​ឯកអគ្គរដ្ឋទូត​បញ្ចប់​អាណត្តិ​ស្វីស​៖ រដ្ឋាភិបាល​ស្វីស​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃ​សហព័ន្ធ​ស្វីស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​កោ​ត​សរសើរ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​រហ័ស​របស់​កម្ពុជា និង​បាន​ស​ម្ដែងក្តី​សោមនស្ស​រីករាយ និង​មោទនភាព ដែល​បាន​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ជាមួយនឹង​ការដកស្រង់​បទពិសោធន៍ ក៏​ដូចជា​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ សម្បត្តិ​វប្បធម៌ និង​អរិយធម៌​ដ៏​សម្បូណ៌​បែប​របស់​កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​គូសបញ្ជាក់​អំពី​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ស្វីស ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ការឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​យ៉ាង​សកម្ម​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ជំរុញ​ការពង្រឹង និង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម នៅ​កម្ពុជា​។ សម្ដេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ស្វីស ដែល​បន្ត​គាំទ្រ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ជាពិសេស​មន្ទីរពេទ្យ​គន្ធបុប្ផា​។​  សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការពង្រឹង​វិស័យ​សុខាភិបាល និង​ការយកចិត្តទុកដាក់​លើ​សុខុមាលភាព​របស់​ប្រជាជន ជា​អាទិភាព​ដ៏​សំខាន់ និង ចាំបាច់​របស់​កម្ពុជា​។ បន្ថែម​លើ​នេះ​, សម្ដេច​ធិបតី​បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អប្រសើរ ព្រមទាំង​បាន​គូសបញ្ជាក់ថា កម្ពុជា​និង​ស្វីស​នៅ​មាន​សក្តានុពល​ជាច្រើ​ន​ទៀត​នៅក្នុង​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ ជាពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច​, វិនិយោគ​, ពាណិជ្ជកម្ម និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ក្នុង​ជំនួប​នេះ​ដែរ​, សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាង​កម្ពុជា​និង​ថៃ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ស្វីស​គាំទ្រ​ការបន្ត​អនុវត្ត​បទ​ឈប់​បាញ់​របស់​ភាគី​ទាំងពីរ​ ​និង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី អនុលោម​តាម​ច្បាប់​អន្តរជាតិ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *