​ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​វិស័យ​ឯកជន កម្ពុជា​-​ប៉ូឡូញ​

នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Iwona Kmiecik ស្ថាបនិក និង​ជា​អគ្គនាយិកា​ក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ ដែល​ធ្វើឱ្យ​ប្រតិបត្តិការ​អាជីវកម្ម និង​គម្រោង​នានា​របស់​ក្រុមហ៊ុន​ដំណើរការ​ទៅ​យ៉ាង​រលូន​, ជោគជ័យ និង​បន្ត​វិវឌ្ឍ​ទៅ​មុខជា​លំដាប់​។ លោកស្រី​បាន​បន្តថា ជាមួយនឹង​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ដែល​ជា​បុរេ​លក្ខខណ្ឌដ៏​សំខាន់​សម្រាប់​វិនិយោគិន បាន​ផ្ដល់​ទំនុកចិត្ត​យ៉ាងរឹងមាំ​ដល់​ជនបរទេស និង​វិនិយោគិន​អន្តរជាតិ​។ បន្ថែម​លើ​នេះ​, លោកស្រី​ក៏​បាន​គូសបញ្ជាក់​អំពី​ផែនការ​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​មាន​គម្រោង​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​ទៅកាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​ផ្សេងទៀត​។ ជាមួយ​នឹង​កំណើន​នៃ​ចំណាប់អារម្មណ៍​កាន់តែ​ច្រើន​របស់​ក្រុមហ៊ុន និង​សហគ្រាស​ប៉ូឡូញ​មកលើ​ទីផ្សារ​កម្ពុជា​, លោកស្រី​ក៏​បាន​គោរព​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា លើ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការរៀបចំ​វេទិកា​ធុរកិច្ច​ប៉ូឡូញ​-​កម្ពុជា និង​ការបង្កើត​សភាពាណិជ្ជកម្ម​ប៉ូឡូញ​-​កម្ពុជា​នា​ពេលខាងមុខ ដើម្បី​ផ្សារភ្ជាប់​វិស័យ​ឯកជន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ស៊ីជម្រៅ​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​របស់​លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ តាមរយៈ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​ធុរកិច្ច​។ សម្តេច​ធិបតី បាន​គូស​រំលេច​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​, ជាមួយ​នឹង​គោលនយោបាយ​គាំទ្រ និង​ការលើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល ដូចជា​ការធ្វើ​ទំនើបកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ និង​អន្តោប្រវេសន៍ ដែល​រួម​មាន​ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទិដ្ឋាការ​អេឡិចត្រូនិក​( E-Visa)  ​និង​ច្រកទ្វារ​អន្តរជាតិ​ស្វ័យប្រវត្តិ (Smart Gates) នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ដែល​សុទ្ធតែ​ជា​កត្តា​អំណោយផល​ដល់​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​។ ព្រម​ជាមួយគ្នានេះ​, សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​កញ្ចប់​ទេស​ចរណ៍​ចម្រុះ និង​ទូលំទូលាយ ដែល​ត​ភ្ជាប់​អ្នកទេសចរ​ឱ្យ​ហួស​ពី​តំបន់​កោះ និង​ឆ្នេរសមុទ្រ ឆ្ពោះទៅ​កាន់​ប៉ូល​ទេសចរណ៍​វប្បធម៌ និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ស្របពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្សព្វផ្សាយ​អំពី​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់ខ្លួន​ទៅកាន់​ពិភពលោក​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការគ្រោង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ធុរកិច្ច​ប៉ូឡូញ​មក​កាន់​កម្ពុជា​នា​ពេលខាងមុខ និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន IM Capital Holding បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់​ពន្ធ​កម្ពុជា​, ជាពិសេស​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ក្រសួង​ទេសចរណ៍ និង​ក្រុមប្រឹក្សា​ទេសចរណ៍​កម្ពុជា ដើម្បី​ពិភាក្សា​លម្អិត​បន្ថែម សំដៅ​ប្រែក្លាយ​ផែនការ និង​គំនិត​ផ្តួចផ្ដើម​ខាងលើ​ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្ដែង និង​ធានាបាន​នូវ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​សម្រាប់​រយៈពេល​វែង​៕

​

Leave a Reply

Your email address will not be published. Required fields are marked *