សម្ដេច​ធិបតី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក “​ផ្លូវ​” ជា សរសៃឈាម​នៃ​សេដ្ឋកិច្ច​

ខេត្តកំពង់ចាម ៖ ​នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​ស្គន់ ដល់​រង្វង់​មូល​គល់ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ខេត្ត​កំពង់ចាម​។​

​ថ្លែង​ក្នុង​ពិធី​នោះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កំណាត់​ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​កំពង់ចាម​) នេះ បាន​ចំណាយ​ថវិកា​សរុប​ជិត ១១៨ លាន​ដុល្លារ ក្រោម​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ ផ្អែក​តាម​ការវាយតម្លៃ​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោង​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ខ្ពស់​ក្នុង​អត្រា​ប្រមាណ ១៥,២៧% ដែល​ជា​ផលចំណេញ​ទទួលបាន​ពី​ការកាត់បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​និង​ការដឹកជញ្ជូន ព្រមទាំង​ជួយ​ទាក់ទាញ​ទេសចរ និង​ការបើក​បង្កើត​ឧស្សាហកម្ម និង អាជីវកម្ម​ផ្សេងៗ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​។​

​ទន្ទឹមនឹងនេះ​, រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក “​ផ្លូវ​” ជា សរសៃឈាម​នៃ​សេដ្ឋកិច្ច ដោយ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវថ្នល់​, ផ្លូវដែក​, ផ្លូវទឹក និង​ផ្លូវអាកាស ស្រប​តាម​ទិស​ស្លោក “​មាន​ផ្លូវ មានសង្ឃឹម​” ។ ជាក់ស្តែង​, កំណាត់​ផ្លូវជាតិ​លេខ ៧ នេះ​នឹង​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ផ្លូវជាតិ និង​តំបន់​ភូមិសាស្ត្រ​សំខាន់ៗ រួមមាន​៖ ផ្លូវជាតិ​លេខ ៦, ៦០, ៧០, ៧១, ៧១​សេ និង​ត​ភ្ជាប់​ទៅ​កាន់​ភូមិភាគ​ឦសាន ព្រមទាំង​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​រហូត​ដល់​ព្រំដែន​កម្ពុជា​-​ឡាវ​។ ការតភ្ជាប់​នេះ​កាន់តែ​មាន​សារៈសំខាន់ បន្ទាប់​ពី​កម្ពុជា និង​ឡាវ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​ច្រករបៀង​ដឹកជញ្ជូន​ឆ្លងកាត់​-Transit Transport Corridor», កាលពី​ថ្ងៃ​ទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់​នាំចេញ កសិផល និង ផលិតផល​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា ទៅកាន់​ប្រទេស​ចិន តាម​ប្រទេស​ឡាវ ។​

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង លិខិត​បទដ្ឋាន​គតិយុត្ត​ចាំបាច់​នានា ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍ និង ការអនុវត្ត​ប្រព័ន្ធ​ដឹកជញ្ជូន និង ឡូ​ជី​ស្ទីក​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ និង ឆ្លើយតប​បាន​កាន់តែ​ពេញលេញ​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ​ជាតិ​។ យោងតាម «​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ និង ភស្តុភារ​កម្ម​កម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍ​មូលដ្ឋាន​ឡូ​ជី​ស្ទីក​សំខាន់ៗ​ចំនួន ១១ កន្លែង​នៅ​ទូទាំង​ប្រទេស​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​ណែនាំ​ឱ្យ​ពង្រឹង​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គន្លឹះៗ​, ទាំង ផ្លូវគោក​, ផ្លូវដែក​, ផ្លូវទឹក​, កំពង់ផែ និង ផ្លូវអាកាស ជាពិសេស​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ខ្សែ​ផ្លូវ​រថភ្លើង​ដែល​មាន​ស្រាប់ (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​) និង​ខ្សែ​ផ្លូវ​រថភ្លើង​ថ្មី (​ប៉ោយ​ប៉ែត​-​សៀមរាប​-​ភ្នំពេញ​),  ​ការគិតគូរ​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​បន្ថែម​, គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​នឹង​ត​ភ្ជាប់​ដៃ​ទន្លេមេគង្គ​/​ទន្លេសាប និង​ផ្លូវ​សមុទ្រ​, ការរៀបចំ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ និង​ការកសាង​ផែនការមេ​សម្រាប់​ផែ​សមុទ្រ ដើម្បី​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​ភស្តុភា​កម្ម​តំបន់​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​បាន​ណែនាំ​ឱ្យ​រៀបចំ​គោលនយោបាយ និង​ស្តង់ដា​រួមមួយ ក្នុង​ការអនុញ្ញាត​ទម្ងន់​របស់​រថយន្ត​ដឹកជញ្ជូន ដើម្បី​សម្រួល​ដល់​អ្នក​ដឹកជញ្ជូន​កសិផល ប៉ុន្តែ​ត្រូវ​ធានា​នូវ​គុណភាព​ផ្លូវ​កុំឱ្យ​ខូច​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា ច្បាប់​ធ្វើ​ឡើង​មិនមែន​ដើម្បី​កៀបក ប្រជាជន​ទេ ប៉ុន្តែ​សម្រាប់​រក្សា​តុល្យភាព​ឈ្នះ​-​ឈ្នះ ដោយ​ច្បាប់​ថ្មី​បាន​តម្លើង​កម្រិត​ដឹកទំនិញ​ពី ៤០ តោន ទៅដល់ ៥០ តោន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​។ ជាមួយគ្នានេះ​, សម្ដេច​បាន​ណែនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពង្រឹង​ប្រសិទ្ធភាព និង​តម្លាភាព​របស់​ស្ថានីយ​ជញ្ជីង ដើម្បី​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សំដៅ​ធានា​នូវ​ការប្រកួតប្រជែង​ស្មើភាព​គ្នា​។

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកធ្វើ​ដំណើរ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ និង​រួម​គ្នា​ថែរក្សា​ទ្រព្យសម្បត្តិ​ជាតិ តាមរយៈ​ការ​បើកបរ​ក្នុង​ល្បឿន​កំណត់ ប្រកប​ដោយ​ការប្រុងប្រយ័ត្ន និង​ចៀសវាង​ការ​ផ្ទុក​លើស​ទម្ងន់ ដើម្បី​ថែរក្សា​នូវ​សមិទ្ធផល​រួម​នេះ ឱ្យបាន​យូរអង្វែង សម្រាប់​ជា​គុណប្រយោជន៍​ដល់​ប្រជាជន និង​សេដ្ឋកិច្ច​មូលដ្ឋាន​៕

 

Leave a Reply

Your email address will not be published. Required fields are marked *