កម្ពុជា​-​រុស្ស៊ី ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​

ភ្នំពេញ-​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អន់​ដ្រេ រ៉ូ​ឌែន​កូ (Andrey RUDENKO) អនុ​រដ្ឋមន្ត្រីការបរទេស​នៃ​សហព័ន្ធរុស្ស៊ី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​អនុ​រដ្ឋមន្ត្រីការបរទេស បាន​សម្ដែង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដោយ​បាន​សង្កត់ធ្ងន់ថា កម្ពុជា​គឺជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​យូរអង្វែង និង​គួរឱ្យ​ទុកចិត្ត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ឯកឧត្តម​ក៏បាន​រំលឹក​ឡើងវិញ​អំពី​ទំនាក់ទំនង​ទ្វេភាគី រួម​ទាំង​ការរួមចំណែក​គាំទ្រ​ពី​អតីត​សហភាពសូវៀត និង​បច្ចុប្បន្ន​សហព័ន្ធរុស្ស៊ី ក្នុង​ការស្តារ​, កសាង និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​។ ជាមួយគ្នានេះ​, ឯកឧត្តម​ក៏​បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា និង​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាច​ជម្នះ​រាល់​បញ្ហា​ប្រឈម ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ ឯកឧត្តម​ជឿជាក់ថា ទំនាក់ទំនង​រុស្ស៊ី​-​កម្ពុជា នឹង​បន្ត​រីកចម្រើន​ថែម​ទៀត​ដែល ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​ជាច្រើន​ទៀត ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​ការបន្ត​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី​។ ជាមួយគ្នានេះ​, ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៣ រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​បន្ត​ជំរុញ​ទំនាក់ទំនង​កិច្ចប្រតិបត្តិការ​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ សហព័ន្ធរុស្ស៊ី ក៏​ដូច​ជា​អតីត​សហភាពសូវៀត ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​រួមចំណែក​ដល់​ការស្តារ និង​កសាង​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជា​បន្តបន្ទាប់​។ សម្ដេច​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលនេះ និង​បាន​គូសបញ្ជាក់​ពី​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​។​

​មុន​នឹង​បញ្ចប់​, ​សម្ដេច​ធិបតី និង​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ក្នុងការ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ ពាណិជ្ជកម្ម និង​វិនិយោគ​, អប់រំ​, ថាមពល​, ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​, ទេសចរណ៍​, កសិកម្ម​, សន្តិសុខ និង​ការពារ​ជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *