សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ពោធិ៍សាត់​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ពោធិ៍សាត់ ចំនួន ៧៧៥​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​សាលាខេត្ត​ពោធិ៍សាត់​។

​នេះ​ជា​បេសកកម្ម​លើក​ទី​១០ និង​១១​ខេត្ត​-​ក្រុង​ហើយ របស់​សម្ដេច​តេជោ ក្នុង​ការចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​ស្ថាប័ន​នានា​តាម​បណ្ដា​រាជធានី​ខេត្ត ដោយ​ពី​ផ្ដើម​ពី​ខេត្ត​កំពង់ចាម​,​ត្បូងឃ្មុំ​, កំពង់ស្ពឺ​,​តាកែវ​,​កំពត​,​កែប​,​ស្វាយរៀង​,​ព្រៃវែង​,​ភ្នំពេញ​,​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃនេះ​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ខេត្ត​ពោធិ៍សាត់ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី​ខេត្ត​ទាំង​២៥ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្ងាយ ១៨៦​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ខេត្ត​ទទួលបាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​សម្រាប់​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ ក្នុង​នោះ​ទាក់ទង​ទៅ​នឹង​វិស័យ​ថាមពល ខេត្ត​ពោធិ៍សាត់ មាន​វា​រី​អគ្គិសនី​៣​កន្លែង​,​ទី​១​ដែល​មាន​អានុភាព​១២០​មេហ្កា​វ៉ាត់​ស្ថិតនៅ​ស្ទឹង​អាតៃ​,​ទី​២​មាន​អានុភាព​៨០​មេហ្កា​វ៉ាត់ ស្ថិតនៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ​ស្រុក​វាលវែង​(​ដែល​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​តេជោ ហ៊ុន សែន​) និង​ទី​៣​អានុភាព​១៥០​មេហ្កា​វ៉ាត់​ដែល​កំពុង​សាងស​ង់​គឺ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ​និង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​ស្ថិតនៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា​ស្រុក​វាលវែង​។ ជាមួយគ្នា​នេះ​ខេត្ត​ពោធិ៍សាត់​មាន​ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​ស្រុក​ក្រគរ​ដែល​មាន​អានុភាព​ផលិត​អគ្គិសនី​បាន​២៤០​មេហ្កា​វ៉ាត់​កំពុងដំណើរការ និង​គ្រោង​សាងសង់​ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មាន​អានុភាព​៣៥០​មេហ្កា​វ៉ាត់​បន្ថែម​ទៀត​ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ក្នុងនោះ​ក៏​មាន​ស្ថានីយ​ស្តុក​ថាមពល​ដោយ​អាគុយ​២០០​មេហ្កា​វ៉ាត់​ផងដែរ​។ ចំពោះ​វិស័យ​ឧស្សាហកម្ម​វិញ ខេត្ត​នេះ​មាន​រោងចក្រ​សហគ្រាស​ជាច្រើន​កន្លែង​ដូចជា រោងចក្រ​ដំឡើង​រថយន្តហ្វ័ត​(Ford)​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​អេឡិចត្រូនិក រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​ផលិត​ទឹកស្អាត និង​សហគ្រាស​មួយចំនួន​ទៀត​ដែល​អាច​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​១៥៨១៥​នាក់​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​សម្តេច​តេជោ​នាពេលនេះ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំឭក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់​នេះ​សាជាថ្មី​។
​សម្តេច​តេជោ​បានកោតស​រសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​នៅ​ខេត្តពោធិ៍សាត់​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក ជាពិសេស​ការរួម​គ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុងសង្គម ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្កចលាចល​នានា​ក្នុងសង្គម​។​
​សម្តេច​តេជោក៏បាន​ក្រើន​រំ​ឭក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​។
​សម្ដេច​បាន​ជំរុញ និង​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធដារ និង​ពន្ធគយ រួម​ទាំង​វិធានការ​តឹងរ៉ឹង​ក្នុង​ការទប់ស្កាត់​អំពើ​រត់គេច​ពន្ធ ឬ​ការរកស៊ី​មិន​បង់ពន្ធ ដើម្បី​ធានាបាន​នូវ​ចំណូល​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្តេច​ក៏​បាន​រំឭក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​បច្ចេកវិទ្យា​។ សម្តេច​តេជោ​បាន​បន្ត​រំឭក​ដល់​អាជ្ញាធរ​ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​គ្រួសារ​យុទ្ធជន​ជួរមុខ យុទ្ធ​ពលី ពិការ និង​គ្រួសារ​អតីតយុទ្ធជន​។ សម្តេច​បន្តថា ក្នុងនាម​សម្ដេច​ជា​អ្នក​ធ្លាប់​ប្រឡូក​ជីវិត​ជា​យុទ្ធជន​លើ​សមរភូមិ​មួយ​រូប​ដែរ​នោះ សម្តេច​បាន​យល់​ច្បាស់​ពី​ការលំបាក​ទាំងឡាយ​របស់​យុទ្ធជន​ក្នុង​កិច្ច​ការពារ​ជាតិ និង​ទឹកដី ដូច្នេះ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ពួកគាត់ តាមរយៈ​ការ​ចុះសួរសុខទុក្ខ និង​បង្កើត​កម្មវិធី​ផ្សេងៗ ដើម្បី​ឱ្យ​ពួកគាត់​មាន​ភាពកក់ក្តៅ​។​

​សម្ដេច​តេ​ជោបាន​ក្រើនរំឭក​ដល់​មន្ត្រី​ទាំងអស់ ចៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា «​មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​»​។
​ទន្ទឹមនេះ សម្ដេច​តេ​ជោក៏​ឱ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។

​សម្ដេច​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការ​បំភ្លេច​បំផ្លាញ និង​រួម​គ្នា​ក្នុង​ការថែរក្សា​ឱ្យបាន​គង់វង្ស​។

​ជា​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ពោធិ៍សាត់​ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *