សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តសៀមរាប និង​ឧត្តរមានជ័យ

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ​ចំនួន​១៦២០​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ នៃ​សណ្ឋាគារ​សុខា​សៀមរាប​។

​នេះ​ជា​បេសកកម្ម​លើក​ទី​១៣ និង​ចំនួន​១៥ ខេត្ត ក្រុង​ហើយ របស់​សម្ដេច​តេជោ ក្នុង​ការចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្រសួង​ស្ថាប័ន​នានា​តាម​បណ្ដា​រាជធានី​ខេត្ត ដោយ​ផ្ដើម​ពី​ខេត្ត​កំពង់ចាម​,​ត្បូងឃ្មុំ​,​កំពង់ស្ពឺ​,​តាកែវ​,​កំពត​,​កែប​,​ស្វាយរៀង​,​ព្រៃវែង​,​ភ្នំពេញ​,​កំពង់ឆ្នាំង​, ពោធិ៍សាត់ ,​កំពង់ធំ​, កណ្ដាល ,​សៀមរាប និង​ឧត្តរមានជ័យ នា​ថ្ងៃនេះ​។​

​តាម​របាយការណ៍​របស់​ខេត្ត​សៀមរាប បានឱ្យដឹងថា ខេត្ត​សៀម​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន​១០ ២៩៩,៤៣​គីឡូម៉ែត្រ​ក្រឡា មាន​ក្រុង​ចំនួន​២ ស្រុក​ចំនួន​១១ សង្កាត់​ចំនួន​១៤ ឃុំ​ចំនួន​៨៦ ស្មើនឹង ៩១០​ភូមិ​។ ខេត្ត​សៀមរាប​មាន​ព្រំប្រទល់​ខាងជើង​ជាប់​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ខាងត្បូង​ជាប់​ខេត្ត​បាត់ដំបង និង​បឹង​ទន្លេសាប ខាងកើត​ជាប់​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ និង​ខាងលិច​ជាប់​ខេត្តបន្ទាយមានជ័យ​។ នៅ​ឆ្នាំ​២០២៥ ខេត្ត​សៀមរាប​មាន​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២ ៧៥៤​លាន​ដុល្លារ និង​ផលិតផល​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​ប្រមាណ ២ ១៩១​ដុល្លារ​។​

​ដោយឡែក​ខេត្ត​ឧត្តរមានជ័យ មាន​ទីតាំង​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ​៤៦៩​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងកើត​ជាប់​ខេត្ត​ព្រះវិហារ ខាងលិច​ជាប់​ខេត្ត​បន្ទាយមានជ័យ ខាងត្បូង​ជាប់​ខេត្តសៀមរាប​។ ខេត្តឧ​ត្ត​រមាន​ជ័យ​ជា​ខេត្ត​មាន​ស្ថានភាព​សេដ្ឋកិច្ច​លំដាប់​ទាប​ជាង​គេ​ទូទាំងប្រទេស​។​ខេត្ត​នេះ​មាន​ច្រកទ្វារ​អន្តរជាតិ​សំខាន់ៗ​ចំនួន​៣​រួមមាន​៖ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​,​ច្រកទ្វារ​ព្រំដែន​ជាំ ស្ថិត​នៅក្នុង​ស្រុក​អន្លង់វែង និង​ច្រកទ្វារព្រំដែន​ជប់​គគីរ ស្ថិត​នៅក្នុង​ស្រុក​បន្ទាយ​អំពិល​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​សម្តេច​តេជោ​នាពេលនេះ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប និង​ឧត្តរមានជ័យ នា​ថ្ងៃនេះ​សាជាថ្មី​។ ថ្លែង​សារ​ពិសេស​ពី​ខេត្តសៀមរាប ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ជុំវិញ​ខេត្ត​សៀមរាប​-​ឧត្តរមានជ័យ នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៦​នេះ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ច្រាន​ចោល​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​មួយចំនួន ដែល​ដកស្រង់​ប្រសាសន៍​របស់​សម្តេច​ខុសពី​ការពិត​ជុំវិញ​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ សម្ដេច​តេ​ជោបាន ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​អ្នកសារព័ត៌មាន​ថៃ​ជុំវិញ​ប្រសាសន៍​សម្តេច​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ក្នុង​ពេល​ចុះ​សួរសុខទុក្ខ​ជនភៀសសឹក​នៅ​ខេត្ត​បន្ទាយមានជ័យ​ថា សម្តេច​មិន​បាន​ប្រកាស​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ដោយ​ប្រើប្រាស់​កម្លាំង​យោធា ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​មួយចំនួន​នោះ​ឡើយ​។​សម្តេច​គ្រាន់តែ​លើកឡើង​ចោទ​ជា​សំណួរ​នូវ​ជម្រើស​ពីរ​ឱ្យ​ជនរួមជាតិ​ពិចារណា​ប៉ុណ្ណោះ ដោយ​ទី​១ ជម្រើស​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​ដណ្តើមយក​ទឹកដី​ដែល​ថៃ​ដណ្តើម​កាន់កាប់​ត្រឡប់មកវិញ និង​ជម្រើស​ទី​២​ជម្រើស​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី​តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ​។ ក្នុង​ចំណោម​ជម្រើស​ទាំងពីរ​នេះ សម្តេច​តេ​ជោបាន​សង្កត់​ធ្ងន់​ថា ជម្រើស​ទី​១ គឺ​ការប្រើ​កម្លាំងយោធា កម្ពុជា​មិន​ត្រូវការ​ឡើយ តែ​សម្តេច​បាន​ប្រកាស​ជំហរ​យ៉ាង​ច្បាស់​ទៅកាន់​ជនរួមជាតិ​ថា កម្ពុជា​ជ្រើស​យក​ជំហរ​នៃ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ផ្អែក​តាម​យន្តការ​ច្បាប់​អន្តរជាតិ​។

​សម្តេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក​។ សម្តេច​ក៏​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​។​

​សម្តេច​តេ​ជោបាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​គ្រួសារ​របស់​កងទ័ព​កំពុង​ឈរជើង​ការពារ​ទឹកដី យុទ្ធជន​ពលី ព្រមទាំង​អតីតយុទ្ធជន​។​សម្តេច​បាន​លើក​បង្ហាញ​ពី​វីរភាព និង​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ​របស់​វីរ​កងទ័ព ដែល​បាន​យក​ទ្រូង​ពាំង​គ្រាប់ ដើម្បី​ជាតិ ទឹកដី និង​ប្រជាជន​។ ដើម្បី​តបស្នង​ស្នង​គុណ ក៏ដូចជា​ការអនុវត្ត​នយោបាយ «​ខឿន​ការពារជាតិ​របស់​ប្រជាជន​» សម្តេច​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​លើ​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគេ កុំឱ្យ​ពួកគេ​មាន​ការព្រួយបារម្ភ​ចំពោះ​គ្រួសារ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឱ្យ​ពង្រឹង​កិច្ចការពារ អភិរក្ស និង​ទប់ស្កាត់​រាល់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នានា និង​ចូលរួម​ថែរក្សា​ឱ្យបាន​គង់វង្ស​។ សម្តេច​ក៏​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​បច្ចេកវិទ្យា​។​សម្ដេច​តេ​ជោបាន​ក្រើនរំលឹ​ក​ដល់​មន្ត្រី​ទាំងអស់ ជៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​។

​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​សៀមរាប និង​ឧត្តរមានជ័យ​ទាំងអ​ស់​ដែល​បាន​រួមសហកា​រ​គ្នា​អភិវឌ្ឍ​ខេត្ត​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *