កម្ពុជា​-​អា​ស៊ែ​បៃ​ហ្ស​ង់ នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត

នា​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រី​ការពារជាតិ នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល នៃ​សន្និសីទ​ស្តី​ពី​អន្តរស​កម្ម​ភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៧ នៅ​រដ្ឋធានី​បា​គូ នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ពី​ថ្ងៃ​ទី​១១ ដល់​១៥ ខែតុលា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​ស៊ែ​បៃ​ហ្សង់​បាន​សម្តែង​ក្តីរីករាយ​ដែល​ជួប​សម្តេច​ធិបតី ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល CICA លើក​ទី​៧ នា​ឱកាស​នេះ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​បាន​ផ្ដល់​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជូន​គណៈប្រតិភូ​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច​ធិបតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ការចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៤​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​, កម្ពុជា​-​អា​ស៊ែ​បៃ​ហ្ស​ង់ នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ​សំខាន់ៗ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត រួម​ទាំង​ក្នុង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​ស៊ែ​បៃ​ហ្សង់​ក៏​បាន​បន្ត​ពិភាក្សាគ្នា​ក្នុង​ការស្វែងរក​នូវ​លទ្ធភាព​ក្នុង​ការជំរុញ​កសាង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ តាមរយៈ​ការកសាង​សមត្ថភាព​, ការហ្វឹកហ្វឺន​, និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​យោធិន​, ក៏ដូចជា​ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គ្នា ជាដើម​៕

​

Leave a Reply

Your email address will not be published. Required fields are marked *