សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ចូលជួប​សម្ដែង​ការគួរសម​

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​សុក្រ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ចូលជួប​សម្ដែង​ការគួរសម​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​ណែនាំ ក៏ដូចជា​ផ្ដល់​អនុសាសន៍​មួយចំនួន​ទៅ​កាន់​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដើម្បី​ជំរុញ​ការងារ​ស្ត្រី​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​បន្ថែមទៀត ព្រមទាំង​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅ​កាន់​ជនរួមជាតិ​ដែល​មាន​ខ្លឹមសារ​សំខាន់ៗ​ដូចតទៅ​៖

​សម្ដេច​តេ​ជោបាន​ផ្ញើ​សារ​ទៅ​បណ្ដា​ស្ថាប័ន​ជាតិ និង​ប្រជាពលរដ្ឋ ឱ្យ​បន្ត​ពង្រឹង​អំណាច​តួនាទី​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា ពីព្រោះ​ថា​កន្លង​ទៅ​ស្ត្រី​ក៏​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា នេះ​ជា​រឿង​ដ៏​សំខាន់ ព្រោះ​បើ​យើង​ពង្រឹង​អំណាច​ស្ដ្រី​លើ​វិស័យ​សេដ្ឋកិច្ច​បាន យើង​ក៏​អាច​ពង្រឹង​អំណាច​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​បានដែរ​។ ផ្ទុយទៅវិញ​ប្រសិនបើ​អំណាច​ស្ដ្រី​លើ​វិស័យសេដ្ឋកិច្ច​មិន​ត្រូវបាន​លើកកម្ពស់​ទេ អំណាច​ស្ដ្រី​នៅក្នុង​គ្រួសារ និង​ក្នុង​សង្គម​ក៏​មិន​ត្រូវបាន​លើកកម្ពស់​ដែរ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា បើ​គ្រួសារ​នី​មួយៗ​អាច​ពង្រឹង​អំណាច​ស្ដ្រី​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​បាន នោះ​ការពង្រឹង​សមភាព​យេនឌ័រ​ក៏​បាន​ល្អ​ប្រសើរ​ដែរ​។ សម្ដេច​ក៏​បាន​លើក​ឡើង​ចំពោះ​ការជំរុញ​ការពង្រឹង​សមត្ថភាពរ​បស់​ស្ត្រី ពាក់ព័ន្ធ​នឹង​ការបណ្ដុះបណ្ដាល​ដល់​ស្ដ្រី ខណៈ​សម្ដេច​បង្ហាញ​មោទនភាព​ដែល​ស្ដ្រី​ដែល​កំពុង​សិក្សា​មាន​ចំនួន ៥៤​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ក្នុង​វ័យ​សិក្សា​។ សម្ដេច​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​រាជរដ្ឋាភិបាល​បន្ត​បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​ជា​ស្ដ្រី ខណៈ​សម្ដេច និង​ភរិយា កំពុង​សាងសង់​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​ជា​ស្ដ្រី​មួយ​កន្លែង​ដែល​ពេល​នេះ​សម្រេច​បាន​ជាង​៧០​ភាគរយ​ហើយ​។​សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​រៀបចំ​បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​ជា​ស្ដ្រី​នៅតាម​បណ្ដា​ខេត្ត​ផងដែរ ដើម្បី​កាត់បន្ថយ​ការលំបាក​ចំពោះ​សិស្ស​ជា​ស្ដ្រី ខណៈ​បច្ចុប្បន្ន​មាន​សាកលវិទ្យាល័យ​ជាច្រើន​នៅ​តាម​បណ្ដា​ខេត្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្ស​ជា​ស្ត្រី​បាន​បន្ត​ការសិក្សា​។ សម្ដេច​បន្តថា ការវិនិយោគ​លើ​ស្ដ្រី ត្រូវ​មាន​ការចូលរួម​ទាំង​រដ្ឋ និង​វិស័យ​ឯកជន ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ដ្រី​កម្ពុជា​។​
​នៅ​ថ្ងៃ​នេះ​សម្ដេច​បាន​មានប្រសាសន៍ថា សម្ដេច​ជឿជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ចំនួន​សិស្ស​ស្ដ្រី​ដែល​ប្រឡង​ជាប់​នឹង​មាន​ច្រើន​ជាង​សិស្ស​ប្រុស ជាពិសេស​ជាប់​និទ្ទេស A ច្រើន​ជាង​សិស្ស​ជា​បុរស​។

​សម្ដេច​តេជោ​បានលើកឡើ​ង​ថា ការធ្លាក់​ចុះ​ចំនួន​ស្ដ្រី​ទៅ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា ឬ​ថ្នាក់​បរិញ្ញាបត្រ គឺជា​កត្តា​សត្យានុម័ត ដែល​ស្ដ្រី​ត្រូវ​រៀបចំ​គ្រួសារ រៀបការ ប៉ុន្ដែ​ចំណុច​នេះ សម្ដេច​បាន​លើកទឹកចិត្ត​ដល់​ស្វាមី​គ្រប់រូប​ឱ្យ​បន្ត​លើកទឹកចិត្ត និង​ជំរុញ​ដល់​ភរិយា​របស់​ខ្លួន​ឱ្យ​បន្ត​ការសិក្សា​ថ្នាក់​ឧត្តម​សិក្សា​បន្ថែមទៀត ដើម្បី​លើកកម្ពស់​តួនាទី​ស្ដ្រី​លើ​គ្រប់​វិស័យ​ទាំងអស់​។

​ជាថ្មី​ម្ដងទៀត​នៅថ្ងៃនេះ សម្ដេច​បាន​អំពាវនាវ​ដល់​ស្ដ្រី និង​បុរស​ទាំងឡាយ បើ​រស់​នៅ​មិន​ចុះសម្រុង​នឹង​គ្នា ឬ​ក្រោយ​ពេល​បែកបាក់​គ្នា សូម​កុំ​ហែកកេរ្ដ៍​គ្នា កុំ​បង្ហាញ​ទៅកាន់​បណ្ដាញ​សង្គម​។ សម្ដេច​បន្តថា ជម្លោះ​ប្ដី​ប្រពន្ធ សូម​ទុក​គ្នា​រាប់អាន​ពេល​ក្រោយ ហើយ​បើ​ខ្លួន​មិន​ស្រលាញ់​កិត្តិយស ក៏​គួរ​ទុក​កិត្តិយស​ដល់​កូន​របស់​ខ្លួន​ផង​ដែរ​។ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​កិច្ចការនារី និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ធ្វើជា​ដើមបណ្ដឹង ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បរិហារកេរ្តិ៍​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ​។ ហើយ​ក្រសួង​ព័ត៌មាន​ត្រូវ​មើល​ឱ្យ​ច្បាស់ តាម​ឱ្យ​ជាប់ ខណៈ​សម្ដេច​មើលឃើញថា នៅ​មាន​ភាព​ធូ​រលុង​ខ្លាំង​ណាស់​ចំពោះ​ក្រមសីលធម៌​លើ​ការប្រើប្រាស់ ហ្វេ​សប៊ុក តិកតុក និង AI ខណៈ ប្រព័ន្ធ​បច្ចេកវិទ្យា និង​បណ្ដាញ​សង្គម​ទាំងអស់​នោះ គេ​មានច្បាប់​វិន័យ​តឹងរឹង​ណាស់​ចំពោះ​អ្នកលេង​ខុស ហេតុ​អ្វី​ស្ថាប័នរដ្ឋ​យើង​មួយ​មិន​អាចធ្វើ​បាន​ចំពោះ​ច្បាប់ទម្លាប់​ទាំងអស់នោះ​។

​សម្ដេច​តេជោ​បាន​ស្នើ​ទៅ​តុលាការ​ជួយ​ចាត់ចែង​លើ​សំណុំរឿង​ទាំងឡាយ​នៃ​ការរំលោភ​សីលធម៌​សង្គម ចំពោះ​ជន​ទាំងឡាយ​ណា​បំផ្លាញ​សេចក្ដីថ្លៃថ្នូរ សីលធម៌​សង្គម​របស់​ខ្មែរ​។ ជាមួយគ្នា​នោះ សម្ដេច​តេជោក៏បាន​លើក​ឡើង​អំពី​ករណី​ស្ដ្រី​ដែល​ជេរ​កងទ័ព គឺ​មិន​អាច​ប្រងើយ​កន្តើយ​បានទេ ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់ បើ​មិន​ទាន់​យក​ទៅ​វាស់កម្ពស់​ទេ ត្រូវ​យក​ទៅ​វាស់កម្ពស់ មិន​អាច​ទុក​បែប​នេះ​បានទេ​។ ការចាត់វិធានការ​ច្បាប់​លើ​រឿង​អសីលធម៌​លើ​បណ្តាញ​សង្គម មិនមែន​ជា​រឿង​ផ្តាច់ការ​នោះទេ តែ​ជា​ការរក្សា​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *