សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណបក្សនយោបាយ​ក្នុង​សម្ព័ន្ធភាព​

នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធភាព បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណបក្សនយោបាយ​ក្នុង​សម្ព័ន្ធភាព​ដែល​មាន​ការចូលរួម​ពី​គណបក្ស​នយោបាយ​សរុប​ទាំង​២៩​គណបក្ស​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានឱ្យដឹងថា កិច្ចប្រជុំ​គណបក្សនយោបាយ​ក្នុង​សម្ព័ន្ធភាព គឺជា​ការអនុវត្ត​ទៅ​តាម​បទបញ្ជា​ផ្ទៃក្នុង​គណបក្ស​ដែល​តែងតែ​ធ្វើឡើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ម្តង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​សហប្រតិបត្តិកា​រ​សម្ព័ន្ធភាព ក្រៅពីនេះ​នៅ​មាន​ក្រុម​ការងារ​សម្របសម្រួល​គឺ​ប្រជុំ​រៀងរាល់​បី​ខែម្តង​។ ឯកឧត្តម​រំលឹកថា កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​នានា​នៅ​កម្ពុជា ហើយ​ការ​ចងសម្ព័ន្ធ​នេះ ជា​ការឆ្លុះបញ្ចាំង​អំពី​សាមគ្គីភាព នៃ​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ហើយ​ត្រូវការ​កម្លាំង​មួយ​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និង​សន្តិភាព ទប់ស្កាត់​កម្លាំង​ជ្រុលនិយម​។​
​គណបក្ស​សម្ព័ន្ធភាព​បា​ន​ធ្វើ​កិច្ច​ការងារ​ជាច្រើន​ក្នុង​គោលដៅ និង​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​ទាំង​៨​ចំណុច​ដែល​បាន​សម្រេច​រួម​គ្នា​នា​ពេល​កន្លង​ទៅ​។ នៅក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​អំពី​ស្ថានភាព​នៃ​ស្ថានភាព​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ជាពិសេស​សម្ដេច​បាន​កោ​ត​សរសើរ​ចំពោះ​គណបក្ស​សម្ព័ន្ធភាព​ទាំង​២៩ ដែល​បាន​រួមគ្នា​ធ្វើ​នៅក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​នៅ​ក្នុងអំឡុងពេល​ដែល​ថៃ​ឈ្លានពាន​។
​សម្ដេច​ក៏​បាន​សរសើរ​ចំពោះ​ការ​រួបរួមសាមគ្គី​គ្នា​នេះ និង​ការចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ក្នុងការ​ថ្កោលទោស​ប្រទេស​ឈ្លានពាន​កម្ពុជា និង​សកម្មភាព​មួយចំនួនទៀត​ដែល​បណ្ដា​គណបក្ស​នយោបាយ​ក្នុង​សម្ព័ន្ធភាព​បានធ្វើ​កិច្ច​ការងារ​ជួយ​ដល់​ជនភៀសសឹក ដូចជា​ការចែក​នូវ​អំណោយ​,​សម្ភារៈ និង​គ្រឿងឧបភោគ​បរិភោគ​ដល់​ទាហាន​របស់​យើង ដែល​នេះ​ជា​ការបង្ហាញ​នូវ​កាយវិការ​នៃ​ទឹកចិត្ត​ក្នុង​ការចូលរួមចំណែក​ការពារ​បូរណភាព​ទឹកដី ដូច​ខ្លឹមសារ​មានចែង​នៅក្នុង​ចំណុច​ទី​៣ ដែល​គណបក្ស​ទាំងអស់​ត្រូវ​ការពារ​នូវ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​របស់​ជាតិ​។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ទឹកដី​របស់​កម្ពុជា​នេះ មិនមែន​ជា​របស់​គណ​បក្ស​ណាមួយ ហើយ​ក៏​មិនមែន​ជា​របស់​អ្នកណា ក្រុម​ណាមួយ​ឡើយ​ប៉ុន្តែ​វា​ជា​របស់​យើងទាំងអស់គ្នា​។ សម្ដេច​តេជោ​សង្កត់ធ្ងន់​ថា មាន​ជាតិ មាន​ទឹកដី ទើប​យើង​មាន​គណបក្សនយោបាយ​ដែល​យើង​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​បាន​ជា​សម្ព័ន្ធភាព​នៃ​គណបក្សនយោបាយ​ទាំងអស់ គឺ​រួមគ្នា​ការពារ​នូវ​បូរណភាព​ទឹកដី ដូច​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​។

​នៅក្នុង​កិច្ចប្រជុំ​នេះ គណបក្ស​សម្ព័ន្ធភាព បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ជាមួយ​ថៃ ដោយ​សន្តិវិធី និង​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​យន្តការ​អន្តរជាតិ​ទាំងឡាយ​ដែល​គណបក្ស​សម្ព័ន្ធភាព​តែងតែ​គាំទ្រ និង​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​។ សម្ដេច​តេជោក៏បាន​សង្កត់ធ្ងន់​ទៅលើ​ផ្ទៃក្នុង​នៃ​សម្ព័ន្ធភា​ព​ដើម្បី​រក្សា​នូវ​សម្ព័ន្ធភាព​នៃ​គណបក្ស​ទាំង ២៩​នេះ​ឱ្យ​នៅ​ឋិត​ថេរ និង​រឹងមាំ​។

​ទាក់ទង​ទៅនឹង​ការបង្កើត​គណបក្ស​ថ្មី សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា គណបក្ស​ថ្មី​ទាំងឡាយណា​ដែល​បំបែកចេញ​អំពី​គណបក្ស​សម្ព័ន្ធភាព​នេះ មិន​គាំទ្រ​ឱ្យចូល​ជាមួយ​គណបក្ស​សម្ព័ន្ធ​នោះទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *