​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ផាម វ៉ាន់​ចា (Pham Van Tra) អតីត​សមាជិក​ការិយាល័យ​នយោបាយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា អតីតរដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្ដែង​ការគួរសម

​នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៦​ដដែល​នេះ បន្ទាប់​ពី​ជំនួប​ជាមួយ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ឯកឧត្តម Pham Van Tra អតីត​សមាជិក​ការិយាល័យ​នយោបាយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​អតីតរដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្ដែង​ការគួរសម​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការរីករា​យយ៉ាងខ្លាំ​ង​ដែល​សម្ដេច​បាន​ជួប​ជាមួយ​នឹង​ឯកឧត្តម Pham Van Tra ។

​សម្ដេច​បាន​ចាត់ទុក​ឯ​ក​ឧត្តម​គឺជា​មិត្ត​ចាស់​របស់​កម្ពុជា​ជាពិសេស​ឯកឧត្តម​បាន​ចូលរួម​ចំណែក​កន្លងមក​ក្នុង​បេសកកម្ម​រំដោះ​ប្រទេស​កម្ពុ​ជា​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​អនុស្សាវរីយ៍​ជាច្រើន​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម Pham Van Tra បាន​សម្ដែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​សាជាថ្មី បន្ទាប់​ពី​បែក​គ្នា​អស់​រយៈពេល​១០​ឆ្នាំ មកហើយ​។

​ឯកឧត្តម​បាន​លើកឡើង​ថា​ដំណើរ​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ​គឺ​មាន​ពីរ​សំខាន់ ៖
​ទី​១) គឺ​ថា​ចង់​មក​ជួប​សួរសុខទុក្ខ​សម្ដេច​តេជោ​តែម្ដង​ដែល​ជា​មិត្ត​ចាស់​ធ្លាប់​តស៊ូ​ជាមួយគ្នា​កន្លងមក​និង​ធ្លាប់​ធ្វើ​កិច្ច​ការងារ​ដ៏​ច្រើន​ជាមួយគ្នា
​ទី​២) ឯកឧត្តម​ចង់​មើល​នូវ​ទីតាំង​មួយចំនួន​ដែល​ជា​អនុស្សាវរីយ៍​ដែល​ឯកឧត្តម​ធ្លាប់​សហការ​ជាមួយនឹង​កម្ពុជា​នៅ​ក្នុង​ការរំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។

​នា​ឱកាស​នេះ​សម្ដេច​តេជោក៏បាន​អញ្ជើ​ញ​ឯកឧត្តម Pham Van Tra ទទួលទាន​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ក្នុង​បរិយាកាស​រីករាយ​ទៀតផង​៕

Leave a Reply

Your email address will not be published. Required fields are marked *