ផ្ទះ​ទេវតា​១​ខ្នង​ដោយ​មានភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត និង​ភ្លើង​សូ​ឡា ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​,​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវបាន​លោក​ជំទាវ ហ៊ុន ម៉ា​ណា ប្រគល់ជូន​លោកតា​ចាស់ជរា នៅ​ខេត្ត​កំពង់ធំ

ខេត្ត​កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០២៦​នេះ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា វិទ្យុ​-​ទូរទស្សន៍​បាយ័ន បាន​អញ្ជើញ​ប្រគល់​អំណោយ​ផ្ទះ​ទេវតា​១​ខ្នង​ទៀត ដែល​ជា​ផ្ទះ​ទី​៣៣៤ ត្រូវបាន​ផ្ដល់ជូន​
​លោកតា ទឹង ឈុន អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្នោតជុំ​៤ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​លោកតា​មាន​កូន​ចំនួន​៨​នាក់ (​ប្រុស​២​នាក់​)​។​លោកយាយ​ដែល​ជា​ប្រពន្ធ​លោកតា​បាន​ស្លាប់ចោល​លោកតា​ជា​យូរ​ឆ្នាំ​មកហើយ​។ កូនប្រុស​ស្រី​របស់​លោកតា​មានប្តី ប្រពន្ធ រស់នៅ​បែក​ចេញពី​លោក​តារៀងៗ​ខ្លួន និង​សុទ្ធតែ​មាន​ជីវភាព​ខ្វះខាត​ដូចៗ​គ្នា​។ សព្វថ្ងៃនេះ កូនស្រី​ទី​៧ ជា​ស្ត្រី​មេម៉ាយ​មាន​កូន​២​នាក់ រស់នៅ​ជាមួយ​លោកតា ដោយ​ដើរ​ធ្វើការ​ស៊ីឈ្នួល​គេ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។

​ក្នុងឱកាស​នោះ លោកជំទាវ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​ជា​និច្ចកាល​លោក​ទាំង​៤ តែង​គិតគូរ​ពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​។ បន្ថែម​លើ​អំណោយ​ផ្ទះ​ខាងលើ លោកជំទាវ ក៏បាន​ផ្តល់​នូវ​ប្រព័ន្ធ​ទឹកស្អាត និង​បំពាក់​ភ្លើង​សូ​ឡា​នៅ​មុខ​ផ្ទះ និង​ក្នុង​ផ្ទះ​ជូន​ដល់​លោកតា​ម្ចាស់ផ្ទះ​ទៀតផង​។ លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បន្ថែម​មួយចំនួន​ទៀត​ផង​ដែរ រួមមាន ៖ អង្ករ​១០០​គីឡូក្រាម​, ត្រីខ​១​កេស​, មី​ចំនួន​៥​កេស​, ទឹកដោះគោ​ខាប់ ១​កេស​, ពួក​១, ប្រេងកូឡា​១​ប្រអប់​ធំ​, ប្រេងខ្យល់​១​ប្រអប់​ធំ ,​ចានដែក​១, ឆ្នាំង​តូច​១, ឆ្នាំង​ធំ​១, ខ្ទះ​ឆា​១, វែក​ឆា​១, វែក​បាយ​១, វែក​សំឡ​១, ស្លាបព្រា និង​សម​១​ឡូ​, កំសៀវ​១, ចានបាយ​ចំនួន​៥, ចាន​សម្ល​ចំនួន​៥, តែ ១ គីឡូក្រាម​,​ខ្នើយ​ចំនួន​២,​មុង​ចំនួន​២,​ភួយ​ចំនួន​២,​កន្ទេល​ចំនួន​២,​ស្ករស​ចំនួន​៥​គីឡូក្រាម​ទឹក​ស៊ី​អុីវ​ចំនួន​៣​យួរ​,​វិទ្យុ FM១​គ្រឿង​, ថ្ម​ដាក់​វិទ្យុ​ចំនួន​២ ស្បែកជើង​ចំនួន​២​គូ​,​ថ្នាំ​និង​ច្រាស​ដុសធ្មេញ​ចំនួន​៥​ឈុត​,​សាប៊ូដុំ​ចំនួន​១២​ដុំ​តូច​,​ថ្នាំពេទ្យ​ចំនួន​៥​ប្រអប់​តូច​,​ខោអាវ​ចំនួន​២​កំប្លេ និង​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ព្រមទាំង​អំណោយ​របស់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ឃី​ត (​កញ្ចប់ៗ​) មាន​ជា​សម្ភារៈ​ប្រើប្រាស់ សម្លៀក​បំពាក់ និង​ថវិកា ចែក​ជូន​លោកយាយ លោកតា​ដែល​បាន​ចូលរួម​នា​ឱកាស​នោះ និង​ចែក​រទេះរុញ​សម្រាប់​លោកយាយ​ចាស់ជរា ពិការ ចំនួន​២​នាក់​ផង​ដែរ​។

​ជាមួយគ្នា​នោះ លោកជំទាវ ក៏​បាន​ចែក​កាតា​ប ដែល​មាន​ជា​សម្ភារៈ​សិក្សា​ជា​ច្រើន​មុខ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ទៅដល់​ក្មួយៗ​សិស្សានុសិស្ស​ចំនួន​១៧០​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *