​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្បូងឃ្មុំ​

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែ​មេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​ត្បូងឃ្មុំ សរុប​ចំនួន​៨៨៩​នាក់​។

​ពិធី​ចុះ​ជួប​សំណេះសំណាល​នេះ ជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឲ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឲ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទន្ទឹម​នឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ​។

​នា​ឱកាស​នោះ សម្តេច​តេជោ​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​សារជាថ្មី​។ សម្តេច​តេជោ​បានកោតស​រសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​កន្លងមក ជាពិសេស​ការរួម​គ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុងសង្គម ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្ករ​ចលាចល​នានា​ក្នុងសង្គម​។​

​សម្តេច​តេជោ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​អោយបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​ដែល​នាំឱ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​តេជោ ក៏​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​ឱ្យបាន ស្ថិរភាព​សង្គម សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន ជាពិសេស​បង្ក្រាប​ឱ្យបាន​នូវ​អំពើ​ឆបោក​តាម​អន​ឡា​ញ​(Scam Online)​។​

​សម្ដេច​តេជោក៏បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ ចៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា​«​មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​» ។​

​សម្ដេច​តេជោក៏បាន​ជំរុ​ញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់គ្នា គាំទ្រ​ដល់​ការប្រមូល​ចំណូល ទាំង​ផ្នែក​ពន្ធគយ និង​ពន្ធដា​។ សម្ដេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ចូលរួម ថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការបំផ្លិចបំផ្លាញ និង​រួម​គ្នា​ក្នុង​ការថែរក្សា​ឲ្យបាន​គង់វង្ស​។ ទន្ទឹមនេះ សម្ដេច​តេជោ​ក៏​អោយ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស និង​មាន​ប្រសិទ្ធិភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ត្បូងឃ្មុំ ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​អោយ​ទទួលបាន​នូវ​ការ​ការរីកចម្រើន​ជា​បន្តបន្ទាប់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *