ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹង​សម្ពោធ​ជា​ផ្លូវការ រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​របស់ខ្លួន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៦​នេះ​

ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក ណ​ម តុង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នោះ​, លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែង​ផ្តល់​ការគាំទ្រ និង​សម្របសម្រួល ដល់​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ប្រព្រឹត្តទៅ​ដោយ​រលូន​។ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សមិទ្ធផល និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ដោយ​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក GAC និង Chevrolet នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​បាន​ពង្រីក​ការវិនិយោគ​លើ​ការកសាង​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ទាំង​ពីរ​ម៉ាក​នេះ នៅ​ប្រទេស​កម្ពុជា ដោយ​រោងចក្រ​បង្គុំ និង​ដំឡេីងរថយន្ត​នេះ បាន​សាងសង់​រួចរាល់ និង​បាន​ចាប់ផ្តេីម​ដំណេីរ​ការបឋម នា​ពេល​ថ្មីៗ​នេះ​។ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​មាន​បុគ្គលិក​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​ប្រមាណ ២៥០​នាក់ ដែល​សុទ្ធសឹង​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​យ៉ាង​ច្បាស់លាស់ ដើម្បី​ធានាបាន​នូវ​រថយន្ត​ដែល​មាន​គុណភាព​, សុវត្ថិភាព និង​តម្លៃ​សមរម្យ​ជូន​អតិថិជន​កម្ពុជា​។ ក្នុង​ឱកាស​នេះ​, លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​គោរព​អញ្ជើញ សម្ដេច​ធិបតី ផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ផ្លូវការ​នូវ​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ទាំង​ពីរ​ម៉ាក​នេះ ក្នុង​ពេលវេលា​សមស្រប​ណាមួយ នា​ឆ្នាំ​២០២៦​នេះ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការអបអរ​សារ​ទរ​ចំពោះ​វឌ្ឍនភាព​នៃ​ប្រតិបត្តិកា​រ​អាជីវកម្ម​របស់​ក្រុមហ៊ុន និង​ជឿជាក់​ថា ក្រុមហ៊ុន​នឹង​បន្ត​រីកចម្រើន​បន្ថែម​ទៀត​។ សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពង្រីក​ការវិនិយោគ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន ដែល​ការវិនិយោគ​លើ​វិស័យ​នេះ បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ការងារ​, ការផ្ទេរ​បច្ចេកវិទ្យា​ដល់​កម្លាំង​ពលកម្ម​កម្ពុជា និង​ផ្តល់​នូវ​ផលិតផល​ដែល​មាន​គុណភាព​, សុវត្ថិភាព និង​តម្លៃ​សមរម្យ​។ បន្ថែម​លើ​នេះ​, សម្ដេច​ធិបតី បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ និង​យន្តការ​គាំទ្រ​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ធានា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​ធន់ និង ភាព​ប្រកួតប្រជែង​។

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការចាប់​ដៃគូ​សហកា​រ​ជាមួយ​ក្រុមហ៊ុន ឬ​សិប្បកម្ម​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​សម្ភារ​បំពាក់​ក្នុង​រថយន្ត ក្នុងន័យ​បង្កើត​តម្លៃ​បន្ថែម​ដល់​សេដ្ឋកិច្ចជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *