សម្តេច​ធិបតី​លើកទឹកចិត្ត​ឱ្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​ក្រសួង​នគរបាល​វៀតណាម បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់​ថង កង​ម៉ា​នី (Vanthong Kongmany) រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ លឿង តាម​ក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​, ក្រសួង​នគរបាល​វៀតណាម និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែល​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ​បាន​ចូល​រួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​៣​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា​, ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​ក្រសួង​នគរបាល​វៀតណាម ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ទាំង​៣ ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២ នេះ​។ សម្ដេច​ធិបតី​ក៏​បាន​រំលឹក​អំពី​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ​សម្ដេច​ធិបតី​បានលើកឡើង​ពី​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ ក្នុង​ឆ្នាំ​២០២៦ នេះ និង​ការត្រៀម​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម នា​ឆ្នាំ​២០២៧ ខាងមុខនេះ​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​ក៏បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​៣ កម្ពុជា​-​ឡាវ​-​វៀតណាម ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ក៏​បាន​បន្ត​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​នៅ​ក្នុង​ការជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​នៃ​ប្រទេស​ទាំង​៣ ជាពិសេស​ការជំរុញឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការងារ​ថែរក្សា​សន្តិសុខ សំដៅ​ប្រែក្លាយ​តំបន់​ព្រំដែន ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ព្រមទាំង​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​មនុស្ស​, ការរត់ពន្ធ​គ្រឿងញៀន ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​, ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង​ក្រសួង​នគរបាល​វៀតណាម បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ទាំង​៣ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ដែល​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ចូល​រួមចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​៣ ក៏ដូចជា​ការជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី​ជំរុញ​ឱ្យ​បង្កើន​ការផ្លាស់ប្តូរ និង​រឹតចំណង​ទំនាក់ទំនង និង​មិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​ក្នុង​ស្រទាប់​យុវជន​នៃ​ប្រទេស​ទាំង​៣៕

Leave a Reply

Your email address will not be published. Required fields are marked *