង្កើត​ក្រប​ខណ្ឌ​ច្បាប់​ដ៏​តឹងតែង ដោយ​ថែម​ទាំង​អះអាង​ទៀតថា ឥណ្ឌូណេស៊ី សូម​ធ្វើ​ជា​សាក្សី​បញ្ជាក់​ប្រាប់​ទៅកាន់​សហគមន៍​អន្តរជាតិ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ប្រកប​ដោយ​ភាពជាក់ស្ដែង និង​ប្រាកដនិយម​នេះ​ទៀត​ផង​។

​ឈរ​លើ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ប្រែប្រួល​ឥតឈប់ឈ​រ​នៃ​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ រួម​ទាំង​ការវិវត្ត​នៃ​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី បាន​ឯកភាព​ជា​គោលការណ៍​រៀបចំ​មន្ត្រី​ជំនាញ​មួយក្រុម ឱ្យ​ជួប​ពិភាក្សា​ដើម្បី​បង្កើត​យន្តការ​អនុវត្ត​ការងារ​រួមមួយ ដូច​ដែល​កម្ពុជា បាន​អនុវត្ត​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត រួម​មាន​សាធារណរដ្ឋ​កូរ៉េ ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *