​ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Edouard GEORGE ប្រធាន​ក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​
​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី អំពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ «Angkor Ultra Trail» លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​មករា ឆ្នាំ​២០២៧ ខាងមុខ ដែល​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ ក៏​ជា​ឱកាស​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការរៀបចំ​ព្រឹត្តិការណ៍ «Angkor Ultra Trail» នា​ពេលកន្លងមក​។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​ជម្រាបជូន​សម្ដេច​ធិបតី អំពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា និង​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រមទាំង​បាន​បង្ហាញ​ពី​ប្រតិបត្តិការ​អាជីវកម្ម និង​ផែនការ​បន្ត​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​បន្ថែម​ទៀត​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍ «Angkor Ultra Trail» ជា​បន្តបន្ទាប់​។ សម្ដេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការវិនិយោគ ក៏​ដូចជា​ផែនការ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាននិងកំពុង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​មុត​ស្រួច​ជាច្រើន ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​៖ ការធានា​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​, ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ក្នុងការ​ធ្វើ​ដំណើរ​, ការ​ពង្រឹងគុណភាព​សេវាកម្ម និង​ការបង្កើត​ព្រឹត្តិការណ៍​កីឡា​, ពិព័រណ៍ និង​សកម្មភាព​ផ្សេងៗ ដើម្បី​បន្ថែម​លើ​សក្តានុពល​ដែល​មាន​ស្រាប់ ដូចជា ការ​ទស្សនា​ប្រាសាទ​បុរាណ និង​វប្បធម៌​ជាដើម​។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន Phoenix Voyages Group Limited បន្ត​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ «Angkor Ultra Trail» នេះ​ឱ្យ​ទទួលបាន​ជោគជ័យ និង​បន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែម​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *