សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក ផាក ជូ​បុង (Park Joo Bong) ប្រធាន​ក្រុមហ៊ុន Daejoo KC Group និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ទីក្រុង​អ៊ី​ន​ឆន់ ចូលជួប​សម្ដែង​ការគួរសម​

នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក ផាក ជូ​បុង (Park Joo Bong) ប្រធាន​ក្រុមហ៊ុន Daejoo KC Group និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ទីក្រុង​អ៊ី​ន​ឆន់ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេច​តេជោ បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការស្វាគមន៍​ចំពោះ លោក ផាក ជូ​បុង និង​សហការី​ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា ការ​ទស្សនកិច្ច​របស់​ក្រុម​អ្នកវិនិយោគ​កូរ៉េ​មក​កាន់​កម្ពុជា​នៅពេល​នេះ​នឹង​បាន​ស្វែងរក​ឱកាស​បន្ថែមទៀត​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា​។

​ក្នុងឱកាស​នោះ លោក ផាក ជូ​បុង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​លោក និង​ក្រុម​អ្នកវិនិយោគ​បាន​ជួប​សម្ដែង​ការគួរសម​នាឱកាស​នេះ​។ លោក​បាន​លើកឡើង​នូវ​ទិដ្ឋភាព​បរិយាកាស​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​លោក​បាន​រំលេច​ថា​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សុវត្ថិភាព​ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​។ លោក​បន្តថា​នៅពេល​នេះ​ក្រុម​អ្នកវិនិយោគ​កំពុងតែ​ស្វែងរក​ឱកាស​បន្ថែមទៀត​ដើម្បី​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ទៅលើ​វិស័យ​កសិកម្ម ហើយ​អ្វី​ដែល​ជា​ការកត់សម្គាល់​សំខាន់​នោះ​គឺ​ទៅ​លើ​ស្វាយចន្ទី​។

​ក្នុងឱកាស​នោះ សម្ដេច​តេជោ​បាន​សម្ដែង​ការ​អរគុ​ណ​ចំពោះ​ការចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​សាធារណរដ្ឋ​កូរ៉េ​មកកាន់​ប្រទេស​កម្ពុជា​។ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រចាប់អារ​ម្មណ៍​ទៅលើ​ការវិនិយោគ​ផ្នែក​កសិកម្ម​ពោល​គឺ​ស្វាយចន្ទី ដោយ​សម្ដេច​បាន​រំលេច​ថា ប្រទេស​កម្ពុជា​មាន​នូវ​ផលិតផល​ជាច្រើន​សម្រាប់​ធ្វើ​ការវិនិយោគ​បន្តទៀត ជាពិសេស​គឺ​ផលិតផល​កសិកម្ម​ដែល​ជា​វត្ថុធាតុដើម​។ សម្ដេច​បន្ត​ទៀត​ថា អ្វី​ដែល​កម្ពុជា​ត្រូវការ​បន្ថែម​នោះ​គឺ​អ្នកវិនិយោគ​ដែល​អាច​កែច្នៃ​នូវ​កសិផល​របស់​កម្ពុ​ជា​ដើម្បី​យកទៅលក់​នៅ​ទីផ្សារ​កូរ៉េ​ផង និង​នៅលើ​ទីផ្សារ​ពិភពលោក​ផង​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េ គឺ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នេះឯង ដូច្នេះ​តាមរយៈ​ក្រុម​អ្នក​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​មក​កាន់​ប្រទេស​កម្ពុជា​នៅពេលនេះ នឹង​ជា​ឱកាស​បន្ថែមទៀត​ដើម្បី​ធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ជាមួយគ្នានេះ សម្ដេច​តេ​ជោបាន​សង្កត់​ធ្ងន់​ទៅ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​ពេល​នេះ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា​ហើយ​សម្ដេច​សង្ឃឹមថា ទៅ​ថ្ងៃ​ខាងមុខ ជាពិសេស​នៅក្នុង​ឱកាស​ខួប​៣០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ​ឡើងវិញ​នោះ គឺ​ប្រទេស​ទាំង​ពីរ​នឹង​អាច​ដើរ​ដល់​ជំហាន​មួយទៀត​គឺ​ការបង្កើត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយគ្នា​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ ឱ្យ​ក្រុម​អ្នកវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​ក្រុម​អ្នកវិនិយោគ​របស់​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អ៊ី​ន​ឆន់ ទទួលបាន​ឱកាស​វិនិយោគ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា និង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ក្តី​រីករាយ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *