សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​បឋមាសាឍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ ត្រូវ​នឹង ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ឱ្យដឹងថា
​នៅក្នុង​ឱកាស​ទស្សនកិច្ច​ខាងលើនេះ សម្តេច​តេជោ ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម ស៊ី ជីន​ពីង អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន និង​ឯកឧត្តម ចា​វ ឡឺ​ជី ប្រធាន​គណៈកម្មាធិការ អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ជាដើម​។

​ទន្ទឹមនឹងនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ផងដែរ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​នេះ បានឱ្យដឹង​ទៀត​ថា ដំណើរ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ ស​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការបន្ត​រឹតចំណង និង​លើកកម្ពស់​មិត្តភាព​ដែកថែប ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា សមាសភាព​គណៈប្រតិភូ​អមដំណើរ​សម្តេច​តេជោ ក្នុង​ទស្សនកិច្ច​នេះ រួមមាន​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និង​រាជរដ្ឋាភិបាល​មួយចំនួនទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *