សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ក្រចេះ

​ខេត្ត​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៧​រោច ខែ​បឋមាសាឍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ ត្រូវ​នឹង ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ក្រចេះ ចំនួន​១,០២៦​នាក់ ជា​បន្ត​ទៀត ដែល​ពិធី​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ទី​រួម​ខេត្ត​ក្រចេះ​។

​នេះ​ជា​បេសកកម្ម​លើក​ទី​១៦ និង​ចំនួន​១៩ ខេត្ត ក្រុង​ហើយ របស់​សម្ដេច​តេជោ ក្នុង​ការចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្រសួង​ស្ថាប័ន​នានា​តាម​បណ្ដា​រាជធានី​ខេត្ត ដោយ​ផ្ដើមឡើង​ពី​ខេត្ត​កំពង់ចាម​,​ត្បូងឃ្មុំ​,​កំពង់ស្ពឺ​,​តាកែវ​,​កំពត​,​កែប​,​ស្វាយរៀង​,​ព្រៃវែង​,​ភ្នំពេញ​,​កំពង់ឆ្នាំង​, ពោធិ៍សាត់ ,​កំពង់ធំ​, កណ្ដាល​, សៀមរាប​, ឧត្តរមានជ័យ​, បន្ទាយមានជ័យ​, បាត់ដំបង​, ប៉ៃលិន និង​ខេត្ត​ក្រចេះ នា​ថ្ងៃនេះ​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បានឱ្យដឹងថា ខេត្ត​ក្រចេះ គឺ​ស្ថិតនៅ​តំបន់​ខ្ពង់រាប​ប៉ែក​ឦសាន មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​៣៤០​គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ​៧ កាត់​តាម​ស្រុក​ស្នួល ចម្ងាយ ២៥០​គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ​៧៣ កាត់​តាម​ស្រុក​ឆ្លូង និង​ចម្ងាយ ២២០​គីឡូម៉ែត្រ តាម​ផ្លូវទឹក​ទន្លេមេគង្គ​។ ក្រចេះ​មាន​ព្រំប្រទល់​ខាងត្បូង​ជាប់​ខេត្ត​ត្បូងឃ្មុំ ខាងជើង​ជាប់​ខេត្ត​ស្ទឹងត្រែង ខាងកើត​ជាប់​ខេត្ត​មណ្ឌល​គី​រី និង​ប្រទេស​វៀតណាម ខាងលិច​ជាប់​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ​។​
​ខេត្តក្រចេះ​មាន​ការដាំដុះ​ដំណាំ​កសិកម្ម កសិឧស្សាហកម្ម និង​មាន​តំបន់​ធម្មជាតិ​បង្កើតបាន​ជា​រមណីយដ្ឋាន​ទេសចរណ៍​ទៀតផង​។ ទាក់ទង​ទៅនឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​វិញ នៅ​ឆ្នាំ​នេះ ប្រជាជន​ខេត្ត​ក្រចេះ​អបអរសាទរ​ចំពោះ​សមិទ្ធផល​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ គឺ​ស្ពាន​មិត្តភាព កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ដែល​ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ និង​បន្ត​មក​ដល់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​នាពេល​បច្ចុប្បន្ន​នេះ រួម​ទាំង​ផ្លូវ​ត​ភ្ជាប់​សម្រាប់​បម្រើ​វិស័យ​ដឹកជញ្ជូន និង​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ក្រចេះ និង​ឆ្ពោះទៅកាន់​ខេត្ត​ផ្សេងៗ​ទៀត​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​សម្តេច​តេជោ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព​ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត​ក្រចេះ​នា​ថ្ងៃ​នេះ​សាជាថ្មី​។ សម្តេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ក្រុម​ការងារ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដែល​បាន​ខិតខំ​ក្នុង​កិច្ច​ការងារ​កន្លងមក​។
​សម្តេច​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​។

​សម្តេច​តេជោក៏បាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​គ្រួសារ​របស់​កងទ័ព​កំពុង​ឈរជើង​ការពារ​ទឹកដី គ្រួសារ​យុទ្ធជន​ពលី ព្រមទាំង​អតីតយុទ្ធជន​។ សម្តេច​បាន​លើក​បង្ហាញ​ពី​វីរភាព និង​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ​របស់​វីរ​កងទ័ព ដែល​បាន​យក​ជីវិត​មក​ការពារ​ជាតិ​មាតុភូមិ​។ ដូច្នេះ​ត្រូវ​តបស្នង​សងគុណ​ដល់​ពួកគាត់​តាមរយៈ​យកចិត្តទុកដាក់​លើ​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់ កុំឱ្យ​ពួកគេ​មាន​ការព្រួយបារម្ភ​ចំពោះ​គ្រួសារ​។

​មានប្រសាសន៍​ពី​ទឹកដី​នៃ​ខេត្ត​ក្រចេះ ក្នុង​ពិធី​សំណេះសំណាល​នេះ​ផងដែរ សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា ចំពោះ​គ្រូបង្រៀន និង​មន្ត្រី​អប់រំ​ដែល​ចូលនិវត្តន៍ គឺ​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សមាគម​អតីតយុទ្ធជន និង​និវត្តជន​នោះទេ ព្រោះ​គ្រូបង្រៀន​ក៏​មាន​សមាគម​គ្រូបង្រៀន​ដែរ​។ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បន្ត​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​និវត្តន៍​ជន ពីព្រោះ​ពួកគាត់​ជា​អ្នក​ដែល​ធ្លាប់បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ដល់​ពួកគាត់ តាមរយៈ​ការ​ចុះសួរសុខទុក្ខ និង​ការរៀបចំ​កម្មវិធី​ផ្សេង​សម្រាប់​ពួកគាត់​ដើម្បី​កុំឱ្យ​ពួកគាត់​មាន​ភាព​ឯកោ​។​

​សម្ដេច​បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។​

​សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឱ្យ​ពង្រឹង​កិច្ចការពារ អភិរក្ស និង​ទប់ស្កាត់​រាល់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នានា ពិសេស​តំបន់​ការពារ​ព្រៃ​ឡ​ង់ ក្នុង​ខេត្ត​ទាំង​៤ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ព្រះវិហារ និង​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​។ សម្តេច​ក៏​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​បច្ចេកវិទ្យា​។ សម្ដេច​តេ​ជោបាន​ក្រើនរំលឹ​ក​ដល់​មន្ត្រី​ទាំងអស់ ជៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន និង​ត្រូវ​ធ្វើ​ជា​មន្ត្រី​ជើង​ពីរ មិន​ត្រូវ​ធ្វើ​ជា​មន្ត្រី​ជើង​ដប់​នោះទេ​។

​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ក្រចេះ ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​នេះ​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​៕

Leave a Reply

Your email address will not be published. Required fields are marked *