សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អឹ​អិ​ណុ អា​ហ្សឹ​ហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អឹ​អិ​ណុ អា​ហ្សឹ​ហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តីរីករាយ​ក្នុង​ការជួប​ឯកឧត្ត​ម​ជា​ថ្មី ជា​ពិសេស​បាន​ជួប​ជជែក​ជាមួយ​ឯកឧត្តម​មុន នឹង​ឯកឧត្តម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​។ សម្ដេច​សង្ឃឹមថា ទោះបីជា​ពេលនេះ​ឯកឧត្តម​បាន​ផុត​អាណត្តិ​ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ឯកឧត្តម​នឹង​នឹកឃើញ​នូវ​អនុស្សាវរីយ៍ ដែល​ឯកឧត្តម​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​ពូន​ជ្រុំ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ជប៉ុន​ឲ្យ​កាន់តែ​រីកចម្រើន ហើយ​មកដល់ពេលនេះ​ប្រទេស​ទាំង​ពីរ​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា ដែល​មាន​ការរីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​គឺ​វឌ្ឍនភាព នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​នៅក្នុង​វិស័យ​សន្តិសុខ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន គឺ​មាន​ភាព​ផុសផុល និង​រីកចម្រើន​ជា​លំដាប់ ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ជប៉ុន កាន់តែ​រឹងមាំ​បន្តទៀត​។​

​ឯកឧត្តម​ពិត​ជា​កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ឯកឧត្តម​បាន​លើកឡើង​ថា មិនមែន​ត្រឹមតែ​ឯកឧត្តម​បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​ទេ ប៉ុន្តែ​ឯកឧត្តម​បាន​អញ្ជើញ​មកដល់​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១​មកម្ល៉េះ ហើយ​បាន​ឃើញ​អំពី​ភាព​រីកចម្រើន​របស់​កម្ពុជា​ដែល​ឯកឧត្តម​បានប​ញ្ជាក់​ថា​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​មិន​នឹកស្មានថា កម្ពុជា​អាច​ដើរមក​ដល់​ពេល​នេះ​បានទេ​។​

​សម្ដេច​តេជោ​បានសម្ដែង​ការពេញចិត្ត​ចំពោះ​ការ​លើកឡើងរប​ស់​ឯកឧត្តម​អគ្គរាជទូ​តរបស់​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា និង​ជប៉ុន​។ សម្ដេច​បាន​អរគុណ​ជា​ចំពោះ​ឯកឧត្តម​ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​លើកស្ទួយ​នូវ​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​ជប៉ុន​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​សម្ដេច​បាន​អរគុណ​ចំពោះ​ជប៉ុន​ដែល​តែងតែ​គាំទ្រ និង​ជួយ​ដល់​កម្ពុជា​នៅ​ពេល​កន្លងមក ទាំង​នៅក្នុង​ក្របខណ្ឌ​នៃ​ការស្វែងរក​នូវ​ចូលរួម​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា ជា​ផ្នែក​នៃ​ការ​រក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ការចូលរួមចំណែក​ក្នុង​ការដោះស្រាយ​ការដោះមីន នៅក្នុង​កម្ពុជា ហើយ​ជាពិសេស​នោះ គឺ​ការគាំទ្រ​របស់​ជប៉ុន គឺ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ដែល​មិន​អាច​កាត់ផ្ដាច់​នូវ​តួនាទី​របស់​ជប៉ុន​នោះ​បាន​នោះ​ទេ ដូចជា​ការកសាង​ផ្លូវ ស្ពាន និង​កំពង់ផែ​ជាដើម ដែល​ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​នៅក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​។​

​ជា​ចុងក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរឲ្យ​ឯកឧត្តម​អគ្គរាជទូត​ជប៉ុន ទទួលបាន​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *