រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា «​ក្រពះ​របស់​ជាតិ​» ខណៈ​ដែល​មច្ឆជាតិ ជា «​ម៉ាស៊ីន​ផលិត​ប្រូតេអ៊ីន​របស់​ជាតិ​»

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រារព្ធ «​ទិវា​មច្ឆជាតិ​» លើក​ទី​២១ នៅ​ខេត្ត​ស្វាយរៀង​។​

​ថ្លែង​ក្នុង​ពិធី​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ «​ទិវា​មច្ចជាតិ​» នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ជា​រៀងរាល់ឆ្នាំ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​បំផុសស្មារតី​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ ជាពិសេស ប្រជា​នេសាទ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ជលផល ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង​, ថែរក្សា និង​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព សម្រាប់​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​។ ម្យ៉ាងទៀត​, ការកំណត់​ឱ្យ​មាន​រដូវ​បិទ​នេសាទ គឺ​ដើម្បី​ទុកពេល​ឱ្យ​ត្រី​ពង​កូន​, បន្ត​ពូជ និង​លូត​ធំធាត់​នៅ​រដូវ​ទឹក​ឡើង ដែល​ជា​ប្រភព​អាហារ​ចម្បង​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ជា​ប្រភព​ចំណូល​ប្រចាំ​ថ្ងៃ​ដ៏​សំខាន់​របស់​ប្រជា​នេសាទ​។ បន្ថែម​លើ​នេះ​, រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា «​ក្រពះ​របស់​ជាតិ​» ខណៈ​ដែល​មច្ឆជាតិ​ជា «​ម៉ាស៊ីន​ផលិត​ប្រូតេអ៊ីន​របស់​ជាតិ​» ដោយសារ​មច្ឆជាតិ ជា​ប្រភព​ផ្តល់​ប្រូតេអ៊ីន មិនចេះ​រីងស្ងួត និង អាច​រក្សា​ទុក​បាន​, មច្ឆជាតិ ជា​អាហារ​សហគមន៍​ដ៏​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​, និង សម្បូណ៌​ទៅដោយ​មីក្រូ​សារធាតុ​។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ស្តីពី​ការកែទម្រង់​ស៊ីជម្រៅ​វិស័យ​ជលផល ឆ្នាំ​២០១៥-២០២៤ សំដៅ​លុបបំបាត់​ឡូត៍​នេសាទ ដើម្បី​ប្រគល់​សិទ្ធិ​គ្រប់គ្រង និង​ទាញ​ផល​ទៅឱ្យ​ប្រជាពលរដ្ឋ តាមរយៈ​សហគមន៍​នេសាទ​; យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វារីវប្បកម្ម សំដៅ​ជំរុញ​ការចិញ្ចឹម​ត្រី និង វា​រី​សត្វ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ការនេសាទ​ធម្មជាតិ និង ធានា​ការផ្គត់ផ្គង់​ទីផ្សារ​; ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង និង ការអភិរក្ស​ធនធាន​ជលផល ឆ្នាំ​២០២០-២០២៩ សំដៅ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​, និង ការពារ​តំបន់​ជម្រក​ត្រី​ពង​កូន​, ទាំង​ក្នុង​តំបន់​បឹង​ទន្លេសាប និង តំបន់ឆ្នេរ​; និង ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល ឆ្នាំ​២០១០-២០១៩ សំដៅ​តម្រង់​ទិសដៅ​អភិវឌ្ឍ​ជលផល ដោយ​បែងចែក​ជា ៣ សសរស្តម្ភ​ចម្បង គឺ ជលផល​, វារីវប្បកម្ម​, និង ការកែច្នៃ​ក្រោយ​ប្រមូល​ផល និង ពាណិជ្ជកម្ម ។ ទន្ទឹមនឹងនេះ​, រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ចរចា​បើក​ច្រក​ទីផ្សារ​លក់​កសិផល និង​ជលផល ដើម្បី​បង្កើត​ច្រក​នាំចេញ និង​ធានា​ស្ថិរភាព​តម្លៃ​ជូន​ប្រជាកសិករ និង​ប្រជា​នេសាទ​។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល ក៏​កំពុង​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​មច្ឆជាតិ​, និង ដោះស្រាយ ជា​ប្រព័ន្ធ​នូវ​បញ្ហា​ប្រឈម​ចម្បង​ក្នុង​អនុវិស័យ​ជលផល ដូចជា​៖ ការបាត់បង់​ជម្រក​, ការប្រែប្រួល​អាកាសធាតុ និង ការនេសាទ​ហួស​កម្រិត​, តាមរយៈ ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ជលផល ដោយ​បង្កើន​ការ​ល្បាត និង ទប់ស្កាត់​បទល្មើស​នេសាទ​, និង ការគោរព និង អនុវត្ត​តាម​រដូវ​បិទ​នេសាទ​; ការបង្កើត និង ការពារ​តំបន់​អភិរក្ស​ជលផល ដោយ​ស្តារ និង ការពារ​ទីជម្រក​ធម្មជាតិ​; ការលើកកម្ពស់​ការចូល​រួម​របស់​សហគមន៍ ដោយ​បង្កើត និង ពង្រឹង​តួនាទី​សហគមន៍​នេសាទ​, និង ការអប់រំ និង ផ្សព្វផ្សាយ​; ការពង្រឹង​ប្រព័ន្ធ​តាមដាន​ធនធាន​ជលផល ដោយ​ធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​; និង ការលើកកម្ពស់​ការស្រាវជ្រាវ និង នវានុវត្តន៍ ដោយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​, អង្គការ​អន្តរជាតិ និង ដៃគូ​អភិវឌ្ឍ ។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ ជាពិសេស ប្រជា​នេសាទ ឱ្យ​ចូលរួម ថែរក្សា​, ការពារ​, អភិរក្ស និង អភិវឌ្ឍ ធនធាន​ជលផល​ជាតិ ឱ្យបាន​គង់វង្ស ដោយ​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​ដែល​ច្បាប់​បាន​អនុញ្ញាត​, និង សូម​គិតថា «​ការអនុវត្ត​ច្បាប់ គឺ​មិនមែន​ដើម្បី​កាត់​ផ្តាច់​ជីវភាព​របស់​បងប្អូន​នោះទេ​, ប៉ុន្តែ​គឺ​ដើម្បី​អភិរក្ស​ធនធាន​ទាំងនេះ សម្រាប់​បងប្អូន និង កូនចៅ​ជំនាន់​ក្រោយ​របស់​យើងទាំងអស់គ្នា​» ៕

Leave a Reply

Your email address will not be published. Required fields are marked *