ផ្ទះ​ទេវតា​ទី​៣៣៦ មួយ​ខ្នង​ទៀត​ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ​ភ្លើង​សូ​ឡា ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ត្រូវបាន​លោក​ជំទាវ ហ៊ុន ម៉ា​ណា ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក នៅ​ខេត្ត​តាកែវ​

ខេត្តតាកែវ ៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា វិទ្យុ​-​ទូរទស្សន៍​បាយ័ន បាន​អញ្ជើញ​ប្រគល់​អំណោយ​ផ្ទះ​ទេវតា​១​ខ្នង​ទៀត ជូន​ ​លោក ជឹម សុជាតិ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ លោក​ជា​បុរស​ពោះម៉ាយ​ដោយ​ប្រពន្ធ​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំមុន ដោយ បន្សល់ទុក​នូវ​កូនកំព្រា​តូចៗ​ចំនួន​៦​នាក់ (​ប្រុស​២, ស្រី​៤, កូនច្បង​បាន​បួស​ជា​ព្រះសង្ឃ​)​។

​សូម​រម្លឹកថា កាលពី​ឆ្នាំមុន ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ទៅ​ស៊ីឈ្នួល​បេះ​ផ្លែស្វាយ​ឱ្យគេ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ ដោយ​បុក​គោ​ហើយ​ដួល​ម៉ូតូ ស្របពេល​ដែល​មាន​ទ្បាន​មួយ​គ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវ ដូច​គ្នា​ក៏​បាន​កិន​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ភ្លាមៗ​។ ចំណែក​បុរស​ជា​ប្តី​បាន​បាក់ឆ្អឹង​ស្មា តែ​បាន​រួចផុត​ពី​សេចក្តីស្លាប់​។ សព្វ​ថ្ងៃ​គាត់​មិន​មាន​ផ្ទះ​នៅ​ទេ ផ្ទះ​ដែល​រស់នៅ​សព្វថ្ងៃ​ជា​ផ្ទះ​របស់​បងប្អូន​ឱ្យ​នៅ​បណ្ដោះអាសន្ន និង​គ្មាន​ទ្រព្យសម្បត្តិ​អ្វី​ជា​ទីពឹង​នោះឡើយ​។

​ក្នុងឱកាស​នោះ លោកជំទាវ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចំពោះ​លោកយាយ​លោកតា​ដែល​បាន​ចូលរួម​ទាំងអស់​នៅថ្ងៃនេះ ដែល​ជា​និច្ចកាល​លោក​ទាំង​៤ តែងតែ​គិតគូរ​ពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​។ បន្ថែម​លើ​អំណោយ​ផ្ទះ​ខាងលើ លោកជំទាវ ក៏បាន​ផ្តល់​នូវ​ប្រព័ន្ធ​ភ្លើង​សូ​ឡា​នៅមុខ​ផ្ទះ និង​ក្នុង​ផ្ទះ​ជូន​ដល់​ម្ចាស់ផ្ទះ​ទៀតផង​។

លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បន្ថែម​មួយចំនួន​ទៀត​ផង​ដែរ រួមមាន ៖ អង្ករ​១០០​គីឡូក្រាម​, ត្រីខ​១​កេស​, មី​ចំនួន​៥​កេស​, ទឹកដោះគោ​ខាប់ ១​កេស​, ពូក​១, ប្រេងកូឡា​១​ប្រអប់​ធំ​, ប្រេងខ្យល់​១​ប្រអប់​ធំ ,​ចានដែក​១, ឆ្នាំង​តូច​១, ឆ្នាំង​ធំ​១, ខ្ទះ​ឆា​១, វែក​ឆា​១, វែក​បាយ​១, វែក​សម្ល​១, ស្លាបព្រា និង​សម​១​ឡូ​, កំសៀវ​១, ចានបាយ​ចំនួន​៥, ចាន​សម្ល​ចំនួន​៥, តែ ១ គីឡូក្រាម​,​ខ្នើយ​ចំនួន​២,​មុង​ចំនួន​២,​ភួយ​ចំនួន​២,​កន្ទេល​ចំនួន​២,​ស្ករស​ចំនួន​៥​គីឡូក្រាម​ទឹកស៊ីអ៊ីវ​ចំនួន​៣​យួរ​,​វិទ្យុ FM១​គ្រឿង​, ថ្ម​ដាក់​វិទ្យុ​ចំនួន​២ ស្បែកជើង​ចំនួន​២​គូ​,​ថ្នាំ​និង​ច្រាស​ដុសធ្មេញ​ចំនួន​៥​ឈុត​,​សាប៊ូដុំ​ចំនួន​១២​ដុំ​តូច​,​ថ្នាំពេទ្យ​ចំនួន​៥​ប្រអប់​តូច​,​ខោអាវ​ចំនួន​២​កំប្លេរ និង​ថវិកា​ចំនួន ១​លាន​រៀល ព្រមទាំង​អំណោយ​របស់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ឃី​ត (​កញ្ចប់ៗ​) មាន​ជា​សម្ភារៈ​ប្រើប្រាស់ សំលៀក​បំពាក់ និង​ថវិកា ចែក​ជូន​លោកយាយ លោកតា​ដែល​បាន​ចូលរួម​នា​ឱកាស​នោះ និង​ចែក​រទេះរុញ​សម្រាប់​ពលរដ្ឋ​ពិការ​ម្នាក់​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *