ICRC ប្ដេជ្ញា​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា បន្ថែមទៀត​

នា​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Jürg Montani ប្រធាន​គណៈប្រតិភូ​ប្រចាំ​តំបន់​នៃ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​គណៈប្រតិភូ​ប្រចាំ​តំបន់ បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង ICRC និង​កាកបាទក្រហមកម្ពុជា ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគាំទ្រ​ការឆ្លើយតប​នឹង​គ្រោះអាសន្ន និង ការលើកកម្ពស់​ច្បាប់​មនុស្សធម៌​អន្តរជាតិ (International Humanitarian Law-IHL)​។ បន្ថែម​លើ​នេះ​, លោក​ប្រធាន​គណៈប្រតិភូ​ក៏​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដែល ICRC បាន​រួម​ចំណែក​ដ៏​មាន​សារៈសំខាន់​ក្នុង​ការសម្របសម្រួល​កិច្ចការ​នានា អំឡុងពេល​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។ លោក​ប្រធាន​គណៈប្រតិភូ​ប្រចាំ​តំបន់ ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ការងា​រ​មកកាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ រូបលោក​បាន​ចុះទៅពិនិត្យ​ការអនុវត្ត​គម្រោង​ជំនួយ​កម្មវិធី​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ដែល​បាន​អនុវត្ត​ក្នុង​ខេត្ត​បាត់ដំបង និង​កម្មវិធី​សុខភាព​ក្នុង​ពន្ធនាគារ ផងដែរ​។ ជាមួយគ្នានេះ​, លោក​ប្រធាន​ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី ថា ICRC ប្ដេជ្ញា​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោក Jürg Montani ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈប្រតិភូ​ប្រចាំ​តំបន់ នៃ ICRC​។ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់ ICRC ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ ICRC ដែល​បាន​គាំទ្រ​ដល់​ជនភៀសសឹក​កម្ពុជា ក្នុងអំឡុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​សម្របសម្រួល​យ៉ាងសកម្ម ក្នុង​ការដោះលែង​វីរ​កងទ័ព​កម្ពុជា​ចំនួន ១៨​រូប ដែល​ត្រូវបាន​ភាគី​ថៃ​ចាប់ខ្លួន​ដោយ​ខុសច្បាប់​។ ទន្ទឹមនេះ​, សម្ដេច​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង ICRC​។ ក្នុងន័យនេះ​, សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ ICRC ដែល​បាន​ផ្ដល់​ការគាំទ្រ​ការអនុវត្ត​គម្រោង​ជា​ច្រើន​នៅ​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការបន្ត​ពង្រឹង​ភាព​ជា​ដៃគូ​ដ៏​ល្អ​ជាមួយនឹង ICRC បន្ថែមទៀត​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​គាំពារ​ប្រជាពលរដ្ឋ​គ្រប់រូប តាមរយៈ​ការដាក់ចេញ​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០២៤-២០៣៥ រួម​ទាំង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​ជាប់​ឃុំ​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម ២​ឆ្នាំ តាម​ម្តាយ​នៅក្នុង​ពន្ធនាគារ​។ សម្ដេច​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ដល់ ICRC ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​-​ស្ថាន​ប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង ICRC ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត​។

​បន្ថែម​ពី​នេះ​, សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការគាំទ្រ​ដល់​ការគោរព​ច្បាប់​អន្តរជាតិ រួម​ទាំង​ច្បាប់​មនុស្សធម៌​អន្តរជាតិ (IHL) ផងដែរ​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី​ក៏​បាន​ជម្រាបជូន​លោក​ប្រធាន​គណៈប្រតិភូ​ប្រចាំ​តំបន់ អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *