កម្ពុជា​-​វៀតណាម ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ស្មារតី​នៃ​ភាព​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​

នា​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ឡេ មិញ​ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ចូលរួម​វេទិកា​អនាគត​អាស៊ាន លើក​ទី​៣ (3rd ASEAN Future Forum – AFF) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨-៩ ខែមិថុនា ឆ្នាំ​២០២៦ នៅ​រដ្ឋធានី​ហាណូយ​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​នឹង​បន្ត​សម្រេចបាន​នូវ​ការអភិវឌ្ឍ និង​សមិទ្ធផល​ធំៗ​ជាច្រើន​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ខ្ពស់​របស់​ប្រទេស​វៀតណាម និង​ជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម និង​រដ្ឋាភិបាល​វៀតណាម ប្រទេស​វៀតណាម​នឹង​ឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ​សហស្សវត្ស​រ៍ទាំង​ពីរ នៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៤៥​។​

​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​យ៉ាង​ល្អ​ប្រ​សេីរ នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​បាន​ឯកភាពគ្នា​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នានា​ឱ្យបាន​អធិកអធម ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ​២០២៧ ខាងមុខ​។​  ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ឯកភាព និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត ក្នុង​ស្មារតី​នៃ​ភាព​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​គន្លឹះ​សំខាន់ៗ រួមមាន​៖ នយោបាយ​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​, សន្តិសុខ និង​ការពារ​ជាតិ​, អប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​, សុខាភិបាល​, ទេសចរណ៍​, វប្បធម៌​, ថាមពល​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។ សម្តេច​ធិបតី​ ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ពន្លឿន​ការស​ម្រេចលើ​ចំណុច​ការតភ្ជាប់​នៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​ហូជីមិញ​-​ម៉ុក​បៃ​, ការតភ្ជាប់​ការធ្វើដំណើរ​តាម​ផ្លូវទឹក និង​ការពង្រីក​ជើងហោះហើ​រ​បន្ថែម​រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សម្តេច​ធិបតី បាន​ស្នេី​ដល់​ការកែសម្រួល​នីតិវិធី​សម្រាប់​ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​។

​មុន​នឹង​បញ្ចប់ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ ៕

Leave a Reply

Your email address will not be published. Required fields are marked *