សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង ៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​បឋមាសាឍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ស្ទឹងត្រែង ចំនួន​៦១០​នាក់ ជា​បន្ត​ទៀត ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​។

​នេះ​ជា​បេសកកម្ម​លើក​ទី​១៩ និង​ចំនួន​២២ ខេត្ត ក្រុង​ហើយ របស់​សម្ដេច​តេជោ ក្នុង​ការចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្រសួង​ស្ថាប័ន​នានា​តាម​បណ្ដា​រាជធានី​ខេត្ត ដោយ​ផ្ដើមឡើង​ពី​ខេត្ត​កំពង់ចាម​,​ត្បូងឃ្មុំ​,​កំពង់ស្ពឺ​,​តាកែវ​,​កំពត​,​កែប​,​ស្វាយរៀង​,​ព្រៃវែង​,​ភ្នំពេញ​,​កំពង់ឆ្នាំង​, ពោធិ៍សាត់ ,​កំពង់ធំ​, កណ្ដាល ,​សៀមរាប ,​ឧត្តរមានជ័យ​,​បន្ទាយមានជ័យ ,​បាត់ដំបង ,​ប៉ៃលិន ,​ខេត្ត​ក្រចេះ ,​មណ្ឌលគិរី ,​រតនគិរី និង​ស្ទឹងត្រែង នា​ថ្ងៃនេះ​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម សរ សុ​ពុត្រា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង បានឱ្យដឹងថា ខេត្ត​ស្ទឹងត្រែង ជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មាន​ព្រំប្រទល់​ខាងជើង​ជាប់​ខេត្ត​ពីរ​នៃ​ប្រទេស​ឡាវ គឺ​ខេត្ត​ចំប៉ា​សាក់ និង​ខេត្ត​អត្ត​ពឺ មាន​បណ្តោយ​ព្រំដែន​ប្រមាណ ២៥៥​គីឡូម៉ែត្រ ខាងត្បូង​ជាប់​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ខាងកើត​ជាប់​ខេត្ត​រតនគិរី និង​ខាងលិច​ជាប់​ខេត្តព្រះវិហារ និង​ខេត្ត​កំពង់ធំ​។ ខេត្ត​ស្ទឹងត្រែង ក្រៅ​ពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ជាពិសេស​ស្ពាន​ឆ្លងកាត់​ទន្លេ​សេកុង និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ រួម​ទាំង​ផ្លូវ​ត​ភ្ជាប់​។
​ខេត្ត​ក៏​បាន​រៀបចំ​កែលម្អ​សោភ័ណភាព និង​កសាង​សមិទ្ធផល​សំខាន់ៗ​ក្នុង​ខេត្ត​ជាច្រើន​ទៀត ជាពិសេស​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​សម្តេច​តេជោ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព​ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត​ស្ទឹងត្រែង​សាជាថ្មី​។ សម្តេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ក្រុម​ការងារ​មូលដ្ឋាន​ខេត្ត ដែល​បាន​ខិតខំ​ក្នុង​កិច្ច​ការងារ​កន្លងមក​។

​នៅថ្ងៃនេះ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ពី​ការដាក់ចេញ​គោលដៅ​សំខាន់ៗ​ពីរ​ក្នុង​ការអភិវឌ្ឍ​តំបន់​ព្រំដែន​នា​ពេល​កន្លងទៅ​នេះ ដែល​ទី​១) ការអភិវឌ្ឍ​តំបន់​ព្រំដែន​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ និង​ទី​២) ការ​ប្រែក្លាយ​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​ឱ្យ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​សម្តេច​បាន​មានប្រសាសន៍ថា ខេត្ត​ស្ទឹងត្រែង​មាន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ នោះ​គឺ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ជា​វា​រី​អគ្គីសនី​ដែល​មាន​អនុភាព​ជាង​៤០០​មេហ្គា​វាត់ ដែល​ជា​ប្រភេទ​ឧស្សាហកម្ម​ធុន​ធ្ងន់ ដែល​បាន​ផ្គត់ផ្គង់​អគ្គិសនី​តាម​បណ្ដា​ខេត្ត​ជាច្រើន​។ សម្តេច​តេ​ជោបាន​រំលឹកថា ពី​អតីតកាល គ្មាន​នរណា​នឹកគិត​ថា ខេត្ត​ស្ទឹងត្រែង​មាន​ស្ពាន​ឆ្លងកាត់​ទន្លេ​សេកុង និង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ក្នុង​ខេត្ត​ស្ទឹងត្រែង​នោះទេ​។ បច្ចុប្បន្ន​មាន​ទាំង​ស្ពាន មាន​ទាំង​ផ្លូវ​ត​ភ្ជាប់ ទៅកាន់​ខេត្ត​រតនគីរី និង​ខេត្ត​ព្រះវិហារ ដែល​ធ្វើឱ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​ទំនិញ​កសិផល​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ កាន់តែ​មាន​ភាពងាយស្រួល​។

​សម្តេច​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​។ សម្តេច​ក៏​បាន​ជំរុញ និង​គាំទ្រ​ចំពោះ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធដារ និង​ពន្ធគយ រួម​ទាំង​វិធានការ​តឹងរ៉ឹង​ក្នុង​ការទប់ស្កាត់​អំពើ​រត់គេច​ពន្ធ ឬ​ការរកស៊ី​មិន​បង់ពន្ធ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​។
​សម្តេច​ក៏​បាន​រំឭក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​បច្ចេកវិទ្យា​។ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បន្ត​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​និវត្តជន ពីព្រោះ​ពួកគាត់​ជា​អ្នក​ដែល​ធ្លាប់បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ដល់​ពួក​គាត់​តាមរយៈ​ការ​ចុះសួរសុខទុក្ខ និង​ការរៀបចំ​កម្មវិធី​ផ្សេង​សម្រាប់​ពួកគាត់​ដើម្បី​កុំឱ្យ​ពួកគាត់​មាន​ភាព​ឯកោ​។ សម្ដេច​ក៏​បាន​ក្រើនរំលឹក និង​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​យុទ្ធជន​ពលី យុទ្ធជន​ពិការ និង​ក្រុមគ្រួសារ ដោយ​សម្ដេច​បាន​បញ្ជាក់​ថា ការគ្រប់គ្រង និង​ជួយ​មើលថែ​បងប្អូន​អតីតយុទ្ធជន​ត្រូវ​មើល​ឱ្យ​ជ្រៅ ដោយ​ត្រូវ​ជំរុញ​កូនចៅ​របស់​ពួកគេ​ឱ្យ​ទទួលបាន​ការអប់រំ​ខ្ពស់​ក្លាយ​ជា​បញ្ញវន្ត ដើម្បី​តបស្នង​នូវ​គុណបំណាច់​ដ៏​ធំធេង​របស់​ពួកគេ​ចំពោះ​ជាតិ​មាតុភូមិ​។

​សម្ដេច​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។​
​សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឱ្យ​ពង្រឹង​កិច្ចការពារ អភិរក្ស​ធនធានធម្មជាតិ ជា​ពិសេស​ខេត្ត​ស្ទឹងត្រែង​ត្រូវ​សហការ​ជាមួយ​ខេត្ត​ក្រចេះ ក្នុង​ការរក្សា​ធនធាន​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ខិតខំ​រក​មុខរបរ​ឲ្យ​ប្រជា​នេសាទ ជំនួស​ឲ្យ​មុខរបរ​នេសាទ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ធនធានធម្មជាតិ​ដែល​ត្រូវ​អភិរក្ស​។

​សម្ដេច​តេ​ជោបាន​ក្រើនរំលឹ​ក​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​មូលដ្ឋាន មិន​ត្រូវ​ឱ្យមាន​ភាព​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​ប្រជាពលរដ្ឋ និង​ត្រូវ​ចាំ​ថា មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ​។ សម្ដេច​តេជោក៏បាន​បន្តឲ្យអាជ្ញា​ធរ​ខេត្ត​ស្ទឹងត្រែង ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ដែល​ជាប់​នឹង​ព្រំដែន​កម្ពុជា ធ្វើឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ នៅតែ​ជា​ព្រំដែន​សន្តិភាព និង​សហប្រតិបត្តិការ ជាពិសេស​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ល្អប្រសើរ​។

​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ស្ទឹងត្រែង ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​នេះ​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​៕

Leave a Reply

Your email address will not be published. Required fields are marked *