ឯកអគ្គរដ្ឋទូត​បញ្ចប់​អាណត្តិ​ហុងគ្រី​៖ កម្ពុជា​គឺជា​ដៃគូ​ដ៏​ជិតស្និទ្ធ​របស់​ហុងគ្រី

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ហុងគ្រី ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ហុងគ្រី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំង​ពីរ និង​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​នេះ​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា និង​បានប្រែក្លាយ​ប្រទេស​ទាំង​ពីរ ទៅ​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​។ ជាក់ស្ដែង​, ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​រវាង​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនង​រវាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ គឺ​ស្ដែង​ឱ្យឃើញ​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការជំរុញ និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​  ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ហុងគ្រី​នឹង​នៅតែ​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកល​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការជំរុញ និង​ពង្រីក​ទំនាក់ទំនង ព្រមទាំង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​។ សម្ដេច​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ហុងគ្រី ដែល​បាននិងកំពុង​បន្ត​ផ្ដល់​អាហារូបករណ៍ និង​យកចិត្តទុកដាក់​ចំពោះ​និស្សិត​កម្ពុជា ដើម្បី​បន្ត​ចូល​រួមចំណែក​កសាង​ធនធាន​មនុស្ស​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​និង​រដ្ឋ​គឺ​ពិតជា​មាន​សារៈសំខាន់ តែ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ក៏​មាន​តួនាទី​សំខាន់​ដូចគ្នា ក្នុង​ការជំរុញ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ជិតសិ្នទ្ធ​បន្ថែមទៀត​។ សម្ដេច​ធិបតី​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​, តំបន់ និង​សកល​។ សម្ដេច​ធិបតី ក៏​បាន​ជំរុញ​ឱ្យ​កម្ពុជា​- ហុងគ្រី​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​និង​ឯកជន ឱ្យ​កាន់តែ​ស្អិតរ​មួ​ត តាមរយៈ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច ដែល​ផ្ដោត​លើ​វិស័យ​អាទិភាព​មួយចំនួន ដូចជា ការគ្រប់គ្រង​ធនធាន​ទឹក និង​ក​សិ​-​ឧស្សាហកម្ម ជាដើម​។ សម្ដេច​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ហុងគ្រី ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ព្រោះ​ប្រទេស​ទាំង​ពីរ​នៅតែ​មាន​វិស័យ​សក្តានុពល​ជាច្រើន​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *