​កម្ពុជា​-​ហ្វីលីពីន វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​

នា​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ចប់​អាណត្តិ នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ព្រមទាំង​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី ហ្វីលីពីន​-​កម្ពុជា ដែល​បាន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​បន្ថែម​ទៀត​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ជាច្រើន ដូចជា​៖ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​, អប់រំ​, បណ្តុះបណ្តាល​វិជ្ជាជីវៈ​, កសិកម្ម​, វប្បធម៌​, ការពារជាតិ និង​សន្តិសុខ ជា​ដេ​ី​ម​។ ទន្ទឹមនឹងនេះ​, លោកជំទាវ​ក៏បាន​អបអរសាទរ​ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ហ្វីលីពីន ជាពិសេស កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​លើ​ការងារ​នេះ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​បន្តថា សម្រាប់​ឆ្នាំ​២០២៧ ខាងមុខនេះ គឺជា​ខួប​ទី​៧០​ឆ្នាំ​
​នៃ​ការ​បង្កេីត​ទំនាក់ទំនង​ការទូត រវាង​ហ្វីលីពីន និង​កម្ពុជា ដែល​នេះ​ជា​ពេលវេលា​ដ៏​សំខាន់ ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ក៏​បាន​គូសបញ្ជាក់ថា ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​ហ្វីលីពីន នៅ​នឹង​បន្ត​អនុវត្ត​បេសកកម្ម ប្រកបដោយ​តម្លាភាព និង​អព្យាក្រឹត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ភាពជោគជ័យ​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ក្នុងការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​។ សម្ដេច​ធិបតី បាន​សម្តែង​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការជួយ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា កម្ពុជា និង​ហ្វីលីពីន នៅ​មាន​កាលានុវត្តភាព និង​សក្តានុពល​ជាច្រើន​ថែមទៀត ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ខ្លាំងក្លា ជាពិសេស​, លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍​។​

​សម្ដេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​បាន​ជួយ​សម្របសម្រួល​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នា​ពេលកន្លងមក ព្រមទាំង​បាន​ជម្រាបជូន​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ជាមួយនឹង​ការគូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី​, ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *