រាជរដ្ឋាភិបាល ដាក់ឱ្យ​អនុវត្ត​ផែនការ ៥​ឆ្នាំ ដំណាក់កាល​ទី​២ ដើម្បី​ពន្លឿន​ការផ្ទេរ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​មាន​គុណភាព​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប​. គណៈកម្មាធិការ​ ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការ​រយៈពេល ៥​ឆ្នាំ ដំណាក់កាល​ទី​២ (២០២៦-២០៣០) នៃ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​បន្ត​រុញច្រាន​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឱ្យ​កាន់តែ​ស៊ីជម្រៅ ក្នុង​គោលបំណង​លើកកម្ពស់​សេដ្ឋកិច្ច មូលដ្ឋាន និង​គុណភាព​ជីវិត​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​អំពាវនាវ​ដល់​សាធារណជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ចូលរួម​គាំទ្រ និង​អនុវត្ត​ផែនការ​នេះ​ឱ្យ​សម្រេចបាន​ជោគជ័យ​។ ផ្អែក​លើ​ស្មារតី​នៃ​ផែនការ​ថ្មី​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ដាក់ចេញ​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន ទៅកាន់​បណ្ដា​តួអង្គ​ពាក់ព័ន្ធ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​ពី​ការ​ពន្លឿន​ការផ្ទេរ​មុខងារ និង​ថវិកា ដោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រុញច្រាន​ការផ្ទេរ​មុខងារ និង​ធនធាន​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​បាន​លឿន ព្រមទាំង​បង្កើន​ការបណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​មូលដ្ឋាន ដើម្បី​ធានា​ការទទួលខុសត្រូវ​ខ្ពស់ ខណៈ​ការលើកកម្ពស់​សេវា​ច្រកចេញចូល​តែមួយ តួអង្គ​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្តល់​សេវាសាធារណៈ​ឱ្យបាន​លឿន មាន​តម្លាភាព គ្មាន​ការរើសអើង និង​បើក​ទូលាយ​ឱ្យ​សាធារណជន និង​សង្គម​ស៊ីវិល​ចូលរួម​តាមដាន​ត្រួតពិនិត្យ​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​អំពី​ការពង្រឹង​កិច្ចសហការ​អន្តរក្រសួង ដោយ​បង្កើន​ការសម្របសម្រួល​រវាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​ថវិកា​អភិវឌ្ឍន៍​ត្រូវបាន​ប្រើប្រាស់​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​បំផុត ស្របពេល​ដែល​ការចាត់ទុក​កំណែទម្រង់​ជា​ស្នូល​យុទ្ធសាស្ត្រ គ្រប់​តួអង្គ​ត្រូវ​បន្ត​ដៅ​យក​កំណែទម្រង់​អភិបាលកិច្ច​ថ្នាក់ក្រោម​ជាតិ ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ព្រោះ​វា​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់​ថា ការដាក់ចេញ​ផែនការ ៥​ឆ្នាំ ដំណាក់កាល​ទី​២ (២០២៦-២០៣០) នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ថ្នាក់ក្រោម​ជាតិ ឱ្យមាន​សមត្ថភាព គណនេយ្យភាព និង​ភាពម្ចាស់ការ​ខ្ពស់ ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅតា​មមូលដ្ឋាន​។ ការដាក់ចេញ​ផែនការ​នេះ ជា​ការប្រតិបត្តិ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឈរ​លើ​មូលដ្ឋាន​នៃ​មរតក​ដឹកនាំ​របស់​សម្ដេច​តេជោ​អតីតនាយ​ករដ្ឋមន្ត្រី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ភាពកក់ក្ដៅ​ពី​ការបម្រើ​សេវា​សាធារណៈ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *