សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ​អង្គភាព​នានា ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ​អង្គភាព​នានា ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​៤,៣៤៤​នាក់ ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ពិធី​សំណេះសំណាល​នា​ព្រឹក​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​,​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​។

​យោងតាម​របាយការណ៍​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ភ្នំពេញ​គឺជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត ដែល​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ រាជធានី​ភ្នំពេញ​មាន​ផ្ទៃដី​សរុប ៦៩៥,៤៦​គីឡូម៉ែត្រ​ក្រឡា បែងចែក​ជា​១៤​ខណ្ឌ ១០៥​សង្កាត់ និង​៩៥៣​ភូមិ ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ត្រង់​ទន្លេចតុមុខ ដែល​ជា​ចំណុចប្រសព្វ​រវាង​ទន្លេមេគង្គ​លើ ទន្លេ​មេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់​នឹង​ស្រុក​អង្គស្នួល ខាងកើត​ទល់​នឹង​ក្រុង​អរិយ​ក្សត្រ និង​ស្រុក​កៀនស្វាយ ខាងជើង​ទល់នឹង​ស្រុក​មុខកំពូល និង​ស្រុក​ពញាឮ ខាងត្បូង​ទល់​នឹង​ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​ភ្នំពេញ​មាន​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍​ប្រមាណ​ជា ២,៣​លាន​នាក់ និង​ប្រជាជន​ស្នាក់​នៅ​បម្រើ​ការងារ​ប្រមាណ​ជា​៨០​ម៉ឺន​នាក់ ក្នុង​អត្រា​កំណើន​០,៦​ភាគរយ​ក្នុង​មួយឆ្នាំ និង​មាន​ដង់ស៊ីតេ​ប្រមាណ ៣.៤៦៥​នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ក្រឡា​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​នេះ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំឭក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ​ពិសេស​ជូន​ដល់​ជនរួមជាតិ​ទាក់ទង​ទៅនឹងការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គឺ​នៅតែ​ជា​កិច្ច​ការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​។​សម្ដេច​បាន​បញ្ជាក់ថា ការ​បោសសម្អាត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ត្រូវ​ធ្វើឡើង​ទន្ទឹម​គ្នា​រវាង​ការ​បោសសម្អាត​ក្រុម​ឆបោក និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​រឿងនេះ​។ វិធានការ​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា​នេះ សម្តេច​បាន​ស្នើ​ដាក់​ចេញ​ជា​២​កម្រិត ដោយ​កម្រិត​ទី​១ គឺ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នោះ មិន​ត្រឹមតែ​ដក​តំណែង​នោះ​ទេ គឺ​ត្រូវ​ចោទប្រកាន់​លើ​ផ្លូវ​តុលាការ​ទៀត និង​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ថែមទៀត និង​កម្រិត​ទី​២ គឺ​ត្រូវ​ដកចេញ​ពី​តំណែង ហើយ​យក​មក​កន្លែង​ថ្មី​។ សម្ដេច​បាន​បញ្ជាក់ទៀតថា បើ​អភិបាលខេត្ត​,​អភិបាលស្រុក ណា​ដែល​មិន​ចូលរួម​ក្នុង​ការអនុវត្ត​អំពើ​ឆបោក​តាម​អន​ឡាញ​នេះ គឺ​ស្នើ​ឱ្យ​ដកចេញ​ពី​តំណែង ហើយ​គ្មាន​ការយោគយល់​នោះទេ ​កុំថាឡើយ​កូន​មេដឹកនាំ​មាន​គុណសម្បត្តិ​ចំពោះ​ជាតិ កុំ​និយាយ​ថា​បាន​ប្រឹងប្រែង​ធ្វើការ និង​កសាង​ស្នាដៃ​ចំពោះ​ជាតិ​មាតុភូមិ គឺ​មិន​មាន​ការយោគយល់​ឡើយ​។ កម្ពុជា​ត្រូវតែ​ធ្វើឱ្យ​ពិភពលោក​បាន​ឃើញ​នូវ​ឆន្ទៈ​ក្នុងការ​បោសសម្អាត​ទង្វើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។

​សម្តេច​តេជោក៏បាន​ណែនាំ​ឱ្យ​ដក​ចៅហ្វាយខេត្ត មេ​ប៉េអឹម មេ​ប៉ូលិស ទាំងឡាយ​ណា​ត្រូវ​ពិនិត្យមើល​លើ​ការងារ​នេះ​។ ជាមួយគ្នា​នោះ សម្តេច​តេជោក៏បាន​បង្ហើប​ឱ្យដឹងទៀតថា នៅ​ខេត្ត​រតនគិរី ក៏​កំពុង​មាន​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផងដែរ ហើយ​សម្តេច​បាន​ផ្តាំ​ទៅ​អភិបាលខេត្ត​រតនគិរី និង​អភិបាលខេត្ត​មណ្ឌលគិរី មេ​នគរបាល និង​មេ​កងរាជអាវុធហត្ថ​ដែល​ទើប​តែងតាំង​ថ្មី ឱ្យ​ចាត់វិធានការ​តឹងរឹង​បំផុត​លើ​ជម្រក​ក្រុម​ឆបោក​តាម​បច្ចេកវិទ្យា​នេះ​។

​នៅ​ព្រឹក​នេះ សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​គាំទ្រ​រាជរដ្ឋាភិបា​ល​ដែល​ឲ្យ​កងទ័ព និង​នគរបាល​ទាំងអស់ បើកប្រាក់​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ ដែល​នេះ​បង្ហាញ​ពី​ល្បឿន​នៃ​កំណែទម្រង់​រដ្ឋ និង​ក៏​ឲ្យ​ប្រាកដ​ពី​ចំនួន​ច្បាស់លាស់ មិន​ត្រូវបាន​បាត់បង់​។ សម្តេច​តេជោ​បាន​បន្ត​រំលឹក​ដល់​អាជ្ញាធរ​ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​គ្រួសារ​យុទ្ធជន​ជួរមុខ យុទ្ធ​ពលី ពិការ និង​គ្រួសារ​អតីតយុទ្ធជន​។ សម្តេច​បន្តថា ក្នុងនាម​ជា​អ្នក​ធ្លាប់​ប្រឡូក​ជីវិត​ជា​យុទ្ធជន​លើ​សមរភូមិ​មួយរូប​ដែរនោះ សម្តេច​បាន​យល់​ច្បាស់​ពី​ការលំបាក​ទាំងឡាយ​របស់​យុទ្ធជន​ក្នុង​កិច្ច​ការពារ​ជាតិ និង​ទឹកដី​។ សម្តេច​តេជោ​ក៏បានរំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន​និង​បង្ក្រាប​ឱ្យបាន​នូវ​អំពើ​ឆបោក​តាម​អន​ឡា​ញ​។ ទន្ទឹមនេះ សម្ដេច​តេ​ជោក៏​ឱ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។

​សម្ដេច​តេជោ​សុំឱ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​ចូលរួម​សម្រេច​ឲ្យបាន​នូវ​ភាពជោគជ័យ នៃ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​(​ហ្វ្រង់​កូហ្វូ​នី​) នៅពេល​ខាងមុខ ដោយ​កម្ពុជា​យើង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ ជា​ពិសេស​រាជធានី​ភ្នំពេញ​ត្រូវ​ទទួល​រៀបចំ​នូវ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​។

​ជា​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​រាជធានី​ភ្នំពេញ ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ទីក្រុង​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕​

Leave a Reply

Your email address will not be published. Required fields are marked *