សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​កំពង់ធំ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តកំពង់ធំ​ចំនួន​១១៨៩​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ​នៃ​ភោជនីយដ្ឋាន ឡូ​វ គឹម​សេង ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

​នេះ​ជា​បេសកកម្ម​លើក​ទី​១១ និង​ចំនួន​១២ ខេត្ត ក្រុង​ហើយ របស់​សម្ដេច​តេជោ ក្នុង​ការចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្រសួង​ស្ថាប័ន​នានា​តាម​បណ្ដា​រាជធានី​ខេត្ត ដោយ​ពី​ផ្ដើម​ពី​ខេត្ត​កំពង់ចាម​,​ត្បូងឃ្មុំ​, កំពង់ស្ពឺ​,​តាកែវ​,​កំពត​,​កែប​,​ស្វាយរៀង​,​ព្រៃវែង​,​ភ្នំពេញ​,​កំពង់ឆ្នាំង​, ពោធិ៍សាត់ និង​កំពង់ធំ​នា​ថ្ងៃនេះ​។​

​តាម​របាយការណ៍​របស់​ឯកឧត្តម នួន ផា​រ័ត្ន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ ​បានឱ្យដឹងថា ខេត្ត​កំពង់ធំ ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្រឡា​ផ្ទៃ ១៥ ០៦១​គីឡូម៉ែត្រ​ក្រឡា មាន​ក្រុង​១, ស្រុក​៨, ឃុំ​៧៣, សង្កាត់​៨ និង​មាន​ភូមិ ៧៦៥​។ កំពង់ធំ​បាន​និង​កំពុង​ប្រែ​មុខមាត់​ថ្មី និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ប្រែក្លាយ​សក្តានុពល​របស់​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំជាងគេ និង​នៅ​ចំ​ចំណុចកណ្ដាល​ប្រទេស សម្បូរ​ទៅដោយ​ធនធានទឹក និង​មាន​ប្រជាជន​ជិត​មួយ​លាន​នាក់ ឱ្យទៅ​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ​ស្របតាម​ចក្ខុវិស័យ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​ដោយ ប្រែក្លាយ​ខេត្តកំពង់ធំ លែង​ឱ្យ​ជា​ខេត្ត​មួយ​ដែល​គេ​ទៅ​ហួស​មក​ហួស​ទាំង​វិស័យ​ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និង​ទាំង​គម្រោង​អភិវឌ្ឍន៍​។ គិត​មកដល់ពេលនេះ ខេត្ត​កំពង់ធំ ទទួលបាន​នូវ​គម្រោង​វិនិយោគ​ជា​បន្តបន្ទាប់​ទាំង​សាធារណៈ និង​ឯកជន ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍ ក៏​ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចាំបាច់​នានា​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​សម្តេច​តេជោ​នាពេលនេះ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំឭក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​កំពង់ធំ​នេះ​សាជាថ្មី​។ សម្តេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​នៅ​ខេត្តកំពង់ធំ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក​។

​ថ្លែង​ពី​ខេត្ត​កំពង់ធំ នា​ព្រឹក​នេះ សម្តេច​តេជោ​បាន​ថ្លែង​កោតសរសើរ​អភិបាលខេ​ត្ត និង​មេ​យោធា​ខេត្ត​កំពង់ធំ ដែល​បាន​ធ្វើ​ការងារ​បាន​ល្អ​ពាក់ព័ន្ធ​នឹង​អតីតយុទ្ធជន និង​និវត្តន៍​ជន នៅ​ខេត្ត​កំពង់ធំ​នេះ ជាពិសេស​ការគិតគូរ និង​យកចិត្តទុកដាក់​លើ​សុខទុក្ខ​របស់​ពួកគាត់​។​
​សម្តេច​បញ្ជាក់ថា និវត្ត​ជន និង​អតីតយុទ្ធជន​សុទ្ធតែ​ជា​អ្នក​មាន​ស្នាដៃ​ចំពោះ​ជាតិ​មាតុភូមិ ដូច្នេះ​មិន​ត្រូវ​ទុក​ពួកគាត់​ចោល​នោះ​ឡើយ​។​

​ទាក់ទង​ទៅនឹង​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​អន​ឡាញ នៅ​ព្រឹក​នេះ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា គ្មាន​ការយោគយល់​ណាមួយ​នោះ ចំពោះ​ទីតាំង​ណា​ដែល​យក​ធ្វើជា​កន្លែង
​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​អ្នក​ដែល​ពាក់ព័ន្ធ​ក៏​មិន​ត្រូវបាន​លើកលែង​ដែរ​។ សម្ដេច​តេ​ជោក៏​បន្ត​ឱ្យ​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ​ដែល​មាន​ក្នុង​មូលដ្ឋាន ជា​ពិសេស​ខេត្ត​កំពង់ធំ គឺ​ធនធាន​ធម្មជាតិ​បឹង​ទន្លេសាប ត្រូវ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក និង​រួម​គ្នា​ថែរក្សា​ឱ្យបាន​គង់វង្ស​។

​សម្តេច​តេជោក៏បាន​ក្រើន​រំ​ឭក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​។

​សម្តេច​តេ​ជោបាន​រំឭក​នូវ​ប្រសាសន៍ដែ​ល​សម្តេច​តែង​រំឭក​ដល់​មន្ត្រី​តាំងពី​ពេល​នៅ​កាន់​ការងារ​ជា​នាយករដ្ឋមន្ត្រី ថា​យើង​ត្រូវ​រត់ទៅរក​ការងារ កុំឱ្យ​ការងារ​រត់​មក​រក​យើង ហើយ​យើង​ត្រូវ​រត់​ទៅ​រក​ប្រជាជន កុំឱ្យ​ប្រជាជន​រត់​មក​រក​យើង​។ សម្តេច​ក៏​បាន​រំឭក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​បច្ចេកវិទ្យា​។​

​សម្ដេច​តេ​ជោបាន​ក្រើនរំឭក​ដល់​មន្ត្រី​ទាំងអស់ ជៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​។​

​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​កំពង់ធំ​ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឲ្យ​មន្ត្រីរាជកា​រ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *