សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល មិន​មាន​ផែនការ​កាត់​ចំណាយ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ទៅ​បំពេញ​ឱ្យ​តម្រូវការ​វិស័យ​ការពារ​ជាតិ​ទេ ផ្ទុយទៅវិញ គម្រោង​ចំណាយ មាន​តែ​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង

នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា ៖ រាជរដ្ឋាភិបាល មិន​មាន​ផែនការ​កាត់​ចំណាយ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ទៅ​បំពេញ​ឱ្យ​តម្រូវការ​វិស័យ​ការពារ​ជាតិ​ទេ ។ ផ្ទុយទៅវិញ គម្រោង​ចំណាយ របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​សង្គមកិច្ច ដែល​រួមមាន​វិស័យ​អប់រំ និង​សុខាភិបាល មាន​តែ​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង ព្រោះ​ការវិនិយោគ ដើម្បី​ពង្រឹង​ធនធានមនុស្ស​នៅ​តែ​ជា​អាទិភាព​ទី​មួយ​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​កម្ពស់ ៣​ជាន់​, សមិទ្ធផល​នានា និង​ប្រគល់​សញ្ញាបត្រ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន និង​សញ្ញាបត្រ​បរិញ្ញាបត្រ​អប់រំ ឯកទេស​អប់រំ​កាយ ជូន​ដល់​គរុ​សិស្ស គរុ​និស្សិត នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ ថា​
​ក្នុង​បរិការណ៍​សកល​ពោរពេញ​ដោយ​ហានិភ័យ និង ភាពមិនប្រាកដប្រជា​ខ្ពស់​, កម្ពុជា​ត្រូវតែ​ពន្លឿន​ការកែទម្រង់ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យសេដ្ឋកិច្ច និង វិស័យ​ការពារ​ជាតិ ស្រប​តាម​ពាក្យស្លោក «​មុជ​ឱ្យ​ជ្រៅ ទៅ​ឱ្យ​ឆ្ងាយ​» តាមរយៈ ការបន្ត​ពូន​ជ្រុំ​មូលធន​មនុស្ស​ស្របតាម​ទិសដៅ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​, និង ការបន្ត​លើកកម្ពស់​ចំណេះដឹង​, ចំណេះធ្វើ​, សីលធម៌ និង វិន័យ របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ឆ្លើយតប​បាន​កាន់តែ​ប្រសើរ និង ទាន់ពេល ទៅ​នឹង​សេចក្តីត្រូវការ​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង កិច្ច​ការពារ​ជាតិ​មាតុភូមិ ។​

​ព្រម​ជាមួយគ្នានេះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការគូសបញ្ជាក់​អំពី​ផែនការ​ចំណាយ​របស់​រា​ជ​រដ្ឋាភិបាល​ចំពោះ​វិស័យ​អប់រំ សុខាភិបាល និង​សង្គមកិច្ច ថា​រាជរដ្ឋាភិបាល​មិន​មាន​ការ​កាត់​ចំណាយ​លើ​វិស័យ​ទាំងនេះ ដើម្បី​ទៅ​បង្កើន​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​នោះទេ​។ ផែនការ​ចំណាយ​របស់​វិស័យ​អប់រំ និង​សុខាភិបាល បន្ត​កើនឡើង​នៅ​ឆ្នាំ​២០២៦ និង​នៅ​ឆ្នាំ​២០២៧ ព្រម​ទាំង​ឆ្នាំ​២០២៨, រាជរដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បង្កើន​លើ​វិស័យ​ការពារជាតិ ដែល​មិន​ប៉ះពាល់​ដល់​វិស័យ​អប់រំ និង​សុខាភិបាល​នោះទេ ព្រោះ​រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុក​ធនធានមនុស្ស គឺជា​អាទិភាព​នៃ​គោលនយោបាយ​ជាតិ​។ ចំណាយ​លើ​វិស័យ​ការពារ​ជាតិ នឹង​កើនឡើង ដោយ​រាជរដ្ឋាភិបាល​នៅ​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់ មិនទាន់​មាន​ភាពចាំបាច់​ក្នុង​ការដក​កញ្ចប់​ថវិកា​ពី​វិស័យ​អប់រំ សុខាភិបាល និង​សង្គមកិច្ច​នោះទេ​។ វិស័យ​ការពារ​ជាតិ មិនមែន​ការពារ​ត្រឹម​មួយ​ថ្ងៃ​នោះ​ទេ ការការពារ​ជាតិ​ត្រូវ​ប្រើប្រាស់​រយៈពេល​យូរអង្វែង ដរាបណា​ប្រទេស​កម្ពុជា នៅតែ​ជា​ប្រទេស​, ការការពារ​ជាតិ​ត្រូវតែ​ធ្វើ​, ការការពារ​បូរណភាព​ទឹកដី​, ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ត្រូវតែ​ធ្វើ​ជា​ប្រចាំ​។ ដូចនេះ​ការកសាង និង​ការការពារ​ជាតិ​រឹងមាំ​អាស្រ័យ​លើ​មនុស្ស​រឹងមាំ ហើយ​ធនធានមនុស្ស​រឹងមាំ អាស្រ័យ​លើ​ការវិនិយោគ​ទាំង​ក្នុង​វិស័យ​អប់រំ សុខាភិបាល និង​សង្គមកិច្ច​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានលើកឡើង​អំពី​សារៈសំខាន់​នៃ​ការកែប្រែ​សហគមន៍​ទេសចរណ៍​លម្អ​បៃតង​ខ្នង​ផ្សារ ឱ្យ​មាន​លទ្ធភាព​ប្រកប​មុខរបរ​បម្រើសេវា​កម្ម​ទេសចរណ៍ធម្មជាតិ ដើម្បី​ទទួលបាន​សក្កា​នុព​ល​ទេសចរណ៍​ដែល​នឹង​ត្រូវ​ធ្វើជា​ម្ចាស់​ក្នុង ចូលរួម​ថែរក្សា អភិវឌ្ឍ និង​ផ្តល់​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវទេសចរ​។ គោលដៅ​យ៉ាង​សាមញ្ញា​របស់​រាជរដ្ឋាភិបាល គឺ​ការបង្រៀន​សហគមន៍​ទេសចរណ៍​នៅ​មូលដ្ឋាន​ឱ្យ​បំពេញ​សេវាកម្ម និង​មុខរបរ​របស់​ខ្លួន ដោយ​ខ្លួនឯង ហើយ​នឹង​ក្លាយជា​អ្នក​ទទួល​ផល​ពី​សហគម​ន៍​ផង និង ថែរក្សា​ផង ព្រម​ទាំង​នឹង​រួមចំណែក​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ផង សំដៅ​ធានា​និរន្តរភាព និង​ស្ថិរភាព​បៃតង​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​អប់រំ​កាយ និង​កីឡា ជា​ការងារ​គន្លឹះ​មួយ​ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ពីព្រោះ​ដើម្បី​ក្លាយជា​មូល​ធនធានមនុស្ស​ពិត​ប្រាកដ​, ពលរដ្ឋ​ត្រូវមាន​ទាំង​ចំណេះដឹង ជំនាញ បទពិសោធ និង​សុខភាព ដែល​មិន​អាច​កាត់ផ្តាច់​ពី​សកម្មភាព​អប់រំ​កាយ និង​កីឡា​។ ជា​លទ្ធផល​, វិស័យ​អប់រំ​កាយ និង​កីឡា បាន​ក្លាយ​ជា​វិស័យ​ឈាន​មុខ​មួយ និង​ទទួល​បាន​ការ​សាទរ​ពី​សាធារណជន ឆ្លុះបញ្ចាំង​តាមរយៈ​ការទទួល​បាន​ជ័យជម្នះ​ពី​ការប្រកួត​ជើងឯក​ពិភពលោក ជើងឯក​អាស៊ី និង​ជើងឯក​អាស៊ីអាគ្នេយ៍ ព្រមទាំង​ការប្រកួត​កីឡា​ផ្សេងៗ ជាច្រើន​ទៀត ៕

 

Leave a Reply

Your email address will not be published. Required fields are marked *