កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​

នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Bridgette L. Walker ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​លោក​ស្រី​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី Walker បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​ដោយ​ជោគជ័យ​នៅ​កម្ពុជា​។ លោកស្រី​បាន​កត់សម្គាល់​ឃើញថា ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​លើ​វិស័យ​ជាច្រើន ហើយ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ក៏​មាន​ការវិវឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ​រួមមាន មាន​ការបញ្ជូន​ត្រឡប់​មកវិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​, ការរៀបចំ​អបអរសាទរ​ខួប​លើក​ទី ៧៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ និង​ការកើនឡើង​នៃ​ចំនួន​គណៈប្រតិភូ​រដ្ឋាភិបាល​និង​សភា​សហរដ្ឋអាម៉េរិ​ក មក​ទស្សនកិច្ច​នៅ​កម្ពុជា ជាពិសេស​គណៈប្រតិភូ​នៃ​ក្រសួង​ការពារជាតិ និង​ការចូល​ចត​នៃ​នាវា​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាម៉េរិក នៅ​កម្ពុជា​។ លោកស្រី​បាន​បន្ថែមថា កម្ពុជា និង​សហរដ្ឋ​អាម៉េរិក កាលពី​ខែ​តុលា ឆ្នាំ​២០២៥ កន្លងទៅ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្ដីពី ពន្ធ​បដិការ សំដៅ​ពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន ។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​អបអរសាទរ​លោកស្រី​ភារធារី​ស្តីទី ដែល​បាន​បញ្ចប់​បេសកកម្ម​ការទូត​ប្រកបដោយ​ជោគជ័យ នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​លោកស្រី ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អា​មេ​រ៉េ​ក កាន់តែ​ជិតស្និទ្ធ និង​ស៊ីជម្រៅ ជាពិសេស​ក្នុង​ដំណាក់កាល​ដ៏​លំបាក​របស់​កម្ពុជា​។ សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​គូសបញ្ជាក់​នូវ​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាម៉េរិក​បន្ថែមទៀត​។ ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដែល​បាន​រួមចំណែក​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ​, សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គួ​ឡា​ឡាំ​ពួ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្ដីប្រកាស​រួម ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​។​

​សម្ដេច​ធិបតី និង​លោកស្រី Walker ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួនទៀត រួម​ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ សំដៅ​ទាក់ទាញ​វិនិយោគិន​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា​ឱ្យ​កាន់តែ​កើនឡើង​។ លោកស្រី​បាន​បន្តថា វិនិយោគិន​សហរដ្ឋ​អាម៉េរិក មាន​ការចាប់អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​។ សម្ដេច​ធិបតី​បាន​ជម្រាបជូន​ថា កម្ពុជា​បាននិងកំពុង​បន្ត​កែទម្រង់​ថែម​ទៀត ដើម្បី​បន្ត​បង្កើត​បរិយាកាស​វិនិយោគ​អំណោយផល និង​ទាក់ទាញ សំដៅ​ពង្រឹង​ភាព​ធន់ និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *