កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​

នា​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល​-​កម្ពុជា​។ លោកជំទាវ​បាន​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កំពុង​ស្ថិត​ក្នុង​ទិសដៅ​វិជ្ជមាន ហើយ​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្ត​រីកចម្រើន​បន្ថែម​ទៀត​។ លោកជំទាវ​បាន​សង្កត់ធ្ងន់ថា ភាពស្រដៀងគ្នា​នៃ​ប្រជាសាស្ត្រ ដែលមាន​យុវជន​ភាគច្រើន គឺជា​កាតាលីករ​ដ៏​សំខាន់ សម្រាប់​អ៊ីស្រាអែល និង​កម្ពុជា ក្នុង​ការស្វែងរក​ឱកាស​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​បន្ថែមទៀត នាពេល​អនាគត​។​

​ជាមួយគ្នានេះ​, លោកជំទាវ​ក៏បាន​ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​រឹងមាំ រួម​មាន​ការបន្ត​ទទួលយក​និស្សិត​ផ្នែក​កសិកម្ម ទៅ​ធ្វើ​កម្មសិក្សា ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិកា​រកា​រងារ ក្នុង​ផ្នែក​កសិកម្ម​នៅ​អ៊ីស្រាអែល​។ បន្ថែម​លើ​នេះ​, លោកជំទាវ​ក៏​នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​, វប្បធម៌ និង​វិទ្យាសាស្ត្រ​ផងដែរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោក​ជំទាវ​ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​កម្ពុជា​។ សម្ដេច​ធិបតី បាន​សម្តែង​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កន្លង​មក​រវាង កម្ពុជា និង​អ៊ីស្រាអែល ព្រមទាំង​បាន​ឯកភាព​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​ជាច្រើន​បន្ថែមទៀត​។ ទន្ទឹមនឹងនេះ​, សម្តេច​ធិបតី​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញលេញ​ដល់​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ជំរុញ​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សក្តានុពល​ផ្សេងៗ​ជាច្រើន​ទៀត​។​

​សម្ដេច​ធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ក៏​បាន​ពិភាក្សា​គ្នា​លើ​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សំខាន់ៗ រួមមាន​៖ ពាណិជ្ជកម្ម និង​ការវិនិយោគ​, កសិកម្ម និង​ការគ្រប់គ្រង​ធនធានទឹក​, វិស័យ​អប់រំ​, បច្ចេកវិទ្យា និង​វិស័យ​សុខាភិបាល ព្រមទាំង​ជំរុញ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន រវាង​កម្ពុជា និង​អ៊ីស្រាអែល ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *