សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​នៃ​ខេត្ត​ស្វាយរៀង

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ពិសាខ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ស្វាយរៀង ចំនួន ១,៣០២​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​សាកលវិទ្យាល័យ​ស្វាយរៀង​។

​យោងតាម​របាយការណ៍​របស់​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង​បានឱ្យដឹងថា ខេត្ត​ស្វាយរៀង ចែកចេញ​ជា​២​ក្រុង ៦​ស្រុក ១២​សង្កាត់ ៦៨​ឃុំ និង ៦៩០​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៦៨៨៨៨​គ្រួសារ ស្មើនឹង ៦៩៨១៥៥​នាក់​។ ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​កសិកម្ម​ប្រមាណ​៥១,៥% របរ​សេវាកម្ម​៤៨% និង​មុខរបរ​សិប្បកម្ម​ប្រមាណ ០,៥%​។ ខេត្ត​នេះ​មាន​ព្រំប្រទល់​ខាងជើង និង​ខាងលិច​ជាប់​នឹង​ខេត្ត​ព្រៃវែង ខាងកើត និង​ខាងត្បូង ជាប់​ខេត្ត​តៃនីញ ប្រទេស​វៀតណាម​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ​បានឱ្យដឹង​ថា
​ដំណើរ​ឆ្ពោះ​ទៅកាន់​មូលដ្ឋាន​របស់​សម្ដេច​តេជោ​បានចាប់ផ្តើ​ម​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៦ ហើយ​រហូត​មកដល់ពេលនេះ ជា​លើក​ទី​៦​ហើយ​ដែល​សម្តេច​តេជោ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ រួម​មាន​ខេត្ត​កំពង់ចាម​, ត្បូងឃ្មុំ​, កំពង់ស្ពឺ តាកែវ​, កំពត​, និង​កែប​។​
​គោលដៅ​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​របស់​សម្តេច​តេជោ​គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​ធ្វើការ​ក្រើនរំឭក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​នៅថ្ងៃនេះ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរ​នាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេ​ជោបាន​ថ្វាយព្រះព​រ​ចំពោះ​ព្រះអង្គ សូម​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​១០០​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ប្រជុំ​ដល់​ប្រជារាស្ត្រ​ជា​កូន ជា​ចៅ ចៅ​ទូត របស់​ព្រះអង្គ​គ្រប់ៗ​រូប​។ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​ស្វាយរៀង​សាជាថ្មី​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទាក់ទង​នឹង​មន្ត្រី​កាង​ជនខិលខូច​នាំ​ទុរេន​ចូល​ពី​ថៃ ដែល​រដ្ឋាភិបាល​គួរ​ចាត់វិធានការ ដើម្បី​ព្រមាន​មន្ត្រី​ខិលខូច​នោះ​។ សម្តេច​បាន​បង្ហាញ​នូវ​ការហួសចិត្ត​ចំពោះ​មន្ត្រី​កាំកុងត្រូល​ខេត្ត​បាត់ដំបង​ដែល​ទៅ​ប្រកាស​ថា​ទុរេន​នោះ​ជា​ទុរេន​ខេត្ត​កំពង់ចាម ដោយ​សម្ដេច​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​មន្ត្រី​យើង​ទៅ​កាង​ជនខិលខូច ខណៈ​ដែល​ជន​ខិលខូច​បាន​សារភាពថា បាន​នាំចូល​ពី​ប្រទេស​ថៃ​។ បញ្ហា​នេះ​មិនមែន​ជា​រឿង​ពហិកា​នោះទេ តែ​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​ប្រជាពលរដ្ឋ​។ សម្តេច​បាន​ស្នើ​ឱ្យ​ពិនិត្យ​ដក​មន្ត្រី​កាំកុងត្រូល​ដែល​កុហក​រឿង​ទុរេន​នាំចូល​នេះ ដើម្បី​ជា​សារ​ព្រមាន​មន្ត្រី​ទាំងអស់​កុំឱ្យ​ពូកែ​កុហក​ថ្នាក់លើ និង​ប្រជាជន​។​

​សម្តេច​តេជោក៏បាន​ក្រើន​រំ​ឭក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់ និង​សេវា​តម្រូវការ​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន និង​រហ័ស​។ សម្តេច​ក៏​បាន​ជំរុញ​ឱ្យ​ពន្លឿន​ការផ្តល់​សេវា​លើ​ការធ្វើ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យ​ជា​ពលរដ្ឋ​ឱ្យ​កាន់តែ​លឿន​ថែម​ទៀត ដើម្បី​បញ្ចៀស​ភាព​ថ្នាំងថ្នាក់​នៅ​មូលដ្ឋាន​។

​ពី​ខេត្ត​ស្វាយរៀង​នៅថ្ងៃនេះ សម្តេច​តេជោ​បាន​បន្ត​រំលឹក​ដល់​អាជ្ញាធរ​ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​គ្រួសារ​យុទ្ធជន​ជួរមុខ យុទ្ធ​ពលី ពិការ និង​គ្រួសារ​អតីតយុទ្ធជន​។ សម្តេច​បន្តថា ក្នុងនាម​ជា​អ្នក​ធ្លាប់​ប្រឡូក​ជីវិត​ជា​យុទ្ធជន​លើ​សមរភូមិ​មួយរូប​ដែរនោះ សម្តេច​បាន​យល់​ច្បាស់​ពី​ការលំបាក​ទាំងឡាយ​របស់​យុទ្ធជន​ក្នុង​កិច្ច​ការពារ​ជាតិ និង​ទឹកដី​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា យុទ្ធជន​បាន​យក​ទ្រូង​របស់​ពួកគេ​ទៅ​ការពារជាតិ ការពារ​ទឹកដី និង​ប្រជាជន តើ​ហេតុអ្វី​មន្ត្រី​មិនអាច​ចែករំលែក​ក្តីស្រលាញ់​ទៅ​ដល់​ពួកគេ​។​

​សម្ដេច​តេជោក៏បាន​ជំរុ​ញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការបំផ្លិចបំផ្លាញ និង​រួម​គ្នា​ក្នុង​ការថែរក្សា​ឱ្យបាន​គង់វង្ស​។​សម្ដេច​តេជោក៏បាន​ក្រើន​រំ​ឭក​ដល់​មន្ត្រី​ទាំងអស់ ចៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា «​មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​»
​ត្រូវធ្វើ​ជា​មន្ត្រី​ជើង​២ មិន​ត្រូវ​ធ្វើ​ជា​មន្ត្រី​ជើង​១០​ឡើយ​។

​សម្តេច​តេជោ​ក៏​បាន​រំលឹក​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​តាម​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ស្វាយរៀង​ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *